បង់ក្លាដែស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨ នាក់ហើយ ដែលបណ្តាលឱ្យជាង ២ លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យទន្លេធំៗបានបាក់ច្រាំងទន្លេ។ប្រទេសបង់ក្លាដែសដែលមានប្រជាជនចំនួន ១៧០លាននាក់ បាននឹងកំពុងប្រឈមជាមួយនឹងទឹកជំនន់ញឹកញាប់ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យមានភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកកនៅខាងលើជួរភ្នំហិមាល័យដែលធ្វើឲ្យប្រទេសនេះរងគ្រោះជាខ្លាំង។
មេប៉ូលិសក្រុងជនបទ លោក Sabuj Rana បានប្រាប់ AFP ថា ក្មេងប្រុសជំទង់ពីរនាក់បានស្លាប់នៅពេលដែលទូកមួយបានក្រឡាប់ក្នុងទីក្រុង Shahjadur ។លោកបានបន្តថា៖ «មានមនុស្ស៩នាក់នៅក្នុងទូកតូច៧នាក់បានហែលទៅទីសុវត្ថិភាព ក្មេងប្រុស២នាក់មិនចេះហែលទឹកបានលង់ទឹកស្លាប់»។ ក្នុងនោះមានមនុស្សបីនាក់ផ្សេងទៀតត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុឆ្លងចរន្តអគ្គិសនីពីរដាច់ដោយឡែកពីគ្នា។
រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា ខ្លួនបានបើកជម្រករាប់រយសម្រាប់ប្រជាជនដែលភៀសខ្លួនដោយសារការវាយប្រហារទឹកជំនន់ ហើយបានបញ្ជូនស្បៀងអាហារ និងជំនួយដល់ស្រុកដែលរងគ្រោះខ្លាំងនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសបង់ក្លាដែស៕