ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់។ពលរដ្ឋកម្ពុជាមួយចំនួន បានបង្ហាញសេចក្ដីរំភើបរីករាយ និងសាទរ ចំពោះវ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាលចិន និងចាត់ទុកជំនួយឥតសំណងក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងកូវីដនៅកម្ពុជានៅតែបន្តមាន។
ជានិស្សិតមួយរូប យុវតី កួន សុលក្ខិណា និស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានបង្ហាញការសាទរ ចំពោះដំណឹងដែលកម្ពុជានឹងទទួលបានវ៉ាក់សាំង សម្រាប់ចាក់ប្រឆាំងនឹងជំងឺកូវីដ១៩ ពីប្រទេសចិនចំនួន១លានដូស។កញ្ញាលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប នាងពិតជាមានអារម្មណ៍សោមនស្សរីករាយជាខ្លាំង ដែលកម្ពុជាទទួលបានវ៉ាក់សាំងជំងឺកូវីតរហូតដល់ទៅមួយលានដូសពីប្រទេសចិនដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។
យុវតី កួន សុលក្ខិណា យល់ថា វាជាឱកាសមាសមួយដែលអាចអោយប្រទេសកម្ពុជាសន្សំសំចៃលុយបានរាប់លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេស។យ៉ាងណាមិញ និស្សិតរូបនេះ សំណូមពរដល់រដ្ឋាភិបាលអោយផ្តល់អាទិភាពដល់មនុស្សចាស់ជរា ព្រមទាំងក្រុមការងារជួរមុខដែលបម្រើការក្នុងមន្ទីរពេទ្យទាំងឡាយ ដោយសារពួកគាត់ជា ក្រុមមនុស្សងាយនឹងឆ្លងនិងរងគ្រោះបំផុត។
មិនខុសគ្នាពីយុវតីខាងលើ ជានិស្សិតមួយរូប កញ្ញា អុិន សុធារី បានសម្ដែងការសប្បាយចិត្តនៅពេលដែលទទួលដំណឹងថាកម្ពុជាទទួលបានវ៉ាក់សាំងឥតគិតថ្លៃជាជំនួយពីរដ្ឋាភិបាលចិនប្រគល់ជូនកម្ពុជាចំនួន ១ លានដូស។កញ្ញាបន្តទៀតថា ការផ្ដល់ជូនវ៉ាក់សាំងនេះគឺវាចំពេលល្អស្របពេលដែលកម្ពុជានៅតែមានចំនួនអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់មិនទាន់មានការធូរស្បើយនៅឡើយ ដូច្នេះស្របពេលដែលចិនប្រគល់វ៉ាក់សាំងជូនកម្ពុជាគឺជារឿងដ៏ល្អដែលគួរឲ្យសាទរសម្រាប់ប្រជាជាតិទាំងមូល។
ជាងនេះទៅទៀត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលយល់ព្រមទទួលយកវ៉ាក់សាំងពីចិន គឺជារឿងមួយដែលបង្ហាញអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិន ក្នុងភាពជាបងជាប្អូន និងបង្ហាញពីទំនាក់ទំនងស្និតរមួតមិនអាចកាត់ថ្លៃបាន។កញ្ញាលើកឡើងថា ការផ្ដល់វ៉ាក់សាំងចំនួន ១ លានដូសនេះ គឺជាជំនួយឥតសំណងជូនកម្ពុជា ហើយរាប់ទុកថាជាចំណងដៃមួយទៀត ដែលកាន់តែរឹតចំណងមិត្តភាពរវាងកម្ពុជាចិនឲ្យកាន់តែល្អទៅមុខទៀត។កញ្ញាក៏រំពឹងថា វ៉ាក់សាំងកូវីដ១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់គ្នា ហើយសង្ឃឹមថានឹងមិនមានការយកប្រាក់បន្ថែមនៅពេលដែលចាក់ជូនពលរដ្ឋ។
ចំណែកយុវតី នា វួចឡាង និស្សិតសាកលវិទ្យាល័យកម្ពុជា យល់ថាវ៉ាក់សាំងដែលភាគីចិនប្រគល់ឱ្យកម្ពុជានេះជាការល្អសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសទាំងមូល។កញ្ញាបានបន្តថា រូបគេពិតជាសប្បាយចិត្ត និងចូលរួមអបអរសាទរក្នុងការដែលកម្ពុជាទទួលបានវ៉ាក់សាំងឥតគិតថ្លៃដែលជាជំនួយឥតសំណងពីភាគីចិន។ ម្យ៉ាងទៀតកម្ពុជាមិនទាន់មានវ៉ាក់សាំងណាមួយឬក៏ថ្នាំបង្ការណាមួយ សម្រាប់ការពារទប់ទល់នឹងជំងឺកូវីដ១៩ទេ ហើយការប្រគល់ជូនពីភាគចិននេះជារឿងមួយដ៏ល្អ សម្រាប់វិស័យសុខាភិបាលនិងប្រជាជនកម្ពុជាទាំងមូលផងដែរ។
យុវតីរូបនេះ សម្ដែងការកោតសរសើរចំពោះភាគីចិន ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាក្នុងគ្រាមានអាសន្ន ស្របពេលដែលប្រទេសមហាអំណាចផ្សេងៗមិនសូវចាប់អារម្មណ៍នឹងកម្ពុជានោះទេ តែ ប្រទេសចិនតែងតែជួយកម្ពុជាមិនថាតិចឬច្រើន គឺតែផ្ដល់ជាជំនួយជានិច្ច។
យុវជន ឌី ថៃរ៉ុង អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បានផ្ដល់ចំណាប់អារម្មណ៍របស់ខ្លួនថា សប្បាយចិត្តដែលបានលឺថា វ៉ាក់សាំងបង្ការកូវីដ១៩របស់ចិនបានមកដល់កម្ពុជា ព្រោះវ៉ាក់សាំងនោះបានតេស្តរួចហើយនៅប្រទេសចិន ហេតុនេះវាជាជំនួយមួយដើម្បីការពារកុំឆ្លងកូវីដ។
តាមដែលយុវជនថៃរ៉ុង បានស្ដាប់ព័ត៌មានចុះផ្សាយរួចថ្មីៗនេះថា បើសិនវ៉ាក់សាំងប្រឆាំងវីរុសកូវីដត្រូវបានដឹកមកដល់ខ្មែរ ប្រជាជនទូទៅក៏ពួកគាត់នៅមិនទាន់ទទួលបានទាំងអស់គ្នាដែរ វាអាចផ្ដល់ជូនអ្នកមានតួនាទីសំខាន់ៗ ឬក៏ប្រជាជនដែលរស់នៅតំបន់ណាដែលកំពុងប្រឈមមុខនឹងហានិភ័យ នៃការរីករាលដាលកូវីដខ្ពស់ជាងគេ។ ចំណែកបណ្ដាប្រជាពលរដ្ឋមួយចំនួននៅខេត្តនានាដែលមិនសូវប្រឈមមុខ ពួកគាត់អាចនឹងរង់ចាំចាក់វ៉ាក់សាំងយូរក្រោយគេ។
បើសិនជាក្រសួងសុខាភិបាលកម្ពុជា ផ្ដល់ឱកាស និងតម្រូវឱ្យប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ថៃរ៉ុងប្រាប់ថា ខ្លួនពិតជាស្វាគមន៍ជានិច្ចក្នុងការត្រៀមខ្លួនក្នុងការទទួលការចាក់វ៉ាក់សាំងដែលចិនបានផ្ដល់ជូនឱ្យកម្ពុជា។ តែយ៉ាងណាមិញ ថៃរ៉ុង ក៏បញ្ជាក់បន្ថែមថា វាជាលើកទីបីនៅប្រទេសចិនបានធ្វើការចាក់តេស្តរួច ហើយបានយកទៅដល់ប្រទេសផ្សេងៗទៀតដែរ។ ហេតុនេះខ្លួន ក៏នៅតែមានមិនទាន់ប្រាកដចិត្តខ្លាំងថា ប្រសិទ្ធិភាពនៃថ្នាំវ៉ាក់សាំងទាំងនោះអាចជួយការពារសុវត្ថិភាពរបស់អ្នកទទួលចាក់បានប៉ុណ្ណាឡើយ។
កញ្ញា សុខ សុធី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកធនធានទឹកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា «ខ្ញុំមានការថ្លែងអំណរគុណចំពោះការផ្ដល់ថ្នាំចាក់វ៉ាក់សាំងរបស់ចិនមកឱ្យកម្ពុជា។ តែយ៉ាងណាក្ដី សម្រាប់ខ្ញុំផ្ទាល់ គិតថា ថ្នាំវ៉ាក់សាំងទាំងនោះ កម្ពុជាបានទទួលហើយ គួរតែយកមកទុកសិន បើមានហេតុការណ៍បន្ទាន់ណាមួយ ទទួលយកទុកបំរុងជាការប្រសើរ។ ប៉ុន្តែមិនទាន់ចង់អោយប្រើប្រាស់នៅពេលនេះទេ។
កញ្ញា សុធី អះអាងថា ខ្លួនមិនសូវមានភាពជឿជាក់លើសុវត្តិភាពក្នុងការចាក់វ៉ាក់សាំងនោះទេ និងមានអារម្មណ៍ភយ័ខ្លាចថាមានរឿងអវិជ្ជមានកើតឡើងជាជាងវិជ្ជមាន។ ហេតុនេះហើយ សុធី សូមសំណូមពរក្រសួងសុខាភិបាលកម្ពុជា សូមអោយមានការត្រួតពិនិត្យអោយច្បាស់លាស់ជាសិនមុន ក្នុងការផ្ដល់នូវការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ទាំងនោះ។ ការព្រួយបារម្ភទាំងអស់នេះ គឺជាវិធីល្អប្រសើរបំផុតសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីរង់ចាំមើលស្ថានភាពជាក់ស្ដែងឱ្យបានសមស្របសិន ថាតើការចាក់វាក់សាំងនេះមានសុវត្ថិភាព រឺយ៉ាងណា?
ក្រៅពីការសាទររបស់ប្រជាពលរដ្ឋខ្មែរ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាក៏បានសម្ដែងការអបអរសាទរ ចំពោះជំនួយដែលភាគីចិនបានផ្ដល់ជូនកម្ពុជាផងដែរ។លោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ប្រាប់ស៊ីស៊ីថាមស៍ថា៖ «ការទទួលជំនួយថ្នាំវ៉ាក់សាំងពីប្រទេសចិន វាបានបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន។ ហើយចិនបានផ្ដល់ប្រយោជន៍មកដល់កម្ពុជា បង្ហាញទស្សនទាននៃអ្នកប្រឆាំងមួយចំនួន ទស្សនទាននៃបណ្ដាប្រទេសមួយចំនួន ដែលមើលឃើញថា ចិនមកទាញផលប្រយោជន៍ពីប្រទេសកម្ពុជា»។
លោកបណ្ឌិត បន្តទៀតថា សារសំខាន់ទីពីរ គឺវ៉ាក់សាំងរបស់ចិន វានឹងផ្ដល់នូវផលប្រយោជន៍សម្រាប់កម្ពុជា បង្ហាញពីភាពសប្បាយរីករាយ និងកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ ធ្វើឱ្យការចាយវាយក្នុងប្រទេសមានដំណើរការឡើងវិញ ផលិតកម្មចាប់ផ្ដើមដំណើរឡើងវិញ ជាពិសេសសេវាកម្មដែលនាំឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរចលនាសេដ្ឋកិច្ច៕