ភ្នំពេញ៖ ព្រះសង្ឃវ័យក្មេងមួយអង្គ ព្រះនាម ហោន ភារៈ ដែលបច្ចុប្បន្ននេះកំពុងគង់នៅវត្តនិរោធរង្សី នៅរាជធានីភ្នំពេញ បានរៀនសិក្សា និងបង្កើតស្នាដៃអក្សរឆ្លាក់រចនាខ្មែរបានច្រើន។ ព្រះសង្ឃក៏មានសង្ឃដីកាប្រាប់ស៊ីស៊ីថាមស៍ថា ស្នាដៃទាំងអស់នោះសុទ្ធតែជាការឆ្លាក់អក្សរខ្មែរជាក្បាច់ផុស ហើយវាបានបង្ហាញនូវការលើកស្ទួយនៅក្បាច់វប្បធម៌ជាតិខ្មែរដែលបានបន្សល់ពីបុរាណកាលមក ដើម្បីទុកឱ្យកូនជំនាន់ក្រោយថែរក្សា លើកស្ទួយ ភាសា អត្តសញ្ញាណជាតិ អក្សរសាស្រ្ត វប្បធម៌ជាតិ និងអភិរក្សស្នាដៃទាំងអស់នោះ បន្តទៅថ្ងៃមុខទៀត។
ព្រះសង្ឃ ហោន ភារៈ មានសង្ឃដីកាថា ដំបូងឡើយទ្រង់មិនដែលចង់ឆ្លាក់អីទេ ប៉ុន្តែពេលដែលទ្រង់ឃើញព្រះសង្ឃដែលសិស្សច្បង បានឆ្លាក់ ទើបទ្រង់ក៏មានចំណាប់អារម្មណ៍ចង់ចេះឆ្លាក់ដែរ ហើយក៏រៀនឆ្លាក់តាមអ្វីដែលអាចធ្វើបាន។ ប៉ុន្តែពេលចាប់ផ្ដើមដំបូង ទ្រង់ឆ្លាក់អក្សរមិនដូចសោះ មិនដឹងថាឆ្លាក់ពីណាទៅណាទេ ហើយមិនដឹងមកពីអ្វីដែរ តែយ៉ាងណាមិញ ដោយការស្រលាញ់ និងសេចក្ដីព្យាយាមប្រកបដោយឆន្ទៈមុតមាំ ក្នុងពេលទំនេរពីការសិក្សា ព្រះសង្ឃអង្គនេះ តែងតែរៀនឆ្លាក់ជាប់ជាប្រចាំ ជារៀងរាល់ថ្ងៃ ទម្លាប់ទាំងនោះបានធ្វើឲ្យស្នាដៃរបស់ទ្រង់កាន់តែប្រសើរឡើងៗ និងឆ្លាក់បានល្អជាងមុន។
វាជារឿងធម្មតា ការដែលធ្វើអ្វីមួយដើម្បីសម្រេចនូវបំណងណាមួយ រមែងតែងតែចៀសមិនផុតពីបញ្ហាប្រឈមឡើយ តែអ្វីដែលសំខាន់នោះថាតើ យើងអាចអត់ធ្មត់បានកម្រិតណាដែរ។ ចំពោះព្រះសង្ឃ ហោន ភារៈ រាល់ផលលំបាកច្រើននៅពេលឆ្លាក់អក្សរខ្មែរដំបូង ដោយសារព្រះសង្ឃនៅមិនទាន់មានក្បួនខ្នាតច្បាស់លាស់សម្រាប់ឆ្លាក់តាម ដោយសារពេលនោះទ្រង់ស្នាក់នៅខេត្តនៅឡើយ។ ដូច្នេះពុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់ឆ្លាក់នោះទេ សម្រាប់ពេលនេះទ្រង់ឃើញថា មានការគាំទ្រខ្លះដែរពេលដែលគេចង់ឆ្លាក់ឈ្មោះរបស់គេ ទើបព្រះសង្ឃរៀនឆ្លាក់ផង និងឆ្លាក់ជូនគេបានតែម្ដង។ វាទាមទារឱ្យមានការអនុវត្តច្រើនលើកច្រើនសាររហូតទាល់តែធ្នឹកដៃ និងយ៉ាងប៉ិនប្រសប់ទៀតផង។
ព្រះសង្ឃវ័យក្មេងអង្គនេះ បន្ថែមថា ការឆ្លាក់អក្សរត្រូវការសម្ភារៈមានដូចជាៈ សៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ និងសម្ភារៈផ្សេងៗតាមតម្រូវការ។ បើគិតពីការចំណាយពេលវេលាក្នុងការឆ្លាក់អក្សរវិញ ព្រះសង្ឃអង្គនេះ បានចំណាយពេលរយះពេល ជិតបួនប្រាំឆ្នាំទំរាំតែទើបចេះឆ្លាក់បានខ្លះ ដូចដែលបានឃើញនូវតាមបណ្ដាញសង្គមស្រាប់ហើយ។ សម្រាប់ពេលវេលាដែលទ្រង់ត្រូវចំណាយរៀងច្រើនដែលនឹងទើបសម្រេចបានជាលទ្ធផល ក្នុងមួយព្យាង្គចំណាយពេលជិតមួយម៉ោង ទើបបានមិនទាន់គិតទៅលើក្បាច់មួយចំនួនទៀតបាន។
ព្រះសង្ឃដែលមានព្រះជន្ម ១៦វស្សាអង្គនេះ បន្តសង្ឃដីកាថា «ក្នុងស្នាដៃទាំងអស់ដែលអាត្មាស្រលាញ់គឺការឆ្លាក់ជាក្បាច់ផុស ហើយវាបានបង្ហាញនូវការលើកស្ទួយនៅក្បាច់វប្បធម៌ខ្មែរយើងផងដែរ និងចង់បង្ហាញថា ខ្មែរពិតជាមានអរិយធម៌ពិតប្រាកដរបស់ខ្លួន តាំងពីយូរលង់មកហើយ។ ពេលឆ្លាក់អក្សរទាំងអស់របស់អាត្មាភាពបានសម្រេចហើយ ឃើញថាមានការពេញចិត្ដ និងមានការគាំទ្រច្រើនគួរសមដែរ។ »
យើងត្រូវមានក្បួនខ្នាតច្បាស់លាស់ ទើបធ្វើអោយអក្សរឆ្លាក់ទាំងនោះ កាន់តែទទួលបាននូវភាពស្រស់ស្អាត និងមានក្បាច់រចនាប្រកបដោយអត្ថន័យដែលត្រូវតាមលក្ខណៈអក្សរ ជាពិសេសនោះវាត្រូវការពេលវេលាយ៉ាងប្រិតប្រៀងផងដែរ។ ដោយសារភាពច្នៃប្រឌិតរបស់ព្រះសង្ឃ ហោន ភារៈ ដែលមានដូចជាត្រូវយកក្បាច់ផ្សេងៗបញ្ចូលគ្នា ហើយអក្សរដែលយកមកឆ្លាក់ បច្ចុប្បន្ននេះមានតែពីរប្រភេទទេ គឺអក្សរមូល និងអក្សរក្បាច់។
លើសពីនេះទៅទៀត ចំពោះការឆ្លាក់អក្សរឈ្មោះទាំងអស់នោះ វាមានលក្ខណៈពិសេសត្រង់ថា យើងអាចច្នៃក្បាច់រចនាបានច្រើនប្រភេទ ដូចជាក្បាច់អង្គរ ក្បាច់បន្ទាយស្រីជាដើម ដើម្បីអោយកាន់តែមានភាពរស់រវើក នឹងមានភាពទាក់ទាញ។ ក្រៅពីឆ្លាក់ឈ្មោះអក្សរខ្មែរហើយ ព្រះសង្ឃអង្គនេះក៏មានបំណងចង់គូរគំនូរផ្សេងៗទៀតផងដែរ បើមានពេលវេលាគ្រប់គ្រាន់ហាត់រៀនបន្ថែមទៀត ទ្រង់នឹងបន្ដរៀនគូររូបគំនូរ ដើម្បីសាងស្នាដៃបទពិសោធន៍ឱ្យបានច្រើនប្រភេទ ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង ហើយនិងចង់ធ្វើជាវីដេអូនៃសកម្មភាពឆ្លាក់បន្ដទៀត ដើម្បីទុកអោយអ្នកដែលចង់ចេះឆ្លាក់ ហើយអាចរៀនឆ្លាក់តាមបានតាមរយះវីដេអូទាំងនោះ។
ជាមួយគ្នានេះដែរ ការឆ្លាក់របស់ព្រះសង្ឃ ហោន ភារៈ វាមានសារប្រយោជន៍ច្រើនណាស់ ដែលទ្រង់សូមលើកយកចំណុចខ្លះមកបង្ហាញគឺទីមួយ តាមរយះការឆ្លាក់ឈ្មោះអក្សរទាំងនោះអាចបង្ហាញពីអត្តសញ្ញាណរបស់វប្បធម៌អត្តសញ្ញាណជាតិខ្មែរយើង និងទីពីរគឺ ចង់បង្ហាញពីការខិតខំប្រឹងប្រែង និងអត់ធ្មត់ តស៊ូ ព្យាយាមរបស់បុព្វបុរសខ្មែរជំនាន់មុន ដែលបានបន្សល់ទុកនូវក្បាច់រចនាអស្ចារ្យផ្សេងៗជាច្រើនប្រភេទ។
ជាចុងបញ្ចប់ ព្រះសង្ឃ ហោន ភារៈ មានសង្ឃដីកាសំណូមពរដល់កូនខ្មែរយុវជនខ្មែរទាំងអស់ ឱ្យពួកគាត់ចូលរួមលើកស្ទួយនូវអ្វីដែលជារបស់ខ្មែរ និងជួយថែរក្សា វប្បធម៌ជាតិខ្មែរមិនថានៅក្នុងស្រុក ឬក្រៅស្រុកក៏ដោយ ហើយបន្ដរួបរួមសាមគ្គីគ្នាកសាងនូវលក្ខណៈពិសេសអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ឱ្យប្រទេសដទៃទៀតបានដឹងថា ខ្មែរពិតជាមានខ្លាំង និងមានអ្វីដែលជារបស់ខ្លួនតាំងពីបុរាណកាលមកដែលបន្សល់ពីដូនតាហើយបន្តថែរក្សាអ្វីដែលប្រទេសជាតិមានទៅមុខទៀត។
សូមបញ្ជាក់ថា ព្រះសង្ឃព្រះនាម ហោន ភារៈ ស្ថិតនៅជន្ម ១៦វស្សា និងមានស្រុកកំណើតនៅក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ព្រះសង្ឃអង្គនេះ បានចូលសាងផ្នួសតាំងពីព្រះជន្ម ១២វស្សា នៅឆ្នាំ២០១៥ ហើយគង់នៅវត្តពុទ្ធរង្សី ហើយបន្ទាប់មកសព្វថ្ងៃនេះ លោកក៏និមន្តមកសិក្សារៀនសូត្រនៅវត្ត និរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕