Cctimesw1140xh150cm copy

អ្នកស្រី ចេន សុភាព ប្រើដើមទុន៣៥០ដុល្លារដោយមានមហិច្ឆិតាលើកតម្កើងកីតម្បាញខ្មែរ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អ្នកស្រី ចេន សុភាព ជាស្ថានិកនៃសហគ្រាសកីតម្បាញខ្មែរ KTK «ខេធីខេ»

ភ្នំពេញ៖ អ្នកស្រី ចេន សុភាព ជាស្ថាបនិកនៃសហគ្រាសកីតម្បាញខ្មែរ KTK «ខេធីខេ» ដែលប្រើប្រាស់ដើមទុនដំបូងរបស់ខ្លួនត្រឹមតែ ៣៥០ដុល្លារអាមេរិក ក្នុងដំណើរការអាជីវកម្មតម្បាញកាលពីឆ្នាំ២០១៥។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ អ្នកគ្រប់គ្រងនៃសហគ្រាសរូបនេះបានប្រាប់ថា អាជីវកម្មកីតម្បាញខ្នាតតូចដំបូងរបស់ខ្លួន គឺកើតចេញពីក្ដីស្រលាញ់ និងចង់លើកតម្កើងកីតម្បាញខ្មែររបស់ដូនតាពីបុរាណកាលមកកុំឱ្យបាត់បង់នៅថ្ងៃខាងមុខ តាមរយៈការផ្សព្វផ្សាយដល់ប្រជាជនក្នុងស្រុកចូលរួមប្រើប្រាស់ទាំងអស់គ្នា និងអន្តរជាតិឱ្យគេបានស្គាល់ អាចប្រើប្រាស់ផលិតផលរបស់ខ្មែរផងដែរ។

អ្នកស្រី ចេន សុភាព ប្រាប់ពីមូលហេតុដែលខ្លួនចាប់ផ្ដើមបើកធ្វើអាជីវកម្មសហគ្រាសកីតម្បាញខ្មែរថា ដោយសារខ្លួនចូលចិត្តស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ។ ជាក់ស្ដែង យើងដឹងហើយថា សំលៀកបំពាក់ប្រពៃណីខ្មែរ ភាគច្រើនជាសូត្រ និងស៊ឹងខ្មែរ មិនសូវមានឃើញនៅលើទីផ្សារក្នុងប្រទេសប៉ុន្មាននោះទេ បែរជាមានផលិតរបស់ប្រទេសក្រៅនាំចូលមកវិញមានចំនួនច្រើនដូចជា សឹងថៃ ស៊ឹងឡាវ សឹងភូមា និងផលិតផលប្រហាក់ប្រហែលខ្មែរយើង។

បេសកកម្មរបស់សហគ្រាសកីតម្បាញខ្មែរ«ខេធីខេ» គឺទីមួយ ដើម្បីអភិរក្សផលិតផលខ្មែរឱ្យមាននៅលើទីផ្សារបន្តទៅមុខទៀត ចៀសវាងកុំឱ្យវាបាត់បង់ ព្រោះនៅសម័យទំនើប នាំចូលតែផលិតផលបរទេសមកប្រើប្រាស់ក្នុងស្រុក ដល់របស់ក្នុងស្រុកលែងប្រើប្រាស់ទៅវិញ។ ទីពីរ ដើម្បីចូលរួមកាត់បន្ថយការធ្វើចំណាកស្រុករបស់ស្រ្តីមេផ្ទះ ហើយទីបី ដើម្បីបង្កើតប្រាក់ចំណូលប្រចាំថ្ងៃដល់ស្រ្តីមេផ្ទះដែលមានរបរតម្បាញ និងទីបួន ដើម្បីចូលរួមកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ។

គួររំលឹកផងដែរថា សហគ្រាសកីតម្បាញខ្មែរខេធីខេ ជាប្រភេទសហគ្រាសបែបសង្គម មិនមានអង្គការ ឬស្ថាប័នណាមួយមកជួយនោះទេ គឺប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនសុទ្ធសាធនៅក្នុងការបង្កើតអាជីវកម្មនោះ។ អាជីវកម្មតម្បាញមានការគាំទ្រច្រើនគួរសមដែរ ក្នុងនោះមានផលិតផលចម្បងដែលផលិតច្រើនជាងគេ គឺស៊ឹងខ្មែរ។ មកដល់ពេលនេះ កន្លែងផលិតកីតម្បាញខ្មែរមានទីតាំងចំនួន ០៥តំបន់ផ្សេងៗគ្នា ហើយកន្លែងចម្បងផលិតច្រើនជាងគេ ហើយចងជាសមាគម គឺនៅកោះដាច់-កោះឧកញ៉ាតី។ ក្រៅពីនេះសហគ្រាសបានសហការជាមួយក្រុមស្រ្តីតម្បាញខេត្តតាកែវ ខេត្តសៀមរាប និងខេត្តព្រៃវែងផងដែរ។

ឆ្លងតាមការស្ទង់មតិ និងការសាកសួរពីប្រជាជនប្រមាណ ៩០ភាគរយនៃមនុស្ស២០០នាក់ អ្នកស្រីអាចកត់សម្គាល់ឃើញថា នៅក្នុងស្រុកមិនសូវមានអ្នកស្គាល់ និងប្រើប្រាស់ផលិតសឹងខ្មែរ សូត្រខ្មែរនោះទេ។ ក្រោយមកអ្នកស្រីបានចុះទៅដល់សហគមន៍ឃើញថា មិនសូវមានប្រជាពលរដ្ឋភាគច្រើននៅទីនោះ នៅប្រកបរបរត្បាញសូត្រ និងស៊ឹងខ្មែរទេ ដោយសារទីផ្សារនៅស្រុកខ្មែរមិនកាក់កបនោះក្នុងការលក់ដូរនៃផលិតផលធ្វើដោយដៃលក់ក្នុងស្រុក។ ពួកគេបានបោះបង់ ឬអ្នកខ្លះទៀតផ្អាកពីការងារជាអ្នកតម្បាញ ហើយចាប់ផ្ដើមធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកគេដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារវិញ។

ចាប់ពីឆ្នាំ២០១៥មក អ្នកស្រី សុភាព ក៏បានអាជីវកម្មរបស់ខ្លួនមានទីតាំងលក់ដំបូងបង្អស់របស់អាជីវកម្មខ្នាតតូចនៃកីតម្បាញខ្មែរ គឺនៅផ្ទះរបស់ខ្លួននៅបុរីវ៉ារីណា សែនសុខ រាជធានីភ្នំពេញ ដែលបានផ្ដើមដើមទុនត្រឹមតែ ៣៥០ដុល្លារអាមេរិក។ ក្រោយមកក្នុងឆ្នាំ២០១៧ អ្នកនាងក៏បានពង្រីកសាខាមួយកន្លែងទៀតនៅផ្សារទំនើបសុរិយាមួយទៀតផងដែរ។

អ្នកស្រី ប្រាប់ថា ឧបសគ្គដែលខ្លួនបានជួបប្រទះ មានដូចជា កង្វះដើមទុនហិរញ្ញវត្ថុ កង្វះផ្នែកបុគ្គលិកដែលមានជំនាញផ្សេងៗទាក់ទងនឹងបច្ចេកទេសបច្ចេកវិទ្យាជាដើម។ ដូច្នេះ អ្នកស្រី ចេន សុភាព មានតួនាទីច្រើន ចេះលកលៃប្រកបដោយភាពវ័យឆ្លាតក្នុងនាមជាស្រ្តីសហគ្រិនមួយរូបតាំងពីដំបូង ក្នុងការធ្វើឱ្យដំណើរការអាជីវកម្មនៃសហគ្រាសរបស់ខ្លួនអាចមានរូបរាងរហូតដល់បច្ចុប្បន្ន ក្នុងការដឹកនាំក្រុមការងារ ព្យាយាមផលិតរបស់ប្រើប្រាស់ក្នុងស្រុកឱ្យមានគុណភាពសមនឹងតម្លៃអាចជឿជាក់ទុកចិត្តបានផងដែរ។

សម្រាប់ផែនការទៅខាងមុខទៀត ម្ចាស់សហគ្រាសកីតម្បាញខ្មែរខេធីខេរូបនេះ ចង់ផ្តួចផ្ដើមធ្វើជាបន្តបន្ទាប់។ ទីមួយគឺ ត្រូវគិតអំពីផលិតផលសិប្បកម្មខ្មែរដែលត្រូវគិតបន្ថែម ធ្វើយ៉ាងណាដើម្បីអាចផ្សព្វផ្សាយដល់ពិភពលោកបាន ត្រូវចេះបត់បែនតាមយុគសម័យនីមួយៗ ដោយមិនផ្ដេកផ្ដួលលើសម័យបុរាណពេកត្រូវចេះច្នៃប្រឌិតប្រកបដោយភាពវ័យឆ្លាត និងភាពច្នៃប្រឌិត ឱ្យស្របតាមតម្រូវការយុវជន ប្រជាជន អ្នកប្រើប្រាស់គ្រប់រូប។ ទីពីរគឺ ការពង្រីកទីផ្សារផលិតផល ទាំងគុណភាព ទាំងបរិមាណ ព្រោះអ្នកស្រី សង្កេតឃើញថា ផលិតផលសិប្បកម្មធ្វើដោយដៃមានទីផ្សារតូចណាស់នៅក្នុងស្រុក ព្រោះអតិថិជនត្រូវការច្រើន ហើយអត់មានផលិតផលឱ្យគេបានទាន់ឱ្យគេ ហើយពេលខ្លះអតិថិជនមិនសូវរកទិញប្រភេទផលិតផលប្រភេទបែបនោះទៀតក៏មាន។ ទាំងនេះហើយជាបញ្ហាដែលត្រូវប្រកួតប្រជែងជាមួយផលិតផល នាំចូលជាច្រើន ដែលមានលក្ខណៈស្រដៀងស្ទើរតែដូចផលិតផលខ្មែរ៩០ភាគរយ។

អ្នកស្រី សុភាព បញ្ជាក់ថា ខ្លួនមានបំណងចង់កសាងម៉ាកសញ្ញារបស់ផលិតផលខ្មែរដូចជា កីតម្បាញខ្មែរខេធីខេ ធ្វើយ៉ាងណាឱ្យមានការជឿទុកចិត្ត និងគិតគូរទៅដល់ទីផ្សារនាំចេញផងដែរដើម្បីឱ្យប្រទេសគេស្គាល់ និងបានប្រើប្រាស់ផ្ទាល់នៃផលិតផលប្រទេសយើងឱ្យកាន់តែទូលំទូលាយ ក្នុងការផ្សព្វផ្សាយផលិតផលកីតម្បាញបានទៅដល់អតិថិជនទាំងក្នុងស្រុកទាំងក្រៅស្រុក រួមជាមួយនឹងផ្សារអន្តរជាតិផងដែរ។ តួយ៉ាងដូចជាក្រុមហ៊ុនអាកាសយានដ្ឋានមួយចំនួននៅក្នុងស្រុក បានប្រើប្រាស់ផលិតផលកីតម្បាញនេះរួចហើយ ដែលអាចធ្វើឱ្យជនជាតិបរទេសបានស្គាល់ពីផលិតផលរបស់ខ្មែរ។

ស្ថាបនិកនាយិកា និងអ្នកគ្រប់គ្រងនៃសហគ្រាសកីតម្បាញខ្មែរ អ្នកស្រីសូមអំពាវនាវដល់បងប្អូនខ្មែរយើងជាជនរួមជាតិក្នុងស្រុកតែមួយ ងាកមកគាំទ្រប្រើប្រាស់ផលិតផលរបស់ខ្មែរយើង អ្នកមិនដែលប្រើគួរសាកល្បងប្រើ បើសិនប្រើហើយមិនពេញចិត្តកន្លែងណាគួរតែផ្ដល់ព័ត៌មានត្រលប់មកវិញ ងាយស្រួលកែតម្រូវផលិតផលទាំងនោះឱ្យស្របតាមអ្វីដែលប្រជាជនក្នុងស្រុកចង់បាន។ ដើម្បីខិតខំប្រឹងប្រែងកែច្នៃផលិតផលឱ្យបានល្អដូចផលិតផលរបស់នាំចូលផងដែរ។

អ្នកស្រី ចេន សុភាព មានស្រុកកំណើតនៅខេត្តព្រះសីហនុ តួនាទីជា ធ្លាប់បន្តការសិក្សានៅសាលាមធ្យមសិក្សាភូមិភាគកំពត ជាគិលានុបដ្ឋាយិកាមធ្យម ហើយធ្លាប់ធ្វើការនៅអង្គការក្រៅរាជរដ្ឋាភិបាលចំនួន១០ឆ្នាំ អង្គការក្រៅរដ្ឋាភិបាលធំៗចំនួន ៤ ទាក់ទងនឹងវិស័យសុខភាពសាធារណៈ សុខភាពមាតា និងទារក ជំងឹអេដស៍ និងពិការភាពផងដែរ ព្រមទាំងការអភិវឌ្ឍសង្គមផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកស្រី បានសាងស្នាដៃឆ្នើម និងទទួលបានពានរង្វាន់ច្រើនដូចជា ក្នុងឆ្នាំ២០១៧ បានទទួលបានអ្នកស្រី បានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខមួយប្រចំាឆ្នាំចំនួន០៣គឹ ពានផ្នែកនារី ពានប្រចាំឆ្នាំ និង ថ្នាក់ជាតិ។ បន្ទាប់មកអ្នកស្រីនៅតែរក្សាពានរង្វាន់នៃភាពជាអ្នកដឹកនាំប្រចាំប្រទេសឆ្នាំ២០១៨។ ឆ្នាំ២០១៩ បានទទួលសញ្ញាបត្រ័គ្រូបណ្តុះបណ្តាលជាន់ខ្ពស់ កំរិតក្រុមហ៊ុន ស្តង់ដាអាស៊ាន (Certified Master 2019 Training Trainer In Company Training)។

លើសពីនេះទៅទៀត ក្នុងឆ្នាំ២០២០ អ្នកស្រីក៏បានពានរង្វាន់ទូតសុច្ឆន្ទះ(Leadership Ambassador) និងក្លាយជាទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំ,សញ្ញាបត្រ័គ្រូបង្វឹក Master Coach 2020 ,ពានអាស៊ានជាសហគ្រាសដែលមានការសន្យាខ្ពស់បំផុតនៅទីក្រុងម៉ាកាទី ហ្វីលីពីន។ ចុងក្រោយ អ្នកស្រី បានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខមួយប្រចំាឆ្នាំផងដែរ។ ទាំងអស់នេះជាមោទកភាពមួយ ក្នុងនាមជាសហគ្រិនស្រ្តីដែលមានបទពិសោធន៍ច្រើនក្នុងការតស៊ូនៃវិថីជីវិតរបស់ខ្លួន៕​

អ្នកស្រី ចេន សុភាព បានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខមួយប្រចំាឆ្នាំ២០២០ នៅថ្ងៃទី២៧សីហា។ 
អ្នកស្រី ចេន សុភាព បានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខមួយប្រចំាឆ្នាំ២០១៧ 


អ្នកស្រី ចេន សុភាព ជាស្ថានិកនៃសហគ្រាសកីតម្បាញខ្មែរ KTK «ខេធីខេ»
កីតម្បាញខ្មែរនៅផ្សារសុរិយា 
ម្ចាស់ពានរង្វាន់សហគ្រិនខ្មែរថ្នាក់ជាតិប្រចាំឆ្នាំ២០២០ 
អ្នកស្រី ចេន សុភាព ជាស្ថានិកនៃសហគ្រាសកីតម្បាញខ្មែរ KTK «ខេធីខេ»


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង