ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបជាមួយ ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) ដ៏ធំនិងឈានមុខមួយរបស់ប្រទេសចិន និងបានពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Fang Ming អនុប្រធានក្រុមហ៊ុន នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានគូសរំលេចអំពីនិន្នាការជាសកល ក្នុងការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងឧត្តមភាពក្នុងប្រតិបត្តិការការងារ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
ដើម្បីប្រែក្លាយឱកាសនេះ ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងណាមួយនាពេលអនាគត លោក ស៊ុន ចាន់ថុល ក៏បានផ្តល់អនុសាសន៍ណែនាំជូនដល់គណៈប្រតិភូក្រុមហ៊ុន iFLYTEK ឱ្យរៀបចំជំនួបពិភាក្សាការងារជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅសិក្សាស្វែងយល់បន្ថែមអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដែលអាចទៅរួច និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ គណៈប្រតិភូ iFLYTEK ក៏បានលើកឡើងអំពីតថភាពពិតនៃសង្គមកម្ពុជា តាមរយៈបទពិសោធន៍នៃការអញ្ជើញមកដល់ និងបំពេញទស្សនកិច្ចការងារដោយផ្ទាល់នៅលើទឹកដីនៃរាជធានីភ្នំពេញ នាពេលនេះ ដែលបង្ហាញយ៉ាងច្បាស់អំពីសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលផ្ទុយស្រឡះពីព័ត៌មានអវិជ្ជមានមួយចំនួនដែលត្រូវបានផ្សព្វផ្សាយនាពេលកន្លងមក។ តំណាងក្រុមហ៊ុនបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន iFLYTEK គឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) ដ៏ធំនិងឈានមុខមួយរបស់ប្រទេសចិន ដែលត្រូវបានចុះបញ្ជីជាសាធារណៈ និងមានភាគហ៊ុនមួយផ្នែកជារបស់រដ្ឋ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅក្រុងហឺហ្វេ ខេត្តអានហួយ នៃប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានឯកទេសលើបច្ចេកវិទ្យាសំឡេង (Speech Recognition), ដំណើរការភាសាធម្មជាតិ (Natural Language Processing), ម៉ាស៊ីនរៀន (Machine Learning), និងគំរូការយល់ដឹងកម្រិតខ្ពស់ (Cognitive Large Models ) ដែលមានសមត្ថភាព «គិត វិភាគ និងយល់ដឹង» ប្រហាក់ប្រហែលនឹងខួរក្បាលមនុស្ស៕