Cctimesw1140xh150cm copy

«ត្រីរាជ និងត្រីគល់រាំង»កំពុងរងគ្រោះថ្នាក់ជិតផុតពូជ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ប្រភេទត្រីយក្សទឹកសាបទន្លេមេគង្គ ដែលជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី មាន ត្រីរាជ និងត្រីគល់រាំង កំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នេះបើតាមរបាយការណ៍ដំបូងរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៃប្រភេទសត្វធ្វើចរាចរផ្លាស់ទីនៅលើពិភពលោក ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ។

យោងតាមរបាយការណ៍បានបង្ហាញអំពីការថយចុះគួរឲ្យព្រួយបារម្ភជារៀងរាល់ឆ្នាំ នូវពពួកសត្វជាច្រើនប្រភេទ ដែលធ្វើចរាចរផ្លាស់ទី ទាំងតាមផ្លូវទឹក លើដី និងលើអាកាស។ ច្រើនជាងមួយភាគប្រាំនៃប្រភេទសត្វទាំងនោះ កំពុងជួបហានិភ័យនៃការផុតពូជ ដោយសារការបៀតបៀនពីមនុស្ស និងការប្រែប្រួលអាកាសធាតុ។

ប្រភេទត្រីធ្វើចរាចរផ្លាស់ទី បានជួបស្ថានភាពអាក្រក់បំផុត។ ក្នុងចំណោមត្រីចំនួន ៥៨ប្រភេទ ដែលបានចុះបញ្ជីដោយអនុសញ្ញាស្តីពីការអភិរក្សប្រភេទត្រីធ្វើចរាចរផ្លាស់ទី (CMS) ក្នុងនោះ ៥៦ប្រភេទ មានភាគរយដ៏គួរឱ្យភ្ញាក់ផ្អើល គឺ៩៧ភាគរយ កំពុងឈានទៅវិនាសផុតពូជ។ មានប្រភេទត្រីយក្សទឹកសាបទន្លេមេគង្គ ដែលជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី ក៏កំពុងរងគ្រោះថ្នាក់ជិតផុតពូជ មានដូចជា ត្រីរាជ និងត្រីគល់រាំង ផងដែរ។

លោក ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងជាក្រុមប្រឹក្សា CMS សម្រាប់ត្រី មានប្រសាសន៍ថា របាយការណ៍នេះ បានគូសបញ្ជាក់អំពីទំហំនៃវិបត្តិ ដែលកំពុងប្រឈមចំពោះប្រភេទត្រីធ្វើចរាចរផ្លាស់ទីក្នុងទន្លេមេគង្គ និងកន្លែងផ្សេងទៀត។ ការបាត់បង់ប្រភេទត្រីធ្វើចរាចរផ្លាស់ទី នឹងក្លាយជាគ្រោះមហន្តរាយដល់មនុស្សរាប់លាននាក់ ដែលពឹងផ្អែកលើវា សម្រាប់ជាចំណីអាហារ និងការចិញ្ចឹមជីវិត។ ដូច្នេះ ការការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទី នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទន្លេ មនុស្ស និងជីវិតសត្វក្នុងទឹក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង