ភ្នំពេញ៖ដើមទុន១០០០ដុល្លាតិចណាស់ពិបាកនឹងយកទៅបង្កើតអាជីវកម្ម ឬវិនិយោគលើអ្វីមួយ។ ប៉ុន្តែអ្នកត្រូវប្រើដើមទុនពីរទៀតផ្គួបបញ្ជូលគ្នាដើម្បីចាប់ផ្តើមវិនិយោគលើអ្វីមួយបាន។នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូរ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ។
អ្នកជំនាញដដែល ដើមទុនទី១ គឺទុនសង្គម (Social Capital)៖ សហការជាមួយក្រុមមនុស្សដែលមានសមត្ថភាព និងភាពស្មោះត្រង់ដោយចូលហ៊ុនគ្នាវិនិយោគលើអ្វីមួយ។ ដើមទុនទី២ គឺ ទុនជាធនធានមនុស្ស (Human Capital)៖ គឺសំដៅលើខ្លួនអ្នកផ្ទាល់។ អ្នកត្រូវតែជាធនធានមនុស្សមានសមត្ថភាពពិតប្រាកដ អាចកៀងគរការចូលរួមសហការជាទុនសង្គម និងយកទុនដែលចូលគ្នាទៅវិនិយោគលើអ្វីដែលអ្នកមានចក្ខុវិស័យវែងឆ្ងាយដោយចេះវិភាគពីផលចំណេញបានច្បាស់លាស់គត់មុត។
បើតាមលោក ង៉ែត ជូរ បន្ថែមលើនេះ អ្នកត្រូវខិតខំធ្វើការសន្សំប្រាក់ដើម្បីបង្កើនដើមទុនវិនិយោគរបស់ខ្លួន។ បើការវិនិយោគមានដំនើការល្អ និងមានភាពអំណត់បន្តអនុវត្ត និងពង្រីកទុនជាប្រចាំ នោះអ្នកប្រាកដជាអាចកសាងភាពមានបានជាក់ជាមិនខាន។
សរុបមកការមានដើមទុនជាហិរញ្ញវត្ថុតិចមិនមែនជាបញ្ហានោះទេ។ អ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺការខ្វះដើមទុនដែលខ្លួនអ្នកមិនទាន់ក្លាយជាធនធានមនុស្សពិតប្រាកដ។ បើអ្នកមិនមានសមត្ថភាព ទោះជាអ្នកត្រូវឆ្នោត១លានដុល្លាក៏អ្នកនឹងធ្លាក់ខ្លួនក្រវិញនៅថ្ងៃណាមួយមិនខាន។