Cctimesw1140xh150cm copy

ក្រុមហ៊ុនចំនួន៣ទៀតទទួលបានសិទ្ធិអភិវឌ្ឍន៍នៅកម្ពុជាដែលបង្កើតការងារជាង៥៣៥កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន០៣ ដែលអាចបង្កើតឱកាសការងារជូនប្រជាជនកម្ពុជាប្រមាណ៥៣៥កន្លែងលើទឹកដីខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនផលិតកេសកាតុងគ្រប់ប្រភេទ ក្រុមហ៊ុនបង្កើតកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ និងក្រុមហ៊ុនផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន H.R ENTERPRISE CO., LTD ដែលជាគម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។

ដោយឡែក ចំពោះក្រុមហ៊ុន “CAMBODIAN NEW JUIHUAN TRADING CO., LTD” ជាគម្រោងបង្កើតរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

ទន្ទឹមនឹងនេះ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ របស់ក្រុមហ៊ុន “PINNACLE HOME COLLECTION CO., LTD” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សេដ្ឋកិច្ច
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង