ភ្នំពេញ៖ ប្រទសជប៉ុនបានសម្រេចផ្ដល់ថវិការ ដែលជាជំនួយឥតសំណងចំនួន២,២៣៥,៣៦៤ដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់ប្រើប្រាស់លើវិស័យពីរគឺ ការជម្រុញការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជន។
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃម្សិលមិញនេះ បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា ថវិកាចំនួន ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១) »និង «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSC (ឆ្នាំទី១)»។
ដោយឡែក ថវិកាចំនួន៤៧២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)»៕