Cctimesw1140xh150cm copy

កសិករមួយចំនួនលើកឡើងពីបញ្ហាប្រឈមក្នុងការប្រកបរបរធ្វើស្រែ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វាលស្រៃនៅបាត់ដំបង។រូបភាព៖ដោយកសិករ

ភ្នំពេញ៖ ពលរដ្ឋជាប្រជាកសិករមួយចំនួនក្នុងប្រទេសកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនក្នុងការបង្កបង្កើនផលស្រូវក្នុងមួយរដូវកាលៗ។អ្វីដែលជាបញ្ហាចំបងសំខាន់នោះ គឺបញ្ហាទំនិញសម្រាប់បម្រើការក្នុងវិស័យកសិកម្មមានតម្លៃថ្លៃ។

លោកស្រី ហ៊ុន ស៊ីផាត ជាកសិករមួយរូបនៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោកបានរៀបរាប់ពីបញ្ហាដែលលោកស្រីជួបប្រទះក្នុងការធ្វើស្រែ គឺបញ្ហាប្រព័ន្ធធារាសាស្រ្ត ពោលនៅតំបន់លោកស្រីមិនមានមេទឹក ឬប្រលាយដែលជាប្រភពទឹកផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នោះទេ ដែលវាផ្ដល់ភាពលំបាកសម្រាប់រូបលោកស្រីក្នុងការបង្កបង្កើនផល។

ក្រៅពីនេះលោកស្រីក៏លើកឡើងពីបញ្ហាជី និងថ្នាំផ្សេងៗឡើងថ្លៃ រីឯតម្លៃក្នុងការជួលសម្ភារៈភ្ជួររាស់ ច្រួចកាត់វិញនោះ ក៏មានតម្លៃថ្លៃផងដែរក្នុងមួយហិកតាៗស្របពេលដែលតម្លៃស្រូវដែលទទួលបានមិនសមស្របនិងកម្លាំងពលកម្ម ពេលវេលា ថវិការដែលចំណាយទៅ។

ចំណែកកសិករម្នាក់ទៀតមានទីលំនៅ ភូមិធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោកស្រី អឺន ញៀប បានឱ្យដឹងថា ការប្រកបរបរធ្វើស្រែរបស់គាត់ គឺជួបការលំបាកដូចជាបញ្ហាខ្វះខាតប្រភពទឹកក្នុងការស្រោចស្រព្វ បញ្ហាប្រភពទឹកនៅឆ្ងាយ និងមានចំនុចជាច្រើនទៀត ហើយឱ្យតែរដូវធ្វើស្រែម្ដងៗគឺពឹងតែលើប្រភពទឹក បានន័យថាធ្វើស្រែមើលតែផ្លូវទឹក បើមានទឹកទើបអាចធ្វើការបង្កបង្កើនផលបានរលូន បើមិនដូច្នេះទេ គឺស្រូវនឹងខូច ស្មៅដុះច្រើន ដែលជាហេតុបណ្ដាលឱ្យចំនាយប្រាក់ក្នុងការទិញថ្នាំបាញ់សម្លាប់ស្មៅទៀតផង។

បើតាមលោកស្រី អឺន ញៀប ឱ្យតែពេលខ្លះទឹកធ្វើស្រែម្ដងៗ គឺត្រូវចំណាយលុយទិញសាំងបូមទឹកអស់ច្រើន និងប្រើពេលយូរ ដោយសារតែប្រភពទឹកនៅឆ្ងាយ និងសាំងថ្លៃជាដើម។ក្រៅពីបញ្ហាប្រភពទឹក កសិកររូបនេះ ក៏ជួបប្រទះនឹងបញ្ហាតម្លៃជីឡើងថ្លៃ ពោលដោយសារតែលោកស្រីធ្វើស្រែច្រើនដូច្នេះត្រូវប្រើប្រាស់បរិមាណជីច្រើនជាងអ្នកឯទៀត ដោយមួយហិកតាតាំងពីពេលផ្ដើមធ្វើរហូតដល់រួចរាល់ប្រើជីអស់ប្រហែល៧បាវ។

លោកស្រី អឺន ញៀប ពន្យល់ថា មូលហេតុដែលប្រើជីគីមី ដោយសារតែមិនមានការផ្គត់ផ្គង់ជីធម្មជាតិ ទើបលោកស្រីប្រើប្រាស់ជីគីមីសម្រាប់ថែទាំស្រូវតាំងពីចាប់ផ្ដើមភ្ជួររាស់ រហូតដល់ស្រូវចេញផ្លែ ជាពិសេសជី និងថ្នាំគីមីទាំងនោះត្រូវការប្រើចាំបាច់ ដូចជាពេលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងថ្នាំដាក់ឱ្យស្រូវលូតលាស់ល្អជាដើម ដោយក្នុងមួយហិកតាប្រើប្រាស់ពូជស្រូវអស់ប្រមាណ២៥០គីឡូ ដែលត្រូវចំណាប្រាក់អស់ប្រមាណ ៣០០ដុល្លារ។

យោងតាមការលើកឡើងរបស់ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា បញ្ហាប្រឈមរបស់ប្រជាកសិករបច្ចុប្បន្ន គឺបច្ចេកទេសនៃការដាំដុះ មានន័យថាលទ្ធភាពនៃការស្វែងយល់ពីរបៀបដាំដុះនៅតែមានកម្រិត ហើយវាមិនទាន់ស្របតាមបរិបទនៃបច្ចេកទេសនៃសម័យកាលនេះ។ បញ្ហប្រឈមទីពីរគឺ កសិករជួបប្រទះនិងការខ្វះខាតសម្ភារៈ បរិក្ខាគ្រឿងកសិកម្ម ហើយតម្លៃជី និងថ្នាំប្រើប្រាស់មួយចំនួនគឺមានតម្លៃថ្លៃ ដែលកសិករកង្វះទុនក្នុងការទិញប្រើប្រាស់។បញ្ហាទីបីនោះគឺ អត្រានៃការប្រើប្រាស់ជីគីមីគឺមានការកើនឡើង ដែលវាអាចប៉ះពាល់ដល់សុខភាព និងផលិតភាពយូរអង្វែងរបស់កសិករបណ្ដាលមកពីថ្នាំគីមីទាំងនោះ។បញ្ហាទីបួន គឺកង្វះប្រព័ន្ធធារាសាស្រ្ត ក្នុងការស្រោចស្រពដំណាំកសិកម្ម មិនថាស្រូវ មិនថាបន្លែ ដោយសារតែទឹកភាគច្រើនមានតែរដូវវស្សា ចំណែករដូវប្រាំងវិញគឺមិនមានទឹកនោះទេ។

ក្រៅពីនេះ បញ្ហាទីផ្សារ ដែកជាបញ្ហាចោទ ទោះបីជាការដាំដុះមានសន្ទុះច្រើនមែនពិត តែតម្លៃស្រូវដែលលក់ចេញមិនទាន់សមស្រប និងសមាមាត្រនិងតម្លៃពលកម្មដែលកសិករធ្វើទេ ពោលកសិករចំណាយពេលដាំដុះយូរ និងចំណាយដើមទុនច្រើន ដល់តែពេលប្រមូលផលគឺលក់បានក្នុងកម្រិតមួយមិនស៊ីគ្នានឹងការចំណាយ ដែលបញ្ហាទាំងនេះ ធ្វើឱ្យកសិករបាក់ទឹកចិត្តក្នុងការដាំដុះ។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានចេញសារវាយតម្លៃពីវិស័យកសិកម្មនៃកម្ពុជា។សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បើតាម ឯកឧត្តម វេង សាខុន សមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន)។ល។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (០៨/មករា/២០២១) បានបង្ហាញថាបច្ចុប្បន្ន កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចំការ និងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឲ្យការងារសាកវប្បកម្ម។ ផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន ៣ ៣៩៦ ០៦០ហ.ត ស្មើនឹង ៩៩,១៤% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប ក្នុងនោះផ្ទៃដីស្រែប្រមាណជា ៨៥,៤០% ត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីច្រូត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង