ឥណ្ឌូនេស៊ី៖ រដ្ឋបាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងរៀបចំឱ្យសិស្សានុសិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលទាបបានចូលរៀននៅសាលាឯកជនរហូតដល់ ១,០០០ នាក់ដោយមិនគិតថ្លៃនៅឆ្នាំសិក្សាបន្ទាប់ ក្នុងគោលបំណងរារាំងពួកគេមិនឱ្យបោះបង់ការសិក្សាដោយសារបញ្ហាហិរញ្ញវត្ថុ។
លោក Jhonny Simanjuntak សមាជិកនៃគណៈកម្មាការក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រចាំតំបន់ហ្សាកាតាដែលត្រួតពិនិត្យការអប់រំបានកត់សម្គាល់គោលនយោបាយដែលសិស្សក្រីក្រអាចចូលរៀននៅគ្រឹះស្ថានអប់រំឯកជនដោយមិនចាំបាច់ចំណាយប្រាក់ណាមួយត្រូវបានអនុវត្តរួចហើយនៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យចំនួន ៤០៦ នៅឆ្នាំនេះ ដោយក្នុងនោះមុនការជ្រើសរើសចូលរៀនឥតគិតថ្លៃក្រុមគ្រួសារសិស្សក្រីក្រត្រូវបានមន្រ្តីជំនាញវាយតម្លៃដើម្បីពិនិត្យមើលលទ្ធភាពខ្វះខាតដែលសិស្សកំពុងតែមាន។
លោកបានបន្ថែមថា ទីក្រុងគ្រោងនឹងពង្រីកចំនួនសាលាដែលអាចឲ្យសិស្សក្រីក្របន្តការសិក្សានៅសាលាឯកជនបន្ថែមទៀតនាឆ្នាំសិក្សាខាងមុខនេះ។ ការផ្លាស់ប្តូរនេះត្រូវបានគេជឿថាអាចធ្វើទៅបានចាប់តាំងពីសាលាឯកជនទាំងនោះកំពុងទទួលបានមូលនិធិជំនួយប្រតិបត្តិការសាលា (BOS) ពីរដ្ឋបាលទីក្រុងហ្សាកាតា។
តាមទិន្នន័យពីក្រសួងអប់រំ និងវប្បធម៌ឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០២២ បានបង្ហាញថា ទីក្រុងហ្សាកាតាមានអត្រាបោះបង់ការសិក្សាខ្ពស់បំផុតក្នុងចំណោមសិស្សទូទាំងប្រទេសគឺជាង ៧៥,០០០ នាក់។ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ីបានបែងចែកថវិកាក្នុងតំបន់ខ្ពស់បំផុតប្រហែល ៧៦ ពាន់ពាន់លាន Rp (៤.៨៥ ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំដដែល។ ទីក្រុងហ្សាកាតាជាទីក្រុងដែលមានពលរដ្ឋរស់នៅជាង១០លាននាក់ មានសាលារៀនសរុប ៨.៨៦៨។ រដ្ឋាភិបាលជឿជាក់ថាផែនការជួយសិស្សក្រីក្រនេះនឹងជំរុញឲ្យសិស្សានុសិស្សយ៉ាងហើចណាស់អាចបញ្ចប់ត្រឹមថ្នាក់បរិញ្ញាបត្របាន៕