ភ្នំពេញ៖ លោក ព្រំ រស់ ជាអ្នកបររទេះសេះដឹកភ្ញៀវទេសចរកម្សាន្តនៅលើទឹកដីកោះដាច់ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នៅក្នុងវិបត្តិកូវីដ-១៩ មិនខុសគ្នាទៅនឹងមុខរបរផ្សេងទៀតដែរ ពលរដ្ឋប្រកបរបរជាអ្នកបររទេះសេះបានបាត់បងចំណូល ហើយអ្នកខ្លះបានសម្រេចចិត្តលក់រទេះសេះ និងសេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ ខណៈលោក ព្រំ រស់ បានប្តេជ្ញាចិត្តថា ទោះបីលោកអត់ឃ្លានយ៉ាងណា ក៏លោកមិនលក់រទេះនិងសេះទេ ព្រោះវាជាកេរដំណែលពីដូនតាដែលបន្សល់ទុកដល់រូបលោក។
លោក ព្រំ រស់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានចាប់ផ្តើមរបរជាអ្នកបររទេះសេះដឹកភ្ញៀវទេសចរនេះ តាំងពីលោកមានវ័យក្មេងមកម្ល៉េះ ហើយបច្ចុប្បន្នលោកមានអាយុ២៤ឆ្នាំ។ កាលពីមិនទាន់ផ្ទុះកូវីដ-១៩ រទេះសេះនេះហើយដែលបានជួយសម្រួលដល់ជីវភាពរបស់លោក តាមរយៈការដឹកភ្ញៀវទេសចរដើរកម្សាន្តរនៅតាមមណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅលើទឹកដីកោះដាច់ ដោយក្នុងមួយថ្ងៃលោករកចំណូលបាន៣-៤ម៉ឺនរៀល។
លោក ព្រំ រស់ បានបន្តថា បន្ទាប់ពីមានកូវីដ-១៩មក ចំណូលរបស់លោកត្រូវបានបាត់បង់ ខណៈពលរដ្ឋខ្លះដែលប្រកបរបរនេះបានសម្រេចចិត្តលក់រទេះសេះ និងសេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ប៉ុន្តែសម្រាប់លោក ព្រំ រស់ បានប្តេជ្ញាចិត្តថា ទោះបីលោកអត់ឃ្លានយ៉ាងណា ក៏លោកមិនលក់រទេះនិងសេះនេះដែរ ព្រោះវាជាកេរដំណែលពីដូនតាដែលបន្សល់ទុកដល់រូបលោកដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយម៉្យាងទៀតហើយលោកពិតជាស្រឡាញ់សេះរបស់លោកណាស់ លោកមិនដាច់ចិត្តលក់ទេ ទោះបីជាមានកង្វះខាតក៏ដោយ។
លោក ព្រំ រស់ បានជជែកជាមួយក្រុមការងារស៊ីស៊ីថាមស៍ ក្នុងពេលដែលលោកកំពុងយកសេះឲ្យស៊ីស្មៅនៅលើក្បាលកោះ លោកបាននិយាយថារាល់ថ្ងៃនេះ សេះនៅលើភូមិកោះដាច់មានសល់តែ៣-៤រទេះទេ ដោយកាលពីមុនមានច្រើន។ លោកបន្តថា កន្លងទៅមានជនជាតិចិនបានទៅជួលសេះរបស់លោក ដើម្បីជិះកម្សាន្តម្តងម្កាលដែរ។ ទន្ទឹមនេះ លោក ព្រំ រស់ ក៏បានអំពាវនាវដល់សប្បុរសជន ក៏ដូចជាភ្ញៀវទេសចរដែលចង់ជួលរទេះសេះអាចទាក់ទងតាមរយៈលេខទូរសព្ទ ០៨៦ ៦៧ ០២ ៤០៕