Cctime 6monthsfree desktop
Cc times  web banner kh (2)

សារមន្ទីរទួលស្លែងលើយក«រឿងរ៉ាវដ៏ក្រៀមក្រំ»ខ្សែជីវិតជនរងគ្រោះម្នាក់ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ១៨មីនា

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពដោយ  ក្រុមការងារបណ្ណសារសារមន្ទីរទួលស្លែង

ភ្នំពេញ៖ ក្រុមការងារបណ្ណសារសារមន្ទីរទួលស្លែង នៅថ្ងៃទី ១៨ មីនា ឆ្នាំ ២០២៥នេះ បានរៀបចំបង្ហាញឡើងវិញម្តងទៀតនូវរឿងរ៉ាវដ៏ក្រៀមក្រំ និង ខ្លោចផ្សាពីខ្សែជីវិតរបស់អ្នកស្រីបុប្ផាណា ដែលជាពលរដ្ឋខ្មែរម្នាក់រងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០។ការបង្ហោះឯកសារប្រវត្តិសាស្ត្រនេះ គឺរៀបចំឡើងចំខួបលើកទី ៥៥ ឆ្នាំនៃព្រឹត្តិការណ៍​ថ្ងៃ ១៨​មីនាឆ្នាំ ១៩៧០ ថ្ងៃ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ពី​ព្រះប្រមុខរដ្ឋ​។

ក្នុងឯកសារនោះ  ក្រុមការងារបណ្ណសារសារមន្ទីរទួលស្លែង បានលើកឡើងជាសំណួរថា តើអ្នកដឹងទេថ្ងៃនេះកាលពី ៤៧ ឆ្នាំមុនអ្នកស្រី ហួត បុប្ផាណា និងស្វាមីឈ្មោះ ហួត លីស៊ីថា ត្រូវនាំយកទៅសម្លាប់ បន្ទាប់ពីបានឃុំខ្លួន និង សួរចម្លើយទាំងបង្ខំនៅ ស-២១ អស់រយៈពេល៦ខែ។

បើតាមក្រុមការងារបណ្ណសារសារមន្ទីរទួលស្លែង បានគូសបញ្ជាក់ថា អ្នកស្រី ហួត បុប្ផាណា (មានឈ្មោះក្រៅហៅថា មុំ និងឈ្មោះក្នុងឯកសារចម្លើយសារភាពថា សីតា) ជាកូនស្រីរបស់គ្រូបង្រៀនម្នាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កាលពីអាយុ១៦ឆ្នាំ ឪពុកម្តាយបានផ្សំផ្គុំជាមួយនឹងបុរសជាបងជីដូនមួយឈ្មោះ ហួត លីស៊ីថា (ហៅ ដែត)។ ប៉ុន្តែអាពាហ៍ពិពាហ៍នេះត្រូវពន្យារពេល ដោយសារព្រឹត្តិការណ៍រដ្ឋប្រហារនៅឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិល។ អ្នកទាំងពីររស់នៅឆ្ងាយពីគ្នានិងស្ទើរតែគ្មានទំនាក់ទំនងទៀតនោះឡើយ។ នៅឆ្នាំ ១៩៧៣ បុប្ផាណាបានជួប ស៊ីថា ម្តងនៅវត្តលង្កា ក្រុងភ្នំពេញ។ ពេលនោះ លោក ស៊ីថា ជាសង្ឃ។

នៅខែមេសា ឆ្នាំ ១៩៧៥ បុប្ផាណាត្រូវជម្លៀសទៅរស់ទៅស្រុកកំណើត។ បុប្ផាណា ត្រឡប់ទៅរស់នៅស្រុកបារាយណ៍ ជាទីដែលបានជួប ស៊ីថា ដែលពេលនោះជាកម្មាភិបាលម្នាក់ឈ្មោះ ដែត។ ជំនួបលើកនេះ មា្តយដែត បានផ្សំផ្គុំអ្នកទាំងពីរឲ្យក្លាយជាប្តីប្រពន្ធនឹងគ្នា។ ប៉ុន្តែអ្នកទាំងពីរមិនបានរស់នៅជាមួយគ្នាទេ ដ្បិត ដែតត្រូវទៅបំពេញការងារនៅភ្នំពេញ ឯបុប្ផាណាធ្វើពលកម្មនៅស្រុកបារាយណ៍។ ទោះជាយ៉ាងណា អ្នកទាំងពីរបន្តទាក់ទងគ្នាតាមរយៈសំបុត្រស្នេហា ដែលផ្ញើឆ្លងឆ្លើយយ៉ាងប្រថុយប្រថាន។ តាមខ្លឹមសារក្នុងសំបុត្រ អ្នកស្រី បុប្ផាណា បានហៅខ្លួនថា សីតា (ជាឈ្មោះតួអង្គក្នុងរឿងរាមកេរ្តិ៍)។ ក្នុងសំបុត្រ អ្នកស្រីបានរៀបរាប់ពីទុក្ខលំបាកផ្សេងៗ និងការរើសអើងពីប្រជាជនមូលដ្ឋាន។

នៅឆ្នាំ១៩៧៦ ក្រោយការចាប់ កុយ ធួន (រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម) ដែត និងមនុស្សនៅក្រោមបង្គាប់ កុយ ធួន ដទៃទៀតក៏ត្រូវចាប់មក ស-២១ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៦។ បន្ទាប់មកបុប្ផាណាក៏ត្រូវចាប់ខ្លួនពីបារាយណ៍ និងបញ្ចូលមក ស-២១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៧៦។ នៅ ស-២១ អ្នកសួរចម្លើយបានបង្ខំឲ្យអ្នកស្រីសរសេរចម្លើយសារភាពរាប់រយទំព័រ។ ក្រោយការឃុំខ្លួននិងសួរចម្លើយជាង៦ខែ ហួត បុប្ផាណា និងស្វាមី ត្រូវខ្មែរក្រហមសម្លាប់ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៧។

ក្រុមការងារបណ្ណសារសារមន្ទីរទួលស្លែង បានសង្កត់ធ្ងន់ថា  សព្វថ្ងៃឯកសារចម្លើយសារភាព និង ឯកសារពាក់ព័ន្ធដទៃទៀតរបស់លោកស្រី និងស្វាមី មានតម្កល់នៅក្នុងបណ្ណសារសារមន្ទីរទួលស្លែង និង បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឲ្យវិញ្ញាណខន្ធ អ្នកស្រី បុប្ផាណា និងស្វាមី រួមទាំងជនរងគ្រោះក្នុងដែលបាត់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង