ភ្នំពេញ៖ ប្រធានអតីតបក្សប្រឆាំងលោក កឹម សុខា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ ត្រូវចូលរួមប្រឆាំងការរីករាលដាលនៃជំងឺ Covid-19 ដើម្បីជួយសេដ្ឋកិច្ចជាតិ។នេះបើតាមការចុះផ្សាយនៅលើកបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោក កឹម សុខា បានគូសបញ្ជាក់ថា ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលមិនត្រឺមតែប៉ះពាល់ដល់សុខភាព និង អាយុជីវិតមនុស្សលោកនោះទេ លើសពីនេះទៅទៀត វាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស និង ជីវភាពរស់នៅរបស់មនុស្សជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរផងដែរ។
ក្នុងនាមជាអតីតមេបក្សប្រឆាំង លោក កឹម សុខា យល់ឃើញថា ក្នុងកាលៈទេសៈនេះ ពលរដ្ឋខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរខាងលើ (ជំងឺ និង សេដ្ឋកិច្ច) ដែលប៉ះពាល់ដល់ប្រទេសជាតិ និង ប្រជាពលរដ្ឋកម្ពុជា។ហើយលោក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំប្រកាន់និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ វាយប្រហារគ្នា ដោយអសីលធម៌។
សម្រាប់ប្រធានអតីតបក្សប្រឆាំងរូបនេះ បច្ចុប្បន្ននេះផ្តល់អាទិភាពរបស់កម្ពុជា គឺរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 និងលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និង ប្រជាពលរដ្ឋខ្មែរ។ជាមួយគ្នាលោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតនេះ។
សូមបញ្ជាក់ថា លោក កឹម សុខា ជានយោបាយខ្មែរដ៏មានប្រជាប្រិយភាពម្នាក់។កន្លងមកលោកជាប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជា ហើយបន្ទាប់មកអនុប្រធានគណបក្សសង្គោះជាតិ និង ចុងក្រោយក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ ។ បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះ ពាក់ព័ន្ធបទចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌកម្ពុជា៕