ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និង សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ភ) បានកំពុងរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ" ក្នុងគោលបំណង ដើម្បីពង្រឹងតួនាទី និង បង្ហាញពីភាពស្អាតស្អំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និងអ្នកវិនិយោគ។
សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី "កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ"នេះ ត្រូវបានលើយកមកពិភាក្សាក្រោមការដឹកនាំដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រធាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
យោងតាមការចុះផ្សាយពី សភាពាណិជ្ជកម្មកម្ពុជា (ស.ព.ភ) ពន្យល់ថា អនុស្សរណៈនៃយោគយល់គ្នានេះ គឺជាការបោះជំហ៊ានដ៏មានសារៈសំខាន់នៃការសហការប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និង សភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងតួនាទី និងបង្ហាញពីភាពស្អាតស្អំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយករាល់ពាក្យបណ្តឹងរបស់ ធុរជន និងអ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព ធានារក្សាការសម្ងាត់ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងចាត់ទុក ពេលវេលានេះជាពេលដ៏សមស្របបំផុតក្នុងការចុះ MOU នេះ ដែលជាការស្នើសុំជាច្រើនពីសំណាក់ធុរជន វិនិយោគគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាអភិបាលកិច្ចល្អ ក្នុងការជួយគិតគូរ ជួយកែ ជួយជម្រុញ ដើម្បីស្តារ និងបង្កើនទំនុកចិត្តក្នុងន័យជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការចូលមកវិនិយោគបន្ថែមទៀត មកកាន់កម្ពុជា។
ចំណែកលោក ឱម យ៉ិនទៀង ថ្លែងថា ការចុះ MOU របស់សភាពាណិជ្ជកម្មកម្ពុជា នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការគ្នាដោយចំហរ និងបានបង្ហាញអំពីឆន្ទះយ៉ាងស្មោះស្មគ្រ័ និងភាពស្អាតស្អំក្នុងនាមវិស័យ ឯកជនដែលតំណាងឱ្យធុរជន និងវិនិយោគគិនទាំងក្នុង និងក្រៅស្រុក។លោកថា ក្តីកង្វល់របស់វិស័យឯកជនគឺជាកង្វល់រួម របស់ប្រទេសជាតិ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល បើទោះបីជាមិនអាចទទួលបានការដោះស្រាយ បានភ្លាមៗ យ៉ាងហោចណាស់រដ្ឋាភិបាលក៏បានដាក់ចេញនូវគោលការណ៍ផ្សេងៗក្នុងគោលបំណងដោះស្រាយបញ្ហារបស់វិស័យឯកជន ជារួម៕