Swift cc time

កម្ពុជា-ឡាវ-វៀតណាម តាំងចិត្តរួមគ្នាក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ កម្ពុជា-ឡាវ-វៀតណាម តាំងចិត្តរួមគ្នាក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងបី សំដៅពង្រឹងការតភ្ជាប់រវាងប្រទេសនិងប្រទេស និងការធ្វើសមាហរណកម្មក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំចំនួន ០៣ រួមមាន (១) កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម (២) កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និង (៣) កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដោយភាគីវៀតណាមដឹកនាំដោយលោកស្រី Phan Thi Thu Hien អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម និងភាគីឡាវដឹកនាំដោយឯកឧត្ដម Chanthala Phimmachack អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ។

កិច្ចប្រជុំទាំងបីនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅរវាងកម្ពុជា ជាមួយនឹងវៀតណាម និងឡាវ ក៏ដូចជាការតាមដានការអនុវត្តកិច្ចព្រមព្រៀងជាលក្ខណៈទ្វេភាគី ពិធីសារ និងអនុស្សរណៈនៃការយោគយល់គ្នា ដោយពិភាក្សាគ្នាអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយរួមដែលកំពុងកើតមានឡើងពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីលើកទី១០ កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីលើកទី១ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២៥ ដែលប្រទេសវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកសម្រាប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវលើកទី៦ គឺបានរៀបចំឡើងកាលពីឆ្នាំ២០១៦ ដោយ បានអាក់ខានអស់រយៈពេលប្រមាណ ១០ ឆ្នាំមកហើយ។

បើតាមក្រសួងសាធារណការ ការរៀបចំកិច្ចប្រជុំទាំងបីខាងលើនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការតាំងចិត្តរួមគ្នាក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងបី សំដៅពង្រឹងការតភ្ជាប់រវាងប្រទេសនិងប្រទេស និងការធ្វើសមាហរណកម្មក្នុងតំបន់៕


Khcct banner

អត្ថបទទាក់ទង