ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development Group ក្រោមមូលហេតុ ថា បានរឹបអូសនិងបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីសាងសង់គម្រោងអភិវឌ្ឍតារាសាគរស្ថិតនៅក្នុងខេត្តកោះកុង។ទណ្ឌកម្មនេះ អ្នកវិភាគសេដ្ឋកិច្ច បានបានអះអាងថា កម្ពុជានឹងជួបផលអវិជ្ជមានធំៗចំនួន២យ៉ាង។
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានផ្តល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ថា ផលអវិជ្ជមានទី១គឺទាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយអាមេរិក តាមរយៈការវិនិយោគដោយក្រុមហ៊ុនអាមេរិកមកកម្ពុជា។ មូលហេតុដែលអាមេរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន គឺចង់បញ្ជាក់ថា ការវិនិយោគនៅកម្ពុជាប្រហែលជាមានភាពប្រហោងចន្លោះ ឬមានការមិនគោរពទៅតាមក្រមច្បាប់ជាលក្ខណៈអន្តរជាតិណាមួយ ដែលប្រការនេះធ្វើឱ្យក្រុមហ៊ុនអាមេរិកពិបាកនឹងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។
ផលប៉ះពាល់ទី២ គឺផលប៉ះពាល់ទៅលើកិត្តិយសកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងការគោរពសិទ្ធិមនុស្ស កម្មសិទ្ធិដីធ្លី លទ្ធិប្រជាធិបតេយ្យជាដើម។ នេះបង្ហាញឱ្យឃើញថាកម្ពុជាប្រហែលជាត្រូវពិនិត្យមើលទៅលើក្របខណ្ឌគតិយុទ្ធ និងច្បាប់វិនិយោគទាំងអស់របស់ខ្លួន ដែលនៅក្នុងនោះគឺផ្តោតសំខាន់ទៅលើសិទ្ធិសេរីភាពរបស់ប្រជាជនទាក់ទងទៅនឹងបញ្ហាដីធ្លីជាដើម។
លោកបណ្ឌិតបន្ថែមថា ការប៉ះពាល់នេះគឺជាកម្រិតដំបូងដែលបង្កឱ្យមានជាផលវិបាកទៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ បើសិនជាការដាក់ទណ្ឌកម្មនេះ ធ្វើឱ្យមានការលេចធ្លាយព័ត៌មានដល់បណ្តាវិនិយោគផ្នែកឯកជនរបស់អាមេរិក គឺធ្វើឱ្យមានការពិបាកក្នុងកាទាក់ទាញក្រុមហ៊ុនវិនិយោគពីអាមេរិក និងពីប្រទេសដែលមានការអភិវឌ្ឍខ្ពស់នៅកម្ពុជា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ។ ដោយការពិភាក្សានេះ បានដាក់ចេញជាបន្តបន្ទាប់នូវវិធាកការណ៍កែទម្រង់មុតស្រួចនានាសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្តាវិនិយោគគិន និងធុរជន កំពុងជួបប្រទះក្នុងគោលដៅបង្កើនការប្រកួតប្រជែងរបស់កម្ពុជាតាមរយៈបង្កភាពងាយស្រួលនិងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនោយោគនៅក្នុងប្រទេស។ ជាទិសដៅទៅមុខកម្ពុជានឹងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលគួបផ្សំនឹងការគិតគូរជាយុទ្ធសាស្រ្តតាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចបាននូវគោលបំណងជាអាទិភាពចំនួន២គឺ រក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕