Cctimesw1140xh150cm copy

អ្នកសេដ្ឋកិច្ច៖កំណើនសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះមកត្រឹម៤ភាគរយក្នុងឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះអាចធ្លាក់ចុះមកត្រឹម ៣ ទៅ ៤ភាគរយប៉ុណ្ណោះ ខណៈធនាគារពិភពលោកបានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា នឹងថយល្បឿនមកនៅត្រឹម២,៥ភាគរយ ពិសេសវិស័យឧស្សាហកម្ម និង ទេសចរណ៍ ដោយសារបញ្ហាការរីករាលដាល កូវីដ១៩។

លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច មានប្រសាសន៍ថា នៅក្នុងករណីនៃជំងឺឆ្លងកូវីដ១៩ នៅតែពន្យារហូតដល់ខែសីហា ប្រសិនបើយើងពិនិត្យមើលរយៈពេលនៃការនាំចេញទៅទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក គឺច្រើនបំផុតក្នុងខែសីហា អាមេរិក និងអឺរ៉ុបមានការធូស្រាលនៅក្នុងខែឧសភា សេដ្ឋកិច្ចកម្ពុជាអាចកើនដល់៥% ប៉ុន្តែប្រសិនបើស្ថានភាពនៅតែពន្យាដល់ខែសីហា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះសល់៣ ទៅ ៤%។

លោក បន្តថា ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតគឺវិស័យទេសចរណ៍ ដោយសារទេសចរណ៍បច្ចុប្បន្ន មិនស្នើ១០% នូវចំនួនទេសចរដែលធ្លាប់មានក្នុងឆ្នាំ២០១៧ និង ឆ្នាំ២០១៨។ ទី២ វិស័យផលិតកម្មក្នុងការនាំចេញដូចជា សម្លៀកបំពាក់ ស្បែក កង់ មួក កាតាប ដែលយើងផលិតហើយសម្រាប់នាំចេញគឺប៉ះពាល់ធ្ងន់ ខណៈអាមេរិក អឺរ៉ុប កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសទាំងនោះចេញសារាចរណ៍ ប៉ះពាល់ដល់វិស័យដឹកជញ្ជូន។

ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមិនធ្លាក់ចុះទេ គ្រាន់តែកំណើនសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះមកត្រឹន ៣ ទៅ ៤ ភាគរយ។សម្រាប់លោកបណ្ឌិត ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរជំរុញលើកកម្ពស់ផលិតកម្មក្នុងស្រុកឲ្យមានការប្រកួតប្រជែងស្មើគ្នា និង រចនាសម្ព័ន្ធក្នុងការចូលរួមផលិតកម្មក្នុងស្រុក។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលគួរលើកស្ទួយគឺ វិស័យកសិកម្ម កសិឧស្សាហកម្ម ដោយសារវិស័យកសិកម្មដែលជាវិស័យ មួយ ផ្ដល់នូវកម្លាំងជំរុញ ហើយទប់ស្កាត់ជំងឺកូវីដរីករាលដាលដល់កសិករ អ្នកផលិតអាហារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

ធនាគារពិភពលោក បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកក្នុងត្រីមាសទី១នៃឆ្នាំ២០២០ ដោយធ្វើឲ្យសកម្មភាពឧស្សាហកម្មទេសចរណ៍ និង សំណង់ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។របាយការណ៍នេះ បញ្ជាក់ទៀតថា បើយោងតាមសេណារីយោបន្ទាត់គោលកំណើនក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ទុកថានឹងថយល្បឿនមកនៅត្រឹម២,៥ភាគរយ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មីឬកូវីដ១៩។

តែយ៉ាងណាសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ឲ្យភាគីពាក់ព័ន្ធត្រៀមទុកវិធានការសេដ្ឋកិច្ច ដែលជាផលប៉ះពាល់ជាសកលដោយសារជំងឺកូវីដ១៩ អាចអូសបន្លាយរយៈពេលយូ គឺត្រូវពង្រឹងវិស័យសេដ្ឋកិច្ច ដែលជាចំណុចខ្លាំងរបស់កម្ពុជា ពិសេសការត្រៀមទំនិញស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជាដូចជា អង្ករ អំបិលជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង