ភ្នំពេញ៖ ថ្ងៃពុធនេះ គឺជាថ្ងៃទីបីហើយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មករ កម្មការិនី បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីរាជការនៅបន្តធ្វើការងារជាធម្មតាតាមការតម្រូវរបស់រដ្ឋាភិបាលកម្ពុជា។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានលើកឡើងថា ការបន្តធ្វើការរបស់កម្មករ កម្មការិនីនេះ គឺពួកគេចំណេញជាងចៅកែរោងចក្រ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMAC បានបញ្ជាក់ថា ការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺមានរយៈពេល៤ថ្ងៃ។ ដូច្នេះហើយ កម្មករ កម្មការិនីធ្វើការតែ៤ថ្ងៃទេ ប៉ុន្តែចៅកែរោងចក្រត្រូវសងថ្ងៃសម្រាកដល់ពួកគេវិញចំនួន៥ថ្ងៃ។ បើតាមលោកកាំង ម៉ូនីកា គឺកម្មករ កម្មការិនីចំណែញថ្ងៃឈប់សម្រាកចំនួន១ថ្ងៃ ចំណែក រោងចក្រវិញ គឺខាតផលិតភាពការងារមួយថ្ងៃដែរ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យមានការប្រារព្ធបុណ្យចូលឆ្នាំថ្មីឡើយ ហើយតម្រូវឱ្យបុគ្គលិក កម្មករ កម្មការិនី និង មន្ត្រីរាជការទាំងអស់ធ្វើការងារដូចធម្មតា។ ប៉ុន្តែបានសម្រូវឱ្យមានសងថ្ងៃឈប់សម្រាកវិញនៅពេលក្រោយរយៈពេល៥ថ្ងៃ។ ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីទប់ស្តាត់ការចម្លងកូវីដ-១៩ផងដែរ៕