ភ្នំពេញ៖ ស្រោចដំណាំជាមួយទឹកមុខញញឹម លោកតា អ៊ូច កួន មានវ័យ៧៧ឆ្នាំហើយ នៅតែមិនបោះបង់របរដាំបន្លែសុវត្ថិភាព ដើម្បីជាការលើកស្ទួយជីវភាព ក៏ដូចជាដើម្បីជាការបញ្ចេញពលកម្មកុំឱ្យមានជាតិពុលដើម្បីសុខភាពផងដែរ។ ត្បិតតែការដាំបន្លែនេះ មិនមែនជាកសិដ្ឋានខ្នាតធំ តែអាចឱ្យលោកតារកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយរដូវ។
ជាអ្នករស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោកតា អ៊ូច កួន ត្បិតតែមានវ័យ៧៧ឆ្នាំ មែនពិត តែលោកតានៅតែអាចដាំដំណាំបានយ៉ាងស្ទាត់ជំនាញ មិនចាញ់ក្មេងៗប៉ុន្មានទេ។ ហើយការដាំបន្លែទាំងនេះ បានហុចផលឱ្យលោកតាជាទីគាប់ចិត្ត នៅពេល
ក្នុងវ័យ៧៧ឆ្នាំ ជាអ្នកដាំបន្លែមួយរូប លោកតាបានរៀបរាប់ថា រូបគាត់ចេះដំាដំណាំតាំងពីមានអាយុ១០ឆ្នាំជាងមកម្ល៉េះ បើគិតមកដល់ពេលនេះ លោកតាប្រកបរបរដាំដំណាំជិត៦០ឆ្នាំហើយ។
ទាក់ទងនិងការដាំដុះនេះដែរ លោកតាប្រៀបធៀបពីភាពងាយស្រួលរវាងពីមុន និងពេលបច្ចុប្បន្ន ដោយសារតែមានការអភិវឌ្ឍន៍។ បើពេលពីមុន មិនទាន់មានឧបករណ៍ទំនើបក្នុងការប្រើប្រាស់ស្រោចស្រពដំណាំទេ តែពេលនេះ មានឧបករណ៍ទំបើបសព្វបែបយ៉ាង ទាំងការភ្ជួររាស់ មានទាំងម៉ាស៊ីនស្រោចដំណាំ ជាហេតុដែលផ្ដល់ភាពងាយស្រួលឱ្យលោកតាសប្បាយចិត្ត និងចង់ដំាដុះបន្លែទាំងនេះរហូតមកដល់ពេលនេះ។
លោកតាមានប្រសាសន៍ថា កាលពីមុនរូចលោកតាអាចដាំបន្លែបានតិច និងពិបាកក្នុងការស្រោចស្រពដំណាំ ដោយត្រូវប្រើកម្លាំងបាយសុទ្ធសាធតែពេលនេះវិញអាចដាំបានច្រើនហើយ និងងាយស្រួលជាងមុនឆ្ងាយណាស់។
ជាងនេះទៅទៀត លោកតាបន្តថា ការដាំបន្លែនេះ គឺដាំតាមរដូវកាល ពោលចាប់ផ្ដើមពីខែវិច្ឆិកា រហូតដល់ ខែមិនា ទាក់ទងនិងតម្លៃលក់លើទីផ្សារវិញ លោកតាថា បន្លែដែលរូបគាត់ដាំ គឺលក់បានតម្លៃគ្រាន់បើជាងគេ ព្រោះបន្លែលោកតាដាំយ៉ាងសម្រិតសម្រាំង ដែលគេហៅថាបន្លែសុវត្ថិភាព ហើយអ្នកដែលទិញហូបមិនដែលមានបញ្ហាដល់សុខភាពទេ។ ជាទូទៅរូបគាត់ប្រមូលផលបានហើយ គាត់យកទៅលក់នៅឯផ្សារដោយខ្លួនឯង រីឯតម្លៃវិញជាទូទៅគឺ៥ពាន់រៀលក្នុងមួយគីឡូ។
លោកតាក៏បានជម្រាបពីមូលហេតុដែលរូបគាត់បន្តដាំដំណាំ នេះក៏ដោយសារតែជាមុខរបរបន្តពីគ្រួសារ ដោយរូបគាត់ចេះដាំបន្លែតាំងតែពីវ័យកុមារ ហើយនឹកឃើញចេះតែចង់ដាំ មួយវិញទៀតពេលដាំហើយបន្លែទាំងនោះតែងតែហុចផលឱ្យជាទីគាប់ចិត្ត ក្រៅពីដាំដំណាំលោកតាក៏ចិញ្ចឹមត្រី មាន់ ជ្រូក គោ និងបិតស្រាជាដើម។ លោកតាថា ឱ្យតែពេលដាំដំណាំគឺធ្វើឱ្យរូបលោកសប្បាយចិត្ត ពេញចិត្តនិងការដាំដុះនេះ ជាហេតុធ្វើឱ្យលោកតាមិនមានភាពនឿយណាយក្នុងការប្រកបរបរនេះឡើយ។
លោកតាមានប្រសាសន៍ថា៖ «ពេលឃើញដំណាំឱ្យផលល្អបែបនេះ គឺស្រោចទឹកមិនហត់សោះឡើយ ហើយសប្បាយចិត្តក្នុងការធ្វើការងារនេះមិនចេះហត់ឡើយ»។
ទន្ទឹមនឹងនេះ ក្នុងមួយរដូវកាលនៃការប្រមូលផលដំណាំទាំងនេះ រូបលោកតាអាចរកចំណូលបាន២ពាន់ដុល្លារជាមធ្យម ដោយទូទាត់ថ្លៃចំណាយរួចរាល់ហើយ។
បើតាមការរៀបរាប់ពីលោកតា បានឱ្យដឹងថា ថ្លៃចំណាយក្នុងការដាំដុះមួយរដូវកាលៗគឺស្មើនិង១០ភាគរយនៃប្រាក់ចំណូលតែប៉ុណ្ណោះ ពោលដោយសារតែលោកតា ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ជាជីធម្មជាតិដូចជាអាចម៍គោ និងអាចម៍មាន់ និងកាត់បន្ថយការប្រើប្រាស់ជីគីមីទៀតផងនោះ ធ្វើឱ្យការចំណាយចុះថយ។
ទាក់ទងនិងបច្ចេកទេសដាំដុះវិញ លោកតាបានឱ្យដឹងថា ជាទូទៅទម្រាំតែប្រមូលផលបានត្រូវប្រើរយៈពេល៧៥ថ្ងៃ ទើបអាចកាត់យកទៅលក់ទៅទីផ្សារបាន ហើយប្រើរយៈពេលយូរក៏ដោយសារតែត្រូវបណ្ដុះកូនដំណាំសិនទើបយកមកដាំជាក្រោយ។ ហើយបន្លែដែលលោកតា ចូលចិត្តដាំមានដូចជា សាឡាដ ស្ពៃចង្កឹះ ស្ពៃជើងទា ស្ពៃខ្មៅ ស្ពៃក្ដោប និងខាត់ណា ព្រោះវាងាយស្រួលក្នុងការប្រមូលផល និងងាយក្នុងការវេចខ្ចប់ មិនសូវហត់ច្រើនដូចបន្លែប្រភេទត្រកួនជាដើម។
លោកតាបញ្ជាក់បន្ថែមថា បន្លែដែលបានយកទៅលក់នៅផ្សារក្នុងថ្ងៃណាដែលលក់ដាច់ខ្លាំងអាចលក់បានពី៣០ ទៅ៤០ម៉ឺនរៀលឯណោះ។ ក្នុងនាមជាអ្នកដាំបន្លែជើងចាស់មួយរូបលោកតា កួន យល់ឃើញថា តម្រូវការក្នុងស្រុកដូចជានៅក្នុងតំបន់លោកតា មានតម្រូវការច្រើនស្ទើតែផ្គត់ផ្គង់មិនគ្រប់៕