ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានផ្តល់អាទិភាពចំនួន ៣ ទៅសមាគមធនាគារនៅកម្ពុជា ដើម្បីពង្រឹងវិស័យរបស់ខ្លួនឱ្យកាន់តែរឹងមាំ ក្នុងបរិបទពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង សង្គ្រាមនៅមជ្ឈិមបូព៌ា និងទីផ្សារដែលមានភាពប្រែប្រួលខ្លាំង។ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ជាញឹកញាប់ទទួលរងសម្ពាធទាំងនេះមុនគេ។សម្រាប់កម្ពុជា លោកស្រីយល់ថា មិនត្រូវក្លាយជាជនរងគ្រោះនៃស្ថានភាពដ៏ស្មុគស្មាញនេះតែប៉ុន្នោះទេ ប៉ុន្តែយើងត្រូវមានភាពម្ចាស់ការ និង ត្រូវរួមគ្នាដោះស្រាយ ហើយអ្វីដែលយើងត្រូវការពារជាចម្បងបំផុត គឺ ទំនុកចិត្ត។
លោកស្រីបានលើកឡើងពីអាទិភាពចំនួន ៣ សម្រាប់កិច្ចពិភាក្សាក្នុងវិស័យធនាគារ ទី១៖- ភាពធន់ (Resilience) — រក្សាវិន័យរឹងមាំលើការផ្តល់ឥណទាន ដើមទុន និងសន្ទនីយភាព។ទី២៖ - សុចរិតភាព និងតម្លាភាព (Integrity & Transparency) — ធានាឱ្យការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) មានប្រសិទ្ធភាពជាក់ស្តែង និងពង្រឹងការការពារអ្នកប្រើប្រាស់ និងទី៣៖ ហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព និងបរិយាបន្ន (Secure & Inclusive Digital Finance) — បន្តអភិវឌ្ឍលើមូលដ្ឋាននៃ KHQR និង ការទូទាត់ឆ្លងដែន ដោយធានាថា សន្តិសុខសាយប័រ និងភាពធន់នៃប្រព័ន្ធ ត្រូវដើរទន្ទឹមគ្នាជានិច្ចជាមួយនវានុវត្តន៍។
ការថ្លែងរបស់លោកស្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកស្រីចូលរួមក្នុងរៀបចំសន្និសីទធនាគារនៅកម្ពុជាលើកទី៥ រយៈពេល០២ថ្ងៃ (ទី១៩-២០ សីហា ឆ្នាំ២០២៦) ក្រោមមូលបទ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារនៅសណ្ឋាគារ សុខាភ្នំពេញ។
ជាសន្និសីទដោយមានការចូលរួមពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា តំណាងស្ថានទូត មន្រ្តីជាន់ខ្ពស់ពីស្ថាប័នរាជរដ្ឋាភិបាល សមាជិកធនាគារនៃសមាគមធនាគារអាស៊ាន ដៃគូអភិវឌ្ឍន៍ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រមាណជាង ៥០០នាក់នៅថ្ងៃទី១។ ក្នុងនោះ ៣០០នាក់ចូលរួមដោយផ្ទាល់ និងជាង២០០នាក់ បានចូលរួមតាមប្រព័ន្ធអនឡាញ។
គោលបំណងនៃសន្និសីទនេះ គឺដើម្បីកំណត់ទិសដៅជាយុទ្ធសាស្រ្តសម្រាប់កំណើននៃវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព បង្កើនជំនឿទុកចិត្ត និងប្រកបដោយចីរភាព។ សន្និសីទនេះ នឹងលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងស្ថិរភាពហិរញ្ញវត្ថុ, ពង្រឹងគុណភាពឥណទាន សន្ទនីយភាព និងភាពធន់នៃប្រតិបត្តិការ, ព្រមទាំងពង្រឹងបទដ្ឋានប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) សុវត្ថិភាពសាយប័រ ការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ បន្ថែមពីនេះ សន្និសីទក៏បានចែករំលែកបទពិសោធន៍ក្នុងតំបន់អាស៊ានលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការទូទាត់ឆ្លងដែន និងការបង្វែរកិច្ចសន្ទនាស្តីពីហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យម (SME) និងការអភិវឌ្ឍធនធានមនុស្ស ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងវិស័យធនាគារ៕