Swift cc time

លោក ហួត ហាក់៖ ទេសចរណ៍ភាពយន្ត ជាឧបករណ៍ដ៏មានសក្តានុពលក្នុងការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យអ្នកផលិតភាពយន្ត និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ដើម្បីជំរុញនិងលើកកម្ពស់ការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើន។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

សិក្ខាសាលានេះ ប្រមូលផ្តុំដោយតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការជាក់ស្តែងក្នុងការជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្ត (Film Tourism Destination) កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។

បើតាមក្រសួងទេសចរណ៍ ចំណុចសំខាន់មួយនៃសិក្ខាសាលា គឺកិច្ចពិភាក្សាស្តីពី «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត» ដែលបានផ្តល់ឱកាសដល់តំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យភាពយន្ត និងទេសចរណ៍ ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ ដើម្បីកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

អង្គពិភាក្សាបានគូសបញ្ជាក់ថា ការជំរុញទេសចរណ៍ភាពយន្តមិនត្រឹមតែមានគោលដៅទាក់ទាញក្រុមហ៊ុនផលិតភាពយន្តមកថតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវអាច ប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ការផ្សព្វផ្សាយគោលដៅ ការបង្កើតបទពិសោធន៍ថ្មីៗ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជំរុញ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីឱ្យ Film Tourism ក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ និងជាផ្នែកមួយនៃ Soft Power របស់កម្ពុជា ដែលអាចរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង