ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា(ABC) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន ៣ ដើម្បីស្ថិរភាពហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តអតិថិជន។ យុទ្ធសាស្រ្តទាំងនេះ ត្រូវបានដាក់ចេញស្របពេលដែលវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញ។ នេះជាការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងសន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) មានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញក៏ដោយ ក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់ និង រឹងមាំ។ លោកបានកត់សម្គាល់ទៀតថា វដ្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបុរេសកម្មនៃការគ្រប់គ្រងហានិភ័យ ការធ្វើសំវិធានធនប្រកបដោយការប្រុងប្រយ័ត្ន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនិយ័តករ និងដៃគូក្នុងវិស័យនេះ។
យុទ្ធសាស្ត្រជាអាទិភាពចំនួនបីដែលទទួលបានពីសន្និសីទមានដូចជា៖ ភាពធន់នៃវិស័យធនាគារ និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ៖ ពង្រឹងការកំណត់ហានិភ័យឱ្យបានទាន់ពេលវេលា ការធ្វើសំវិធានធន និងការរៀបចំរចនាឥណទានឡើងវិញដោយប្រុងប្រយ័ត្ន ការវាយតម្លៃទ្រព្យសកម្មតាមស្ថានភាពជាក់ស្តែង ការដោះស្រាយឥណទានមិនដំណើរការ (NPL) និងភាពធន់ផ្នែកដើមទុន និងសន្ទនីយភាព។
យុទ្ធសាស្រ្តបន្ទាប់គឺ សុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្តសាធារណៈ និងហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព៖ ពង្រឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ការទប់ស្កាត់ការក្លែងបន្លំ ការការពារអ្នកប្រើប្រាស់ អភិបាលកិច្ច សុវត្ថិភាពសាយប័រ ភាពធន់នៃប្រតិបត្តិការ។
យុទ្ធសាស្រ្តចុងក្រោយគឺសំដៅដល់ហិរញ្ញប្បទានផ្នែកផលិតកម្ម និងនិរន្តរភាព៖ ពង្រីកការផ្តល់ហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការជាក់ស្តែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMES) ដែលមានសក្តានុពល វិស័យពាណិជ្ជកម្ម កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគបៃតង ដោយប្រើប្រាស់ទិន្នន័យលំហូរសាច់ប្រាក់ ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ ការបែងចែកហានិភ័យ និងផលិតផលដែលស្របតាមស្តង់ដារចំណាត់ថ្នាក់។
ជាមួយគ្នានេះ លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវបាន មានប្រសាសន៍ថា ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅតែបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការឆបោក និងការវាយប្រហារសាយប័រ ព្រមទាំងចូលរួមជ្រោមជ្រែងវិស័យធនាគារឱ្យកាន់តែមានភាពធន់ ប្រកបដោយនវានុវត្តន៍ និងមានជំហររឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង៕