ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការអរគុណនិងសប្បាយចិត្ត ដែលរដ្ឋាភិបាលបានបើកឱកាសផ្ដល់អាទិភាពឱ្យនិស្សិតទាំងនោះទទួលបានការចាក់វ៉ាក់សាំងដើម្បីទៅរៀនសូត្របន្ត។
បើតាមលោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច.) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រាបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាព អនុញ្ញាតឲ្យនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិន បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវិត១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ដើម្បីត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ។
ប្រធានកិត្តិយសសមាគមនរូបនេះបន្តថា ក្នុងអំឡុងពេល៤៨ម៉ោងនេះ មាបបងប្អូនយុវជននិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិន (Online) ប្រមាណ១០០០នាក់ បានស្ម័គ្រចិត្តចុះឈ្មោះស្នើសុំចាក់វ៉ាក់សាំងSinohpharm ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ដើម្បីសិក្សាលទ្ធភាពត្រលប់ទៅបន្តការសិក្សាដោយផ្ទាល់នៅក្នុងប្រទេសចិនវិញ តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
លោកក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងពេល៣ឆមាសដែលយុវជននិស្សិតសិក្សាតាមOnline ពួកគេបានជួបនូវផលវិបាកមួយចំនួនធំ រហូតមាននិស្សិតមួយចំនួន បោះបង់ការសិក្សា ផងដែរ។
សូមជម្រាបជូនថា ព្រឹកមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្តេចអនុញ្ញាតឱ្យនិស្សិតខ្មែរដែលគ្រោងចេញទៅរៀននៅក្រៅប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។រដ្ឋាភិបាលនឹងផ្ដល់អាទិភាពឱ្យនិស្សិតខ្មែរទាំងអស់ដែលទៅរៀននៅក្រៅប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំងជាអាទិភាព ដោយផ្អែកលើគោលការណ៍ស្មគ្រចិត្ត៕