Cc time web banner 054637

ឪពុកម្តាយមួយចំនួនបារម្ភពី«ការសិក្សា»របស់កូនៗក្នុងស្ថានភាពកូវីដ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងស្ថានភាពបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ឪពុកម្តាយមួយចំនួនបានលើកឡើងថា ការសិក្សារបស់កូនៗជួបការលំបាកច្រើនក្នុងស្ថានភាពកូវីដផ្ទុះខ្លាំង ជាពិសេសនៅក្នុងកំឡុងពេលនៃការបិទខ្ទប់។ ការសិក្សានៅក្នុងបរិការណ៍កូវីដ-១៩ កូនៗហាក់ដូចជាមានអារម្មណ៍ភ័យខ្លាចនឹងស្ថានភាពសង្គម គួបផ្សំនឹងការលំបាកនៃការសិក្សាតាមប្រព័ន្ធអនឡាញផងនោះ ដែលនេះជាកត្តាធ្វើឲ្យលទ្ធផលនៃការសិក្សារបស់កូនបានធ្លាក់ចុះ។

លោក កិន សុវណ្ណារ៉ា បានលើកឡើងថា ការសិក្សាកូនៗរបស់លោក បានជួបការលំបាកខ្លាំងដោយស្ថានភាពសង្គមបច្ចុប្បន្នបានប៉ះពាល់ដល់អារម្មណ៍ពួកគេក្នុងការផ្ចង់ស្មារតីក្នុងការសិក្សា ហើយគួបផ្សំនឹងការលំបាកក្នុងការសិក្សាតាមប្រព័ន្ធអនឡាញផងនោះ។ តាំងពីការសិក្សាប្តូរមកអនឡាញមក លោកសង្គេតឃើញថាការសិក្សារបស់កូនមានការធ្លាក់ចុះ ពោលការសិក្សាតាមរយៈអនឡាញ កូនជួបការលំបាក ការសិក្សាមិនបានពេញលេញ ជួនកាលជួបនូវបញ្ហាអ៊ីនធឺរណេតមានការរអាក់រអួល ជាពិសេសលោកសង្គេតឃើញថាកូនរបស់លោកហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការស្តាប់គ្រូបង្រៀនទេ។

អ្នកស្រី ជា សាវឌី បានលើកឡើងថា ការអូសបន្លាយនៃស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការសិក្សារបស់កូនអ្នកស្រី។ ចាប់តាំងពីមានការផ្ទុះកូវីដ១៩ខ្លាំង ហើយសាលារៀនបានតម្រូវឲ្យសិស្សទាំងអស់ប្តូរមករៀនតាមអនឡាញ។ អ្នកស្រីសង្គេតឃើញថា កូនហាក់ដូចជារៀនមិនសូវចាប់បាននូវអ្វីដែលគ្រូបានបង្រៀននៅតាមវីដេអូ។ អ្នកស្រី សាវឌី បានបន្តថា លទ្ធផលនៃការសិក្សារបស់កូន មានការធ្លាក់ចុះជាងមុន បើប្រៀបធៀបទៅនឹងលទ្ធផលសិក្សានៅក្នុងថ្នាក់ កាលមិនទាន់មានការផ្ទុះឡើងនូវកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

ចំណែកអ្នកស្រី ហ៊ាង លក្ខិណា បាននិយាយថា បើស្ថានភាពកូវីដ-១៩នៅតែបន្តអូសបន្លាយទៀត ពិតណាស់ការសិក្សារបស់កូនអ្នកស្រីនឹងកាន់តែធ្លាក់ចុះថែមទៀត។ អ្នកស្រីមានការព្រួយបារម្ភចំពោះការសិក្សារបស់កូន ព្រោះតាមរយៈការសិក្សាតាមអនឡាញកន្លងមក អ្នកស្រីសង្គេតឃើញថា គុណភាពសិក្សារបស់កូនមានការថយចុះជាងមុន។ អ្នកស្រីបន្តថា ការសិក្សាតាមអនឡាញមិនដូចជាការសិក្សានៅក្នុងថ្នាក់រៀនទេ។ កូនៗខ្លះមិនទាន់ចេះប្រើប្រាស់ទូរសព្ទនៅឡើយ ដូច្នេះឪពុកម្តាយត្រូវតែជួយកូនបន្ថែម។

ទន្ទឹមនេះ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសហគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហាក់ដូចជាធ្ងន់ធ្ងរជាងមុន ហើយព្រឹត្តិការណ៍នេះបើគិតពីបរិមាណឆ្លងមានចំនួនច្រើន។ បញ្ហាទាំងនេះដែលជាកត្តានៃផលប៉ះពាល់ដល់គុណភាពសិក្សាបន្ថែមទៀត ព្រោះទាំងគ្រូនិងសិស្សមានអារម្មណ៍ភិតភ័យ។ ដូច្នេះការសិក្សាអនឡាញនៅក្នុងស្ថានការបែបនេះ ប្រាកដណាស់ជាមានការថយចុះនូវគុណភាពសិក្សារបស់សិស្ស។

លោកបណ្ឌិតបានបន្តថា អាស្រ័យហេតុនេះ សូមឪពុកម្តាយ ឬអាណាព្យាបាលសិស្សត្រូវតែជួយ និងដាស់តឿនដល់កូនៗឲ្យខិតខំប្រឹងប្រែងរៀន ព្រមទាំងឆ្លៀតពេលដើម្បីជួយបង្រៀនកូនបន្ថែមទៀត។ ពិសេសត្រូវតែជម្រុញកូនឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រដោយខ្លួនឯងបន្ថែមទៀត។ កាលណាឪពុកម្តាយ ឬអាណាព្យាបាលសិស្ស មិនឆ្លៀតពេលក្នុងការជួយបង្រៀនកូនបន្ថែមនោះទេ ការសិក្សារបស់កូននឹងរឹតតែធ្លាក់ចុះខ្លាំង ព្រោះការសិក្សាតាមប្រព័ន្ធអនឡាញនេះនឹងនៅតែបន្តរហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង