ភ្នំពេញ៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែនតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា-ឡាវ-វៀតណាម) រយៈពេល ២០ខែសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ការសាងសង់ផ្លូវក្រវាត់ព្រំដែនតំបន់ CLV (កម្ពុជា-ឡាវ-វៀតណាម) សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និង ខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។
បើតាមរបាយការណ៍រយៈពេល ២០ខែមកនេះ ក្រុមការងារជំនាញចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និង ម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
រីឯការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។
សំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ៥៤ កន្លែង ស្មើនឹង ៤៦៤,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៤៨៤ កន្លែង, និងស្ថាប នាសម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១៤ កន្លែង ស្មើនឹង ៣០៥,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ២៤៥ ម៉ែត្រ និងទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និងស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ។
កសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោត ដែលជាអត្តសញ្ញាណជាតិ សរុបចំនួន ៥.១៦៦ ដើម៕