Cctimesw1140xh150cm copy

សិស្ស៖រៀនតាមប្រព័ន្ធអនឡាញជាមធ្យោបាយល្អ តែពេលឆ្ងល់ពិបាកសួរគ្រូ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
គ្រួបង្រៀនតាមអនឡាញរៀបចំរៀបចំឡើងដោយក្រសួងអប់រំ ក្នុងពេលកម្ពុជាមានកូវីដ ១៩។

ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសបិទសាលារៀនទូទាំងប្រទេស ខណៈពេលមានការវាយលុកពីមេរោគកូវីដ-១៩មក មន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និង កម្មវិធី App (E-School Cambodia) ដើម្បីជំនួយដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ ស៊ីស៊ីថាមស៍បានធ្វើបទសម្ភាសន៍ជាមួយសិស្សមួយចំនួនអំពីដំណើរការ និងប្រសិទ្ធិភាពនៃការសិក្សាតាមប្រព័ន្ធអេឡិកត្រូនិក ដោយអះអាងថា ពួកគេនឹងបន្តសិក្សាតាមរយៈអនឡាញតទៅទៀត បន្ទាប់បានចូលរៀននៅសាលារៀន។ 

គង់ ធីតា មានអាយុ១៧ ឆ្នាំ រៀននៅវិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀង និយាយថា សម្រាប់ខ្លួនគាត់ផ្ទាល់ ការរៀនតាម E-learning ជាមធ្យោបាយមួយដែលល្អប្រសើរ មិនមែនសម្រាប់តែធីតាទេ តែសិស្សគ្រប់គ្នា ដែលមានបំណងទទួលការបំប៉នបន្ថែមប្លែកពីអ្វីដែលយើងរៀននៅសាលាផងដែរ សិក្សាដោយខ្លួនឯងបាននៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។ ធីតាប្រាប់ថា នឹងបន្តប្រើប្រាស់ E-learning ហើយក៏រកមធ្យោបាយផ្សេងៗទៀត ព្រោះចំណេះដឹងមានគ្រប់ទិសទី។

ធីតា បន្តថា ធីតាពេលរៀននៅសាលា គាត់មិនគ្រាន់តែពឹងផ្អែកលើគ្រូតែម្យ៉ាងទេ តែគាត់ក៏បានសិក្សាស្រាវជ្រាវបន្ថែមពីលើនេះ ដូចជាទិញសៀវភៅបំប៉ន ការធ្វើលំហាត់ថ្មីៗ ហើយពិភាក្សាក្រុមជាមួយមិត្តភក្ដិនានា ដើម្បីបង្កើយបង្កើនគុណភាពនៃការសិក្សារបស់ខ្លួនឱ្យប្រសិទ្ធិភាព។ ការមានអ៊ីនធ័រណេតគ្រប់គ្រាន់ ទើបធ្វើឱ្យធីតាអាចតាមដានមេរៀនបានទៀងទាត់។ ធីតាចាប់អារម្មណ៍មេរៀនប្រវត្តិវិទ្យា និងចូលចិត្តអានសៀវភៅប្រវត្តិវិទ្យា ហើយធីតាឃើញថាគ្រូពន្យល់ក្នុងមេរៀននោះបានក្បោះក្បាយល្អ ខ្ញុំចាប់បានច្រើន។

សិស្សនៅថ្នាក់ទី១២ រូបនេះ អះអាងថា “ក្រសួងខិតខំអស់ពីលទ្ធភាពហើយ ដូចនេះមានតែអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ចូលរួមយកចិត្តទុកដាក់ចំពោះការសិក្សាចំពោះពួកគាត់។ ទោះជាយ៉ាងណាក្ដី មិត្តភក្តិរបស់ខ្ញុំ ភាគច្រើន មិនសូវប្រើទូរសព្ទ ពួកគាត់មិនបានរៀនតាមអនឡាញដូចខ្ញុំ សាលាបិទ មិនបានរៀនជាមួយគ្រូ មិត្តភក្តិ រួមផ្សំនឹងការភ័យខ្លាចជំងឺខូវីដ១៩ផងនោះ ពួកគាត់ក៏មិនហ៊ានចេញក្រៅទៅបណ្ណាគារទិញសៀវភៅ។ ហើយខ្ញុំក៏ភ័យជំនួសសិស្សដាក់ប្រលងខាងវិទ្យាសាស្រ្តសង្គម ព្រោះមេរៀនមានមុខវិជ្ជាខាងសង្គមតិចជាងមុខវិជ្ជាវិទ្យាសាស្រ្ត”។

យីម ឃ្លោក រៀននៅវិទ្យាល័យអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ថា ការរៀនតាមប្រព័ន្ធអេឡិកត្រូនិកបែបនេះល្អ ព្រោះគ្រូបង្រៀននីមួយៗ គាត់ពន្យល់បានល្អ ហើយខ្ញុំចូលរៀនតាមAppតាំងខែ៨ឆ្នាំមុនមកម្ល៉េះ មិនមែនទើបតែបិទសាលានោះទេ។

ទើបតែប្រឡងសិស្សពូកែ អាស៊ីប៉ាស៊ីហ្វិក APMO ថ្មីៗនេះ យីម ឃ្លោក បានអះអាងថា តាមរយៈកម្មវិធី App មានឈ្មោះថា E-School Cambodia បានជួយខ្ញុំមួយចំណែកគឺពន្យល់មេរៀនបានច្បាស់លាស់ ចំណែកតាមលោកគ្រូអ្នកគ្រូជួយខ្ញុំបានច្រើន ដូចជា ទទួលបានលំហាត់ពីគាត់ច្រើនជាងApp និងតាមលោកគ្រូអ្នកគ្រូ សួរលំហាត់គាត់បានងាយស្រួលជាង។

បន្ថែមពីលើនេះទៀត គាត់និយាយថា ដល់ឥឡូវនេះ ពេលប្រកាសបិទសាលា ក្រសួងក៏អនុញ្ញាតឱ្យសិស្សគ្រប់ៗរូប អាចបានរៀនតាមប្រព័ន្ធអេឡិកត្រូនិកនេះដោយមិនតម្រូវឱ្យបង់ប្រាក់ទៀតឡើយ មិនដូចកាលពីមុននោះខ្ញុំបង់លុយចូលរៀនផង។ យ៉ាងណា ខ្ញុំពិតជាកោតសរសើរដល់ការជួយជ្រួមជ្រែងពីសំណាក់ថ្នាក់លើនៃក្រសួងអប់រំ និងបណ្ដាអ្នកពាក់ព័ន្ធ ក្នុងការជួយជំរុញលើកទឹកចិត្តសិស្សានុសិ្សគ្រប់កម្រិត ដើម្បីធានាឱ្យបាននូវការសិក្សារបស់ទំពាំងស្នងឬស្សីគ្រប់ៗរូប ប្រកបដោយប្រសិទ្ធិភាព និងវឌ្ឈនភាព។

នាម ស្រីនិច ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ក៏និយាយដែរថា គាត់ក៏ធ្លាប់បានប្រើប្រាស់កម្មវិធីប្រព័ន្ធអេឡិកត្រូនិកតាំងពីរៀនចប់ថ្នាក់ទី១១មកម្ល៉េះ ហើយឥឡូវគេផ្ដល់ជូនដោយឥតគិតថ្លៃទៀត ហេតុនេះជាការងាយស្រួលសម្រាប់ស្រីនិចផ្ទាល់ ក៏ដូចជាសិស្សដទៃទៀតដែរ។

ស្រីនិច ថា « វាជាការល្អដែរ ពេលខ្ញុំរៀននៅផ្ទះស្ងាត់ វាជួយឱ្យខ្ញុំឆាប់ចេះ ឆាប់យល់។ ពេលរៀននៅសាលា ខ្ញុំឆ្ងល់តែងតែសួរគ្រូ តែពេលរៀនតាមអនឡាញ ខ្ញុំអាចមើលសារចុះសារឡើងរហូតទាល់តែយល់ ហើយមានសមាធិក្នុងការរៀន ផងដែរ »។

កែវ មុន្នីរ័ត្ន ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យអង្គរ និយាយថា នៅពេលសាលាបិទ ខ្ញុំមិនអាចបណ្ដោយឈប់ នៅផ្ទះហើយខាតមេរៀនទេ ព្រោះខ្ញុំរៀនកម្រិតថ្នាក់បាក់ឌុបហើយ។ ការរៀនតាម E-learning ហ្នឹង ធ្វើឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗ ដែលមានវិធីសាស្រ្តតិចនិចក្នុងការពន្យល់មេរៀនទៅតាមបទពិសោធន៍របស់គ្រូបង្រៀននីមួយៗ។

មុន្នីរ័ត្ន ដែលនៅក្នុងខេត្តសៀមរាប បន្ថែមថា « វាអាចទទួលយកបាន៨០% នៃការសិក្សាតាមអនឡាញ ដោយយើងមានការកំណត់កាលវិភាគម៉ោងត្រូវរៀនតាមមុខវិជ្ជានីមួយៗ ។ សម្រាប់ផលវិបាកដែលខ្ញុំជួបប្រទះគឺនៅពេលយើងឆ្ងល់ យើងមិនអាចសួរអីផ្ទាល់ៗមាត់ វាអត់ទាន់ចិត្តដូចយើងរៀនជាមួយគ្រូយើងឡើយ ពេលយើងរៀនជាមួយគ្រូផ្ទាល់ វាស្និទ្ធស្នាលច្រើនជាង។ ហើយរៀនតាមទូរសព្ទ វាមិនសូវធ្វើឱ្យយើងផ្ដោតខ្លាំងឡើយ »។

ជាសំណូមពររបស់សិស្សរូបនេះ គឺមុនប្រលងបាក់ឌុប ក្រសួងគួរតែចុះសាកសួរ ពិសោធន៍ចំណេះដឹងសិស្ស មុននឹងដាក់វិញ្ញាសាប្រលងចុងឆ្នាំ ព្រោះគ្រប់គ្នា ឈប់ចឹង វាខាតមេរៀនច្រើនណាស់។ ហើយអ្វីដែលគួរយកចិត្តទុកដាក់ ចំពោះសិស្សដែលមានជីវភាពខ្វះខាត គ្មានមធ្យោបាយគ្រប់គ្រាន់ក្នុងការរៀនតាមប្រព័ន្ធអេឡិកត្រូនិក E-learning នេះ ទាំងឧបករណ៍ ទាំងសេវាអ៊ីនធ័រណេត។ ហេតុនេះ ខណៈពេលដែលពួកគាត់មិនមានលទ្ធភាព បានសិក្សាដូចអ្នកផ្សេងៗទៀត នោះវាជាបញ្ហាគួរយកចិត្តទុកដាក់ផងដែរ នៅខណៈពេលសាលាបិទបែបនេះ។

ហើយមុន្នីរ័ត្នបានអះអាងជាចុងក្រោយថា « ពេលចូលរៀនវិញ ខ្ញុំនៅតែត្រូវការ E-learning ព្រោះវាជាមធ្យោបាយបានច្រើនរបៀប ធ្វើឱ្យសិស្សទទួលបានចំណេះដឹងបានទូលំទូលាយ ដោយការរៀនទាំងនៅសាលា និងទាំងនៅផ្ទះ ធ្វើឱ្យការរៀនមានគុណភាព និងប្រសិទ្ធិភាព។ ខ្ញុំជឿថា ការសិក្សាបែបអេឡិកត្រូនិក E-learning ជាវិធីមួយដ៏ងាយស្រួល ចំណេញពេលវេលា និងថវិកាផងដែរ សម្រាប់ការសិក្សារបស់ធនធានមនុស្សគ្រប់រូៗ នាសម័យឌីជីថលនេះ »។

សូមបញ្ជាក់ផងដែរថា សេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុន A.Z.E Innovation Tech Co.,LTD សម្រាប់បច្ចេកវិទ្យាការបង្រៀនពីចម្ងាយដោយប្រព័ន្ធ E-School Cambodia ជូនសិស្សានុសិស្សពីថ្នាក់ទី១ ដល់ទី១២ ជាមួយនឹងកម្មវិធីបង្រៀនតាមអេឡិចត្រូនិក(E-Learning)នេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០តទៅ។ កម្មវិធីទាំងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សចូលរួមជំរុញ លើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ អាចនៅតែបន្តការសិក្សាបានដោយខ្លួនឯង នៅគ្រប់ទីកន្លែងនិង ស្របតាមពេលវេលាផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស សម្រាប់ជាជំនួយស្មារតីក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ និងទុតិយភូមិ ។ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង