Swift cc time

មគ្គុទេសក៍ទេសចរណ៍ចិន-កម្ពុជា៖ ភ្ញៀវទេសចរចិនមួយចំនួនធំមកកម្ពុជា តាមរយៈ«ការលើកលែងទិដ្ឋាការ»របស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភ្ញៀវទេសចរចិនមួយចំនួនធំ បានប្រាប់ទៅកាន់សមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជាថា ពួកគេមកកម្ពុជាក៏ដោយសារតែតាមរយៈការលើកលែងទិដ្ឋាការ(Free Visa)របស់រាជរដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋចិន។ ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ពិតជាយន្តការសំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកម្ពុជាឱ្យបានច្រើនឡើងវិញ។ នេះជាការលើកឡើងរបស់លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មកកាន់ស៊ីស៊ីថាមស៍ភាសាខ្មែរ។

លោក អនហេង សុភ័ក្រ បានបញ្ជាក់ថា ភ្ញៀវទេសចរចិនមួយចំនួនធំ បានប្រាប់មកកាន់សមាគមទីមគ្គុទេសក៍ទេសចរណ៍ថា ពួកគាត់មកកម្ពុជាក៏ដោយសារតែតាមរយៈការលើកលែងទិដ្ឋាការរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ សម្រាប់ភ្ញៀវទេសចរចិនដែលមកកាន់ខេត្តសៀមរាប ភាគច្រើនបានទស្សនានៅតំបន់រមណីយដ្ឋានអង្គរ តំបន់ទន្លេសាប និងតំបន់ឧទ្យានជាតិភ្នំគូលែន ហើយរយៈពេលនៃការទស្សនាគឺអាស្រ័យទៅតាមពេលវេលារបស់ពួកគាត់។

ទោះជាយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងថា រហូតមកទល់ពេលនេះ កំណើនភ្ញៀវទេសចរជនជាតិគឺមានចំនួនតិចតួច គឺដោយសារតែរដូវកាលនេះជារដូវកាល Low Season សម្រាប់ភ្ញៀវទេសចរ ដែលជារដូវភ្លៀងធ្លាក់ ហើយកត្តាអាកាសធាតុនៅប្រទេសចិនមិនសូវមានអំណោយផលមានព្យុះភ្លៀងច្រើន ដែលជាហេតុធ្វើឱ្យមានជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល និងមួយចំនួនទៀតត្រូវបានលុបចោល ក៏ជាហេតុផ្តល់ផលប៉ះពាល់ដល់ការធ្វើដំណើរមកកម្ពុជាដែរ។

លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា

បញ្ហាមួយទៀត គឺការបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) នៅកម្ពុជា ពុំទាន់បញ្ចប់សកម្មភាពនៅឡើយ។ ដូច្នេះ កម្ពុជាមិនទាន់បានកសាងកេរ្តិ៍ឈ្មោះល្អឡើងវិញចំពោះបញ្ហានេះទេ មានន័យថារាជរដ្ឋាភិបាលកំពុងបន្តសកម្មភាពបោសសម្អាត និងកំពុងកសាងកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជាទៅកាន់ពិភពលោកឡើងវិញជាបណ្ដើរៗ ដែលអាចនឹងត្រូវការពេលវេលាមួយចំនួនទៀតដើម្បីបញ្ចប់ការបោសសម្អាតនេះ ហើយនឹងផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ។

លោកបន្ថែមថា ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឱ្យបានប្រសើរជាងនេះ គឺការត្រៀមខ្លួនរបស់ភ្នាក់ងារទេសចរណ៍ទាំងអស់គឺត្រូវតែត្រៀមខ្លួនឱ្យបានរួចជាស្រេច ហើយអ្វីដែលកាន់តែសំខាន់នោះគឺរាជរដ្ឋាភិបាលគួរជ្រើសរើសប្រភេទភ្ញៀវទេសចរ និងប្រទេសនៃអ្នកទេសចរ ព្រោះភ្ញៀវទេសចរនីមួយៗតែងមានតម្រូវការខុសៗគ្នា។ ដូច្នេះ ផលិតផលទាក់ទងនឹងវិស័យទេសចរណ៍ទាំងអស់ត្រូវតែមានការផ្លាស់ប្តូរដូចជា ម្ហូបអាហារ ការស្នាក់នៅ ការធ្វើដំណើរ ការកម្សាន្ត ការទស្សនាជាដើម សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រធានវិទ្យាស្ថានសិក្សាចិនរូបនេះបន្តថា ជាពិសេសមគ្គុទេសក៍ទេសចរណ៍(Tour Guide) ដែលធ្វើបទបង្ហាញជូនភ្ញៀវទេសចរក៏ត្រូវមានភាពបត់បែនតៅតាមប្រភេទភ្ញៀវដែរ។ ដូច្នេះ អំឡុងពេលដែលមិនសូវមានភ្ញៀវទេសចរមកកម្សាន្ត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការដុះខាត់ជំនាញខ្លួនឯង និងទទួលយកការបណ្តុះបណ្ដាលថ្មីៗលើជំនាញខ្លួនឱ្យបានកាន់តែល្អបន្ថែមទៀត ព្រោះនេះការត្រៀមខ្លួនទុកជាមុនដ៏ល្អបំផុតសម្រាប់ទាក់ទាញទេសចរនារដូវកាលបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន។ ជាមួយគ្នានេះ គិតចាប់ពីថ្ងៃអនុវត្ត រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ក្រួសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង