ភ្នំពេញ៖ បច្ចុប្បន្នព័ត៌មានក្លែងក្លាយហាក់កំពុងតែវាយលុកនៅបណ្ដាញសង្គមក្នុងប្រទេសកម្ពុជាដែលបណ្ដាលឲ្យភាន់ច្រឡំ និងជ្រួលច្របល់ក្នុងសង្គម។ទំនងជាមើលឃើញយ៉ាងដូច្នេះ ទើបពេលថ្មីក្រសួងព័ត៌មានកម្ពុជា បានប្រកាសរៀបចំសិក្ខាសាលាមួយស្ដីអំពី«ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រុមសីលធម៌» គឺដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មានទាំងអស់ឲ្យយល់ច្បាស់ពីវិជ្ជាជីវៈ និងក្រុមសីលធម៌សារព័ត៌មាន។អ្នកជំនាញមួយចំនួនយល់ថា ការពង្រឹងគុណភាពព័ត៌មាន គឺជាឱសថដែលអាចលុបបំបាត់ព័ត៌មានក្លែងក្លាយ។
ព័ត៌មានក្លែងក្លាយ គឺជាពាក្យចចាមអារាមមួយប្រភេទ ឬព័ត៌មានប្រឌិត ដែលត្រូវបានបង្កើតឡើងដោជនណាម្នាក់ ឬក្រុមណាមួយ ក្នុងគោលដៅបង្កាច់បង្ខូច បង្កើតជាការភាន់ច្រឡំ និងភាពជ្រួលច្របល់។ ព័ត៌មានក្លែងក្លាយពេលខ្លះក៏ត្រូវបានប្រឌិតឡើងផងដែរ ដើម្បីទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬកេញចំណេញផ្នែកនយោបាយ។
នៅកម្ពុជាបច្ចុប្បន្ន ព័ត៌មានក្លែងក្លាយហាក់កំពុងតែវាយលុកនៅបណ្ដាញសង្គមដែលបណ្ដាលឲ្យភាន់ច្រឡំ និងជ្រួលច្របល់ក្នុងសង្គម។ក្នុងសិក្ខាសាលាមួយស្តីពី ការទប់ស្កាត់ព័ត៌មានមិនពិតរៀបចំដោយ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (CrosscheckWMC) អ្នកពាក់ព័ន្ធជាច្រើនសុទ្ធតែយល់ឃើញថា ការពង្រឹងគុណភាពនៃការសរសេរព័ត៌មាន និង បញ្ចប់ការចែករំលែកព័ត៌មានមិនពិត គឺជាឱសថដើម្បីលុបបំបាត់«ព័ត៌មានក្លែងក្លាយ»។
លោកមេធាវី សុខ សំអឿន ជាមេធាវីជើងចាស់មួយរូបយល់ឃើញថា លោកមិនគាំទេចំពោះវិធានការដែលហាម មិនអោយប្រជាពលរដ្ឋផ្សព្វផ្សាយរាល់ព័ត៌មានដែលមិនពិតទេ។ប៉ុន្តែយើងត្រូវពន្យល់ពួកគាត់ឱ្យយល់ពីអ្វីទៅជាព័ត៌មានមិនពិត?ចំណែកអ្នកព័ត៌មានក៏ត្រូវពង្រឹងនៃការផលិតព័ត៌មានខ្លួនឱ្យបានត្រឹមត្រូវព្រោះវាក៏ជាការរួមចំណែកលុបបំបាត«ព័ត៌មានក្លែងក្លាយ»ដែរ។
រីឯងលោកសាស្ត្រាចារ្យ មឿនឈានណារិទ្ធ លោកយល់ថា ដើម្បីលុបបំបាត់«ព័ត៌មានក្លែងក្លាយ» ប្រជាពលរដ្ឋគូរតែកាត់បន្ថយចែកចាយរាល់ព័ត៌មានអនាមឹកដែលជាព័ត៌មានស្ថិតក្នុងការសង្ស័យ ឬយើងហៅថាជាព័ត៌មានក្លែងក្លាយ ដែលនាំអោយមានគ្រោះថ្នាក់ដល់សង្កមយើងទាំងមូល។អ្នកប្រើប្រាស់ត្រូវប្រយ័ត្នប្រយែងឲ្យមានទែន មុនពេលដាក់ចិត្តជឿ ឬ ចែករំលែកបន្ត។
កញ្ញា ឃុន វ៉ាន់ដា ជាអ្នកសរសេរព័ត៌មានមួយរូបដែលបានចូលរួមសិក្ខាសាលបានលើកឡើងថាៈ ក្នុងនាមជា អ្នកព័ត៌មាន កញ្ញាបានព្យាយាមសរសេរព័ត៌មានគ្រប់ជ្រុងជ្រោយ បង្កើនចំនួនអត្ថបទប្រកបដោយគុណភាព ដើម្បីជាការលើកទឹកចិត្ត និងជម្រុញអ្នកអានឱ្យនិយមអានព័ត៌មានពិត ហើយព្យាយាមបញ្ជ្រាបសារតាមរយៈព័ត៌មានផ្សេងៗ ឱ្យគាត់បានយល់ដឹង ថាអ្វីជាព័ត៌មានពិត ហើយអ្វីជាព័ត៌មានមិនពិត វាផ្តល់នូវប្រយោជន៍ និង ផលប៉ះពាល់បែបណាដល់ខ្លួនឯងនឹងអ្នកអាន។
ទន្ទឹមនឹងនោះកញ្ញាបន្តថាៈ ក្រសួងព័ត៌មានគួរតែមានចំណាត់ការដ៏ល្អមួយ ដើម្បីទប់ស្កាត់រាល់គេហទំព័រមួយចំនួន ដែលមិនមានអាជ្ញាប័នច្បាស់លាស់ ផ្សព្វផ្សាយនឹងបង្កើតរាល់ព័ត៌មានដែលក្លែងក្លាយ ដើម្បីបានការ ឡាច ការស៊ែរ នឹងការមើល ដែលជាផលប្រយោជន៍នៅក្នុងអាជីវកម្មផ្ទាល់ខ្លួន។ ដែលមិនបានមើលឃើញពីផល់ប៉ះពាល់នៃសង្គមឡើយ។
ចំណែកកញ្ញា យី លុយហ៊ាង ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាន(Crosscheck) នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានលើកឡើងដូច្នេះដែរថាៈ ដើម្បីកាត់បន្ថយ នឹងប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ទីមួយ៖ ប្រជាពលរដ្ឋគួរតែគិតអោយបានល្អិតល្អន់ មុននឹងធ្វើការចែករំលែករាល់ព័ត៌មាន មេឌៀរ ឬផេកព័ត៌មានខ្លះបង្កើតគ្រាន់តែចង់បានចំនួននៃការឡាច ប្រើប្រាស់ចំណងជើងក្នុងការទាក់ទាញដូចជាៈ ស៊ែរបន្ទាន់បើចង់ដឹង អ្នកឡាចស៊ែរឈ្នះរង្វាន់ ព្រះអើយរឿងធំហើយ ពាក្យទាំងអស់នេះហើយដែលធ្វើអោយអានអ្នក មើល ដោយមិនបានហើយចែកចាយបន្ត ដែលទាំងនេះហើយនាំអោយមានព័ត៌មានក្លែងក្លាយកាន់តែច្រើនឡើង។
ទីពីរ៖ អ្នកសារព័ត៌មាន រាល់សារព័ត៌មាន ដែលចេញផ្សាយត្រូវអោយមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ថាចេញពីស្ថាប័នណា ក្រសួងណា នឹងបន្តផ្សាយរាល់ព័ត៌មានពិតអោយបានច្រើន ដើម្បីអោយប្រជាពលរដ្ឋ ជឿទុកចិត្ត ក្នុងការផ្សាយរបស់វិជ្ជាជីវៈអ្នកសារព័ត៌មាន។
កញ្ញាបន្តថា «គ្រប់ស្ថាប័ន ឬអង្គការ មានសមាគមន៍ជាដើម គួរតែមានវគ្គបណ្តុះបណ្តាលអោយបានច្រើន ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីអោយពួកគាត់ទទួលបាននៅអ្វីដែលជាព័ត៌មានពិតនឹងអ្វីដែលជាព័ត៌មានមិនពិត»៕