Cctime 6monthsfree desktop
Cc times  web banner kh (2)

បណ្ឌិត កៅ ថាច បញ្ចប់បេសកកម្មក្នុង «សន្និបាទហិរញ្ញវត្ថុ​ជាសកល ២០២៥» ដោយរលូន ដែលមានគណៈប្រតិភូមកពីបណ្តាទ្វីបផ្សេងៗប្រមាណជា ២៥០០ នាក់

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ បានចូលរួមក្នុងសន្និបាទហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ “ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដែលមានគណៈប្រតិភូមក ពីបណ្តាទ្វីបផ្សេងៗជុំវិញសកលលោកប្រមាណជា ២៥០០ នាក់។

សន្និបាតហិរញ្ញវត្ថុ ជាសកលប្រចាំឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ផ្តោតលើប្រធានបទចំនួន ៣ធំៗរួមមាន កិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំជាន់ខ្ពស់ កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់លើប្រធានបទ “Greening Fnancial Systems: Unlocking Capital for Climate and Development" និង​កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់លើប្រធានបទ “Sustainable Food Systems, Security and Nutrition" ។

១. កិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level dosed Door Meeting) នៃសមាជិកសន្និបាត ហិរញ្ញវត្ថុសកល ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន បានផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ពិសេសធនាគារអភិវឌ្ឍន៍របស់រដ្ឋក្នុងការចែករំលែកបទពិសោធន៍ និង បង្ហាញពីស្ថានភាពនៃការអភិវឌ្ឍបច្ចុប្បន្ន គំនិតផ្តួចផ្តើមនានាសម្រាប់ការផ្តល់ហិរញ្ញប្បទានសំដៅជំរុញប្រព័ន្ធ ស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។ ជាពិសេស នៅក្នុងប្រធានបទនេះ ប្រមូលផ្តុំនូវបញ្ហាប្រឈមនានាជុំវិញការផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រប្រព័ន្ធស្បៀងអាហារ និងកំណត់គោលដៅរួមសម្រាប់ជាមគ្គុទេសនៃការអនុវត្ត។

២. កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់លើប្រធានបទ “Greening Fnancial Systems: Unlocking Capital for Climate and Development" បានពិភាក្សាជុំវិញយុទ្ធសាស្ត្រនិងគំនិតផ្តួចផ្តើមនានាក្នុងការធ្វើបរិវត្តកម្មទៅជាប្រព័ន្ធហិរញ្ញវត្ថុបៃតង និងការកៀរគរមូលនិធិបន្ថែមសម្រាប់ពង្រីកការគាំទ្រដល់ហរិញ្ញប្បទាន អាកាសធាតុ និងហិរញ្ញប្បទានការអភិវឌ្ឍ។ ក្នុងនោះ បណ្ឌិត កៅ ថាច បានចែករំលែកនូវគំនិតផ្ដួចផ្ដើមនានាដែលសមាជិក ADFIAP បាននិងកំពុងអនុវត្តសំដៅដល់ការគាំទ្របរិវត្តកម្មទៅជាប្រព័ន្ធហិរញ្ញវត្ថុបៃតង ពិសេស យុទ្ធសាស្ត្រនាពេលអនាគតក្នុងការសម្រេចបាននូវគោលដៅរួមមាន (១) ការកៀរគរធនធានហិរញ្ញវត្ថុ បន្ថែម, (២) ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល, (៣) ការពង្រឹងការកៀរតរធនធានក្នុងស្រុក និង (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

៣. កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំជាន់ខ្ពស់លើប្រធានបទ “Sustainable Food Systems, Security and Nutrition" បានផ្តោតសំខាន់ពិភាក្សាអំពីគំនិតផ្តួចផ្តើមនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធ​ ស្បៀងអាហារប្រកបដោយចីរភាព, សុវត្ថិភាពស្បៀង, និងអាហារូបត្ថម្ភ។ បណ្ឌិត កៅ ថាច បានចែករំលែកអំពីតួនាទីធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយ ចីរភាពដល់តួអង្គក្នុងខ្សែច្រវាក់ស្បៀងអាហារ ចាប់ពីកសិករខ្នាតតូច (ដាំដុះនិងផលិត), សហគ្រាសកែច្នៃនិង វេចខ្ចប់ ក្នុងគោលដៅធានាសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់សុខភាព។ បន្ថែមពីនេះ លោកក៏បានរំលេចដែរថា ការកសាងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពកំពុង ប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារតែការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីគ្រោះធម្មជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ជាដើម ដែលជាកត្តាជំរុញដល់ ការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហារួមគ្នា។

ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា,ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រតិភូចូលរួមនូវកិច្ចប្រជុំចំនួនពីរបន្ថែមទៀតគឺ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និង កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអង្គការមូលនិធិអន្តរជាតិសម្រាប់ ការអភិវឌ្ឍកសិកម្ម ។

១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ បានអនុម័តលើរបាយការណ៍សកម្មភាពរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឈន៍ឆ្នាំ ២០២៥ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចដែលរួមមាន ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោតរយៈពេលវែង, ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ការជំរុញលើ ការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ, ការលើកកម្ពស់បរិយាប័ន្នសង្គម, និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារ ឱ្យបានទាន់ពេល ជាដើម។ បន្ថែមពីនេះ, កិច្ចប្រជុំក៍បានផ្ដល់ជាធាតុចូលបន្ថែមលើឯកាសារមគ្គុទេសន៍ស្តីពី“តួនាទីដែលមិនអាចខ្វះបាននៃធនាគារអភិវឌ្ឍន៍របស់រដ្ឋក្នុងនិម្មាបនកម្មហិរញ្ញវត្ថុអភិវឌ្ឈន៍សកលដើម្បីពង្រឹងតួនាទីនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងយន្តការនៃ WFDFI មានសំឡេងជាតំណាងឱ្យគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងសន្និបាតនៃបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗពី ប្រទេសចំនួនប្រាំពីរ និង ប្រទេស ចំនួនស្ពៃ នៅលើពិភពលោក(G7 និង G20) និងសន្និសីទកំពូលបណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ (Conference of the Parties - COP)។

២. កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអង្គការមូលនិធិអន្តរជាតិសម្រាប់ ការអភិវឌ្ឍកសិកម្ម បានពិភាក្សាលើការពង្រឹងកិច្ច សហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា ពិសេសការពិនិត្យ លទ្ធភាពគាំទ្រលើការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា ដែលជាគម្រោងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាជាតិ ដែលបញ្ចេញកាបូនិចហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន ព្រៃឈើនិងការប្រើប្រាស់ដី កសិកម្ម ធនធាន ទឹក, ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជួន។

គួរបញ្ជាក់ផងដែរថា សន្និបាតហិរញ្ញវត្ថុ ជាសកលប្រចាំឆ្នាំ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដែលមានការចូលរួមពីបណ្តាប្រទេសនានាចំនួនប្រមាណ ២៥០០ នាក់៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង