សៀមរាប៖ កូនអណ្តើកហ្លួង ដែលជាសត្វកម្របំផុតមួយប្រភេទត្រូវបានញាប់កូនមួយសំបុកដែលមានចំនួន ១០ ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។ ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច និងជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានប្រកាសពីការញាស់ថ្មីនៃកូនអណ្តើកហ្លួងដែលជិតផុតពូជចំនួន១០ក្បាលនៅក្នុងមជ្ឈមណ្ឌល នាទិវាសត្វអណ្តើកពិភពលោក ម្សិលមិញនេះ។ ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។ នេះបើតាមការលើកឡើងរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ។
គួរបញ្ជាក់ថា អណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួង ត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ អណ្តើកហ្លួងនៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក និងការទាក់ចាប់ដោយឧបករណ៍នេសាទ៕