ភ្នំពេញ៖កញ្ញា សែត ហត្ថា បច្ចុប្បន្នគឺជាសហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ពផ្សាយមួយមានឈ្មោះថា “សៀវភៅជីវិត” ហើយកញ្ញាក៏ជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបផងដែរ។ជាកូនស្រីច្បងនៃគ្រួសារកសិករមួយដែលមានស្រុកកំណើតនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។បច្ចុប្បន្នគេហៅឈ្មោះក្រៅកញ្ញាថា ជា “កូនចាបមាស”។មូលហេតុដែលសែត ហត្ថា ដាក់ឈ្មោះក្រៅថាជា “កូនចាបមាស” ដោយកញ្ញាពន្យល់ថា ចាបជាសត្វដ៏សាមញ្ញនៅគ្រប់ទីកន្លែងទាំងអស់ ហើយកញ្ញាចូលចិត្តសត្វតាំងពីតូច។ ស៊ីថាមស៍ បានធ្វើការសម្ភាសន៍ពីដំណើរជីវិត និងបទពិសោធន៍របស់កញ្ញា មុនក្លាយជាអ្នកនិពន្ធសៀវភៅដែលមានអ្នកគាំទ្រច្រើន និង ពេញចិត្តនូវគ្រប់ស្នាដៃរបស់កញ្ញា។
កញ្ញា សែត ហត្ថា បានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅសាលាអង្គការ Passerelles Numériques Cambodia (PNC) នៅដើមឆ្នាំ២០១៦។បច្ចុប្បន្នកញ្ញាជាសហស្ថាបនិកនៃគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” ដែលក្នុងនោះកញ្ញាទទួលខុសត្រូវលើផ្នែកគ្រប់គ្រងទីផ្សារនៅក្នុងក្រុមហ៊ុនទាំងមូល។ មួយផ្នែកទៀតនៃការងាររបស់កញ្ញាគឺជាអ្នកសរសេរ និង ជាអ្នកចែករំលែក។
កញ្ញា សែត ហត្ថា ដែលគាត់ស្គាល់ថាជា “កូនចាបមាស” កាលពីកុមាររភាពកញ្ញាមិនដែលស្រមៃ ឬគិតថាចង់ក្លាយខ្លួនជាអ្នកនិពន្ធនោះទេ។បើតាមកញ្ញា ការងារជាអ្នកសរសេរ អ្នកចែករំលែក និងជាអ្នកនិពន្ធនេះ តាមពិតវាជាមធ្យោបាយមួយដែលធ្វើឱ្យក្ដីសុបិនបានសម្រេច ហើយក្ដីសុបិនតែមួយគត់ គឺមានឱកាសបានជួបមនុស្សច្រើនបំផុត។ ជួបដើម្បីនិយាយជាមួយអ្នកអាន អ្នកស្ដាប់ រំលែកទៅកាន់ពួកគេ និងរៀនសូត្រពីពួកគេ។ នេះទើបជាក្ដីសុបិនរបស់កញ្ញា។ កញ្ញាអាចជួបមនុស្សជាច្រើនសូម្បីតែមិនធ្លាប់ជួប គឺជួបពួកគេតាមអត្ថបទស្នាដៃនិពន្ធ និងចែករំលែករយៈពេល៤ឆ្នាំមកនេះ។
កញ្ញា កូនចាបមាស បាននិយាយថា « ខ្ញុំពុំមែនជាអ្នកនិពន្ធដ៏ល្បីល្បាញអ្វីនោះទេ។ រឿងដែលសំខាន់នោះគឺថាជីវិតនេះឱ្យតែយើងតាំងចិត្តថាត្រូវធ្វើជាអ្នកផ្ដល់ឱ្យជាមុន ដោយគ្មានការរំពឹងចង់បានអ្វីត្រលប់មកវិញ នោះយើងនឹងបានមកវិញគ្រប់យ៉ាង បានសេចក្ដីសុខនៅក្នុងចិត្ត បានមើលឃើញពីសម្រស់ដ៏ត្រកាលនៃជីវិត។ គ្រប់គ្នាមានតម្លៃជាមនុស្សឱ្យតែយើងបានរស់នៅក្នុងភាពជាមនុស្ស បានផ្ដល់ឱ្យអ្នកដទៃនូវការគោរពក្នុងភាពជាមនុស្សរបស់ពួកគេ។ ចំណុចចាប់ផ្ដើមរបស់ខ្ញុំគឺនៅទីនេះឯង។ »។
កញ្ញា ប្រាប់ថា អ្វីដែលជាកម្លាំងជំរុញដំបូងដែលធ្វើឱ្យក្លាយជាអ្នកនិពន្ធសៀវភៅ គឺឧបសគ្គទាំងឡាយដែលបានកើតឡើងនៅក្នុងជីវិត។ វាជាអ្នកជំរុញកញ្ញាឱ្យដើរទៅមុខជានិច្ច។
កញ្ញាថា “នៅពេលដែលជីវិតបាត់បង់ការលើកទឹកចិត្ត យើងត្រូវយកការបាត់បង់នោះមកធ្វើជាកម្លាំងជំរុញដល់យើង។ ក្នុងពេលដែលយើងហែលឆ្លងកាត់ការលំបាក អ្វីដែលយើងត្រូវមានជាប់តាមខ្លួននោះគឺចិត្តអំណត់ ក្ដីសង្ឃឹម និងការប្រឹងប្រែងតស៊ូព្យាយាម”។
ក្នុងនាមជាអ្នកនិពន្ធវ័យក្មេងម្នាក់ កញ្ញា ហត្ថា បញ្ជាក់ថា ជាអ្នកនិពន្ធ គឺជាអ្នកចែកគំនិត ហើយមិនមែនឱ្យតែមានគំនិតក៏ចេះតែចែកទៅនោះទេ។ យ៉ាងហោចណាស់ត្រូវគិតម្ដងហើយម្ដងទៀត ពិចារណាឱ្យបានល្អិតល្អន់ថា បើចែកគំនិតនេះទៅ តើវានឹងល្អទេ? វានឹងមានការផ្លាស់ប្ដូរជាវិជ្ជមានណាមួយទេ? តើនរណាដែលគួរនឹងទទួលបានគំនិតដែលយើងចង់ផ្ដល់ឱ្យ? ហេតុអ្វីទើបយើងចង់ផ្ដល់ឱ្យពួកគេ? និងចុងក្រោយ តើយើងត្រូវផ្ដល់ទៅឱ្យពួកគេតាមមធ្យោបាយ ឬវិធីណា?
កញ្ញា ហត្ថា និយាយថា « ប៉ុន្តែមុននឹងយើងមានគំនិតដើម្បីចែករំលែក ហើយចំណេះដឹងដែលយើងមានទាំងអស់ វាត្រូវការការក្រេបជញ្ជក់ជារឿយៗ។ តើយើងរៀនពីណាខ្លះ? យើងរៀនតាមរយៈការអាន ការស្ដាប់ ការគិតពិចារណា ការសង្កេតមើល ហើយរឿងដែលសំខាន់ដែរនោះគឺបទពិសោធន៍ជីវិតជាក់ស្ដែង។ ជាឧទារណ៍ជាក់ស្ដែង អ្នកដែលអាចលើកទឹកចិត្តអ្នកដទៃបានល្អបំផុតគឺអ្នកដែលបានឆ្លងកាត់ការបាក់ទឹកចិត្ត ហើយបានងើបផុតពីស្ថានភាពនោះនាពេលបច្ចុប្បន្ន។ អ្នកដែលអាចនិយាយពីភាពជោគជ័យបានល្អបំផុត គឺអ្នកដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍បរាជ័យនាអតីតកាលបានដោយជោគជ័យនាពេលបច្ចុប្បន្ន។ បើយើងមានតែទ្រឹស្ដីល្អ ដោយខ្វះគំរូភាពល្អ នោះទ្រឹស្ដីរបស់យើងវាគ្មានទម្ងន់ឡើយ»។
សម្រាប់កូនស្រីកសិករមកពីខេត្តពោធិ៍សាត់រូបនេះ គិតថា អ្វីដ៏មានតម្លៃបំផុត និងមានន័យបំផុតក្នុងជីវិតកញ្ញា គឺមានឱកាសបានបម្រើឱ្យផលប្រយោជន៍មនុស្សជាតិតាមរយៈការងារប្រចាំថ្ងៃ។ សម្រាប់ពេលខាងមុខ ឬពេលអនាគត កញ្ញាចង់បន្តធ្វើការងារនេះបន្តទៀតឱ្យកាន់តែមានភាពល្អប្រសើរឡើង ហើយមួយវិញទៀត គឺធ្វើឱ្យគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” មានស្នាដៃដែលមានគុណភាពល្អសម្រាប់ផ្ដល់ជូនមិត្តអ្នកអាននៅគ្រប់មជ្ឈដ្ឋាន។
ជាសារចុងក្រោយកញ្ញា សែត ហត្ថា ឬ “កូនចាបមាស” ចែករំលែកដល់យុវជនខ្មែរ និងសិស្សានុសិស្សថា ការអានសៀវភៅគឺ “សេចក្ដីប្រាថ្នាចង់ឱ្យមានការផ្លាស់ប្ដូរដោយប្រសើរណាមួយកើតឡើងនៅក្នុងគ្រួសារយើងក្ដី នៅក្នុងសហគមន៍ដែលយើងរស់នៅក្ដី នៅក្នុងមាតុប្រទេសរបស់យើងក្ដី ឬនៅក្នុងពិភពលោកទាំងមូលនេះក្ដី វានឹងសម្រេចបាន នៅពេលដែលយើងបានធ្វើការផ្លាស់ប្ដូរខ្លួនឯងទៅរកភាពប្រសើរ។ភាពជាយុវវ័យ ត្រូវតែធ្វើដំណើរឆ្លងកាត់ ឬភ្លក់រសជាតិគ្រប់យ៉ាង។
កញ្ញាថ្លែងថា “យើងអាចមានក្ដីស្រមៃ ឬមហិច្ឆតាដ៏ធំមហិមា ប៉ុន្តែប្រសិនបើយើងខ្ជីខ្ជា ខ្ជះខ្ជាយ ហើយចេះតែចង់បានវិធីងាយៗ ស្រួលៗ កាត់ៗ ដោយមិនបាច់ពិបាក បែបនេះជីវិតរបស់យើងនឹងគេចចេញពីការលំបាកបានតែមួយភ្លែត បន្ទាប់មកវាត្រូវលំបាកលើសដើមទៀតនាពេលខាងមុខ”។
គួរបញ្ជាក់ថា កញ្ញា សែត ហត្ថា ឬ “កូនចាបមាស” រហូតមកទល់ពេលនេះកញ្ញាបាននិពន្ធមានសៀវភៅចំនួន៤ចំណងជើងដែលបានបោះពុម្ពផ្សាយដោយ«សៀវភៅជីវិត»។ចំណងជើងទាំងនោះរួមមាន៖ វិញ្ញាសាជីវិត, កាដូជីវិត, ខ្យល់ដង្ហើម និងស្នាដៃដែលចេញផ្សាយចុងក្រោយគេបង្អស់សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះមានចំណងជើងថា "ដំណើរ" ដែលសៀវភៅនេះកញ្ញាសរសេររួមគ្នាជាមួយអ្នកនិពន្ធពីរនាក់ផ្សេង ឡាំ លីម និង ថុន ថាវរី ៕