ភ្នំពេញ៖ នៅក្នុងព្រិត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៤ ដែលជាវគ្គផ្ដាច់ព្រ័ត្រ បានប្រព្រឹត្តទៅនាថ្ងៃទី៣ ឧសភា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ជាលទ្ធផល ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក ជាប់ជ័យលាភីលេខ១ ក្នុងចំណោមក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ក្រុម។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធ មានក្រុមភ្លេងកាយរឹទិ្ធចូលរួមប្រកួតចំនួន ០៨ ក្រុម ប្រតិភូកាយរឹទិ្ធសរុប ២៥៦នាក់។ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ចំនួន ៣ ក្រុម (កងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ), ខេត្តកណ្តាល ១ក្រុម, ខេត្តសៀមរាប ១ក្រុម, ខេត្តឧត្តរមានជ័យ ១ក្រុម, ខេត្តកោះកុង ១ក្រុម និង ខេត្តរតនគិរី ១ក្រុម។
ជាលទ្ធផលនៃការប្រកួត ក្រុមភ្លេងកាយរឹទ្ធិជាតិល្អបំផុត ៣ ក្រុម ដែលដណ្ដើមបានជ័យលាភី ក្នុងការប្រកួត ក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភ្លេងក្នុងសន្តិភាព»។ ក្នុងនោះ ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក ទទួលបាន មេដាយ ទង់ជ័យលាភីលេខ១ និង ជ័យលាភី លេខ ២ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ខណៈជ័យលាភី លេខ ៣ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ ខេត្តសៀមរាប។
សូមជម្រាបថា កម្មវិធីប្រកួតនេះ ជាព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកដំបូងបង្អស់ គិតចាប់តាំងពីឆ្នាំ១៩៣៤ ដែលមាន រយៈពេល៩០ឆ្នាំនៃការបង្កើតចលនាកាយរឹទ្ធិជាតិកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងអភិវឌ្ឍយុវជនកាយរឹទ្ធិ ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត តាមរយៈសិល្បៈប្រគំភ្លេងជាក្រុម៕