Cctimesw1140xh150cm copy

DJ Nana៖ពីពិធីករវិទ្យុ ក្លាយជាអ្នកនិយាយលើកទឹកចិត្តដ៏មានប្រជាប្រិយភាព

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
ឌីជេ ណាណា (DJ Nana) មានឈ្មោះដើម នាង សុវ៉ាតនា។

ភ្នំពេញ៖ ពិធីការិនី ១ រូបដែលមានប្រជាប្រិយភាព កំពុងតែលេចធ្លោក្នុងបណ្ដេញសង្គម តែងតែផ្តល់ចំណេះ ដឹង ការលើកទឹកចិត្តស្ត្រី និងយុវ័យ ចេះគិតពិចារណា វិភាគវែកញែកបែបស៊ីជម្រៅ និងបានវែងឆ្ងាយ។ ពិធីការិនីរូបនេះមានឈ្មោះ ឌីជេ ណាណា (DJ Nana) មានឈ្មោះដើម នាង សុវ៉ាតនា។ឌីជេ ណាណា ដើមឡើយជាពិធីករវិទ្យុ ហើយពេលបច្ចុប្បន្ន បានក្លាយជាពិធីការិនីដែលពោរពេញទៅដោយវោហាសព្ទ គំនិតចាក់ទឹកមិនលិច លើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ ចំណេះដឹង ការងារ ការសិក្សា និងជីវិតរស់នៅប្រចាំថ្ងៃជូលសាធារណៈជន។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ ស៊ីស៊ីថាមស៍ ឌីជេ ណាណា ឬអ្នកនាង នាង សុវ៉ាតនា បានថ្លែងថា អ្នកនាងបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើនពីមុនមក ការងារទាំងអស់នោះបានបង្រៀនអ្នកនាងជាច្រើនរហូតបានក្លាយខ្លួនជាមនុស្សរឹងមាំ ក្លាហាន និងហ៊ានជួបមនុស្សថ្មីៗសាកល្បងនូវចំណេះដឹងថ្មីៗ។

ក្រោយប្រឡងជាប់បាក់ឌុ ឌីជេ ណាណា បានចូលធ្វើការវេនព្រឹកនៅ អង្គការសង្គមស៊ីវិលក្នុងស្រុកមួយប្រហែល០៥ឆ្នាំ ក្រោយមកអ្នកនាងក៏បានផ្លាស់ប្ដូរទៅធ្វើការនៅអង្គការមូលនិធិ អាល្លឺម៉ង់វិញ ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួននៅសាកលវិទ្យាល័យផ្នែកទំនាក់ទំនង អន្តរជាតិនៅវេនល្ងាច។នេះជាចំណុចផ្ដើមរបស់អ្នកនាងក្នុងការប្រឡូកក្នុងសង្គម។

នៅវ័យ២២ឆ្នាំ ជាភ័ព្វសំណាង ក្នុងឆ្នាំ២០០៩ អ្នកនាង សុវ៉ាតនា និយាយក្រៅណាណា ទទួលបានដំណឹងជ្រើសរើសបុគ្គលិកវិទ្យុ និងមិនដឹងថា គេរើសវាគ្មិនប្រឹក្សាដោះស្រាយវិបត្តិអ្វីឡើយ រហូតដល់បានសម្ភាសន៍ជាប់ទៅ ក៏អ្នកនាងក៏បានចូលធ្វើការ។បន្ទាប់ពីត្រឡប់មកពីរៀន នៅសាកលវិទ្យាល័យវេនយប់ ម៉ោង៨ រួចក៏បន្តចូលធ្វើការក្នុងកម្មវិធីវិទ្យុវេលាម៉ោង ៨-៩យប់ រយៈពេល ០២ ឆ្នាំ។ទោះមានការងារពេញម៉ោងពេលថ្ងៃ និងរៀនពេលយប់ ស្ទើរគ្មានពេលសម្រាកក៏ដោយ ក៏ណាណា មិនស្កប់ស្កល់ចិត្តរកឱកាស ដើម្បីបន្ថែមប្រាក់ចំណូលឡើយ។

ឌីជេ ណាណា (DJ Nana) មានឈ្មោះដើម នាង សុវ៉ាតនា។

កម្មវិធីវិទ្យុឈ្មោះថា “ រាត្រីដ៏គួរឱ្យស្រឡាញ់” នៅវិទ្យុសារី FM បានធ្វើឱ្យ អាជីពរបស់អ្នកនាងក្នុងនាមជាអ្នកផ្តល់ប្រឹក្សាក្នុងមានកេរ៍្តឈ្មោះ និងទទួលស្គាល់ពីសំណាក់មិត្តអ្នកស្ដាប់ដែលស្រលាញ់ គាំទ្រនូវការបកស្រាយដំណោះស្រាយ និងការលើក ទឹកចិត្តជាមួយនឹងដំបូន្មានល្អៗ ដ៏មានអត្ថន័យរបស់អ្នកនាងទៅដល់ទស្សនិកជនជាច្រើននាក់។

ក្រោយទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់មិត្តអ្នក ឌីជេណាណា សម្រេចចិត្តឈប់ធ្វើជាម្ចាស់កម្មវិធី “ រាត្រីគួរឱ្យស្រឡាញ់” ដោយឈានទៅចាប់យកអាជីពផ្សេងៗទៀត ដូចជាពិធីការិនីឯករាជ្យ អ្នកប្រឹក្សាយោបល់ អ្នកសិល្បៈ និង ជាអ្នកជំនួញជាដើម។បន្ទាប់មកអ្នកនាង ឌីជេ ណាណាបានក្លាយពីអ្នកផ្តល់យោបល់ដ៏មានប្រជាប្រិយភាព និងត្រូវបានគេហៅឱ្យទៅធ្វើជាអ្នកបកប្រែកម្មវិធីពិធីករ និង ពិធីករទូរទស្សន៍ផ្សេងៗ។

នៅឆ្នាំ ២០១៣ អ្នកនាងបានចាប់ផ្តើមបង្ហោះវីដេអូ ចូលនៅក្នុងផេក ហ្វេសប៊ុករបស់ខ្លួនផ្ទាល់ (Dj NanaTips) បែបលក្ខណៈប្រឹក្សាមតិយោបល់ លើកទឹកចិត្ត និងចែករំលែក បទពិសោធន៍ និងដោះស្រាយវិបត្តិ ចំណេះដឹង ការងារ សិទ្ធិស្រ្តី យេនឌ័រ ការសិក្សា និងជីវិតរស់នៅប្រចាំ ថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យទូលំទូលាយនូវចំណេះដឹងទាំងនោះនៅយុគសម័យបច្ចេកវិទ្យានោះ។

ជាមួយគ្នានេះ ឌីជេ ណាណា ឬអ្នកនាង នាង សុវ៉ាតនា ក៏បានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា “ស្មានខុស”។ ប្រលោកនេះ ជាស្នាដៃនិពន្ធដំបូងរបស់ ឌីជេ ណាណា។សម្រាប់សៀវភៅរឿងប្រលោមលោករឿង "ស្មានខុសនេះ" គឺជាស្នាដៃនិពន្ធផ្ទាល់របស់នាង ដែលទើបតែចេញផ្សាយថ្មីៗនេះចំនួន ១៥០០ក្បាលហើយលើសពីការរំពឹងទុក គឺមានអ្នកគាំទ្រច្រើន។

យ៉ាងណាមិញ ក្នុងនាមជាវាគ្មិនក្នុងការដោះស្រាយបញ្ហារបស់ប្រិយ មិត្ត អ្នកនាងសន្យាថា នឹងព្យាយាមអភិវឌ្ឍន៍ បណ្ដុះចំណេះដឹងច្រើន ដឹងព័ត៌មាន និងបទពិសោធន៍ ច្រើន ដើម្បីកសាងសមត្ថភាពក្នុងការវិភាគដោះស្រាយឱ្យបានសមស្របទៅតាមបរិបទសង្គមមនុស្ស ម្នាក់ៗ។សម្រាប់ណាណា ការសិក្សាគ្មានពេលដែលត្រូវបញ្ចប់ឡើយ ពោលគឺត្រូវសិក្សាពេញមួយជីវិត។

ក្នុងការផ្ដល់យោបល់ អ្នកនាងយល់ថា វាចៀសមិនផុតទេដែលមានអ្នក គាំទ្រ និងអ្នកមិនគាំទ្រខ្លះ តែខ្ញុំមិនយករឿងនោះមកដាក់សម្ពាធលើខ្លួនឯងខ្លាំងឡើយ សំខាន់និយាយ កុំឱ្យប៉ះពាល់ច្បាប់ កុំឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។

ជាមតិយោបល់សម្រាប់មិត្តអ្នក អ្នកនាង នាង សុវ៉ាតនា បានប្រាប់ថា ការខិតខំប្រឹងប្រែងទាំងអស់ មិនសុទ្ធតែប្រាកដថាជោគជ័យទេ ក៏ប៉ុន្ដែការខិតខំប្រឹងប្រែងទាំងនោះ វាបានបង្រៀនឱ្យយើងបានក្លាយខ្លួនជាមនុស្សរឹងមាំ និងប្រសើរជាងមុន។បើសិនអ្នក មានទំនុកចិត្តគ្រប់គ្រាន់ និងប្រឹងប្រែងគ្រប់គ្រាន់ ជីវិតគេប្រសើរជាងមុនរឹងមាំ។សម្រាប់អ្នកដែលកំពុងមានបញ្ហា ជួបវិបត្តិផ្សេងៗ គួរក្រឡេកទៅមើលរាល់អ្នកជោគជ័យដូចជា នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីអប់រំ ឧកញ៉ា អ្នកជោគជ័យផ្សេងៗទៀត ពួកគាត់ក៏ធ្លាប់ចាប់ផ្ដើមពីជីវិតលំបាក ជួបបញ្ហា ឧបសគ្គ គ្មាននរណា កើតកូនអ្នកមាន ទទួលបានជោគជ័យតែម្ដងនោះទេ។

ឌីជេ ណាណា និយាយថា “ភាពជោគជ័យ វាទាមទារឱ្យ ចេះហ៊ានសាកល្បងនូវបទពិសោធន៍ បញ្ហាថ្មីៗ អ្វីដែលយើងបានជួបប្រទះ យើងចាត់ថាមានបញ្ហាជារឿងធម្មតា ដូចគេ ដូចឯង កុំផ្ដេកផ្ដួល ទៅតាមស្ថានភាពលំបាកដែលយើងកំពុងតែប្រឈម តែត្រូវព្យាយាមរកដំណោះស្រាយបញ្ហាទាំងនោះជា ដំណាក់កាលៗ ដោយច្នៃវាជាឱកាសមាស រួមផ្សំនឹងការខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ពេញទី ប្រកបដោយទំនុកចិត្ត” ។ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: DJ Nana
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង