ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា អាជ្ញាធរចិនកំពុងបង្កើនការសម្របសម្រួល និងព្យាយាមបំពេញការបញ្ជាទិញវត្ថុធាតុដើមពីក្រុមហ៊ុនកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខាតបង់ដល់ក្រុមហ៊ុនកម្ពុជា។ការថ្លែងបែបនេះ ធ្វើឡើងនៅពេលលោកចូលរួមក្នុងពិធីបើកជំនួយប្រាក់កម្ចីរបស់ប្រទេសចិនសម្រាប់ការសាងសង់ផ្លូវជាតិលេខ ៥៨ ។
លោក Wang Wentian បានមានប្រសាសន៍ថា ទោះបីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនាពេលបច្ចុប្បន្ននេះ ជាក់ស្តែងបានបង្កការរំខានដល់កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ប៉ុន្តែប្រសិនបើបញ្ហានេះមានការកាត់បន្ថយបន្តិចម្តងៗ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យផ្សេងៗប្រាកដជានឹងមានការអភិវឌ្ឍនិងភាពរឹងមាំជាងមុន។
លោក បន្តថា អាជ្ញាធរចិនដែលពាក់ព័ន្ធយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយកំពុងបង្កើនការសម្របសម្រួល ដើម្បីបំពេញការបញ្ជាទិញវត្ថុធាតុដើមរបស់សហគ្រាសកម្ពុជា និងខិតខំកាត់បន្ថយការខាតបង់របស់សហគ្រាសកម្ពុជា។
លោក បានបញ្ជាក់ថា ដោយសារការជះឥទ្ធិពលពីប្រទេសចិន ក្រុមហ៊ុនកាត់ដេរមួយចំនួននៅកម្ពុជាប្រឈមនឹងការលំបាកក្នុងការខ្វះខាតវត្ថុធាតុដើម ពិសេសការបែងចែកកម្លាំងពលកម្មនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោកប្រហែល ៦០ ភាគរយនៃវត្ថុធាតុដើមរបស់ក្រុមហ៊ុនសម្លៀកបំពាក់និងស្បែកជើងកម្ពុជាត្រូវការនាំចូលពីប្រទេសចិន។
សូមបញ្ជាក់ថា ដោយសារខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសមួយចំនួន បានផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយរោងចក្រ-សហគ្រាសទាំងនោះត្រូវចេញប្រាក់ខែចំនួន៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរដ្ឋាភិបាលនឹងចូលរួមចំណែក ២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា) ៕