ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសថា គ្រប់សហគ្រាស គ្រឹះស្ថាន និងនិយោជិតទាំងអស់មិនត្រូវបានអនុញ្ញាតអោយឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំទាំង៤ថ្ងៃនោះទេ។ តែក្រសួងនិងសងការឈប់សម្រាកចំនួន៥ថ្ងៃ ក្នុងពេលវេលាសមស្របណាមួយក្រោយចប់ចូលឆ្នាំប្រពៃណីជាតិ។
យោងតាមច្បាប់ការងារលេខ៣៩៩/១៩ ចុះថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៩ ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមអោយគ្រឹះស្ថាន សហគ្រាស និងនិយោជិតទាំងអស់ ជ្រាបថាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃ១៦ មេសាខាងមុខនេះត្រូវបានលើកពេលនៃការឈប់សម្រាកចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដោយគោរពតាមការកំណត់របស់រាជរដ្ឋាភិបាល ក្រសួងនឹងសម្រេចសងការឈប់សម្រាកចំនួន៥ថ្ងៃ ជូនដល់ម្ចាស់ ឬសហគ្រាស គ្រឹះស្ថាន និងនិយោជិតទាំងអស់ក្នុងពេលសមស្របណាមួយ ដូច្នេះក្រសួងសង្ឃឹមថាបងប្អូននិយោជិតនឹងចូលរួមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព៕