Cctime 6monthsfree desktop
Cc times  web banner kh (2)

«ត្រីរាជ»ធ្វើពីសំណាញ់មងដែលប្រមូលពីទន្លេ ដាក់តាំងក្នុងភូមិនេសាទខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ត្រីរាជ ធ្វើពីសំណាញ់មង ដែលប្រមូលបានពីទន្លេ និងតាមច្រាំងទន្លេ ប្រមាណ៩៩គីឡូក្រាម កំពុងដាក់តាំងនៅក្នុងរោងជាងមួយ ស្ថិតនៅភូមិនេសាទផ្ទះមានជើងសសរខ្ពស់ៗ នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការធ្វើពីសំណាញ់មងនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការបោះចោលសំណល់ប្លាស្ទិច ក៏ដូចជាសំណាញ់មងក្នុងសហគមន៍។

សិល្បករនៅក្នុងសហគមន៍នៃភូមិនេសាទផ្ទះមានជើងសសរខ្ពស់ៗ នៃឃុំកំពង់ឃ្លាំង នៅបឹងទន្លេសាប បានប្រមូលសំណាញ់មងដែលបោះចោលពាសពេញទន្លេ និងតាមច្រាំងទន្លេប្រមាណ៩៩គីឡូក្រាម មកសាងជារូបសំណាក «ត្រីរាជ» ក្នុងន័យលើកកំពស់ការយល់ដឹងពីការបោះចោលសំណល់ប្លាស្ទិចក៏ដូចជាសំណាញ់មងក្នុងសហគមន៍គាត់ផ្ទាល់។ រូបសំណាកនេះត្រូវបានដាក់តាំងក្នុងរោងជាងរបស់លោក រៀម មុនីស៊ីឡុង ដើម្បីបង្ហាញទៅកាន់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិ ដើម្បីប្រារព្វទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤។

លោក រៀម មុនីស៊ីឡុង បាននិយាយថា វាដល់ពេលដែលក្មេងជំនាន់ក្រោយ ព្រមទាំងអ្នកភូមិក្នុងសហគមន៍កំពង់ឃ្លាំង មានអំនួតដែលបានរស់នៅក្បែរបឹងទន្លេសាប ហើយក៏ជាឱកាសដែលពួកគេរួមដៃគ្នាក្នុងការការពារប្រភេទត្រីដ៏កម្រនេះ ជាពិសេសគឺមិនចោលសំរាមប្លាស្ទិកចូលក្នុងទន្លេ ជាទីដែលមានសារៈសំខាន់សម្រាប់ទាំងមនុស្ស និងត្រី។

លោក រៀម មុនីស៊ីឡុង ជាបុគ្គលមួយរូប ដែលមានគំនិតផ្តួចផ្តើម និងចំណាយពេលធ្វើការងារដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ព្រមទាំងលើកកំពស់ការយល់ដឹងការទុកដាក់សំណល់ប្លាស្ទិកនេះទៅកាន់សិស្សានុសិស្ស និងសហគមន៍របស់លោក។ លោក រៀម មុនីស៊ីឡុង ក៏ជាសិល្បករមួយរូប កែច្នៃសំរាមប្លាស្ទិក សំណល់ផ្ទះបាយ និងសំណល់សរីរាង្គ ទៅជាផ្ទាំងគំនូរ ឬស្នាដៃសិល្បៈផ្សេងៗ។

សូមជម្រាបថា ត្រីរាជ គឺជាត្រីដែលមានដងខ្លួនធំបំផុតមួយ ហើយក៏ជាត្រីដែលកំពុងរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជាផងដែរ។ ត្រីយក្សនេះអាចធំធាត់រហូតដល់ ៣០០គីឡូក្រាម បើសិនជាមិនមានការរំខានក្នុងដំណើរវដ្តជីវិត ឬជម្រករបស់វា។ សូមបញ្ជាក់ដែរថា ថ្ងៃទី៥ មិថុនា នេះ ជាទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ ការកែប្រែគុណភាពដីរហោឋានកម្ម និងភាពធន់ទៅនឹងគ្រោះរាំងស្ងួត ដោយមានពាក្យស្លោកមួយឃ្លាថា៖ «ផែនដីយើង អនាគតយើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ត្រីរាជ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង