សៀមរាប៖ ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ជាពិធីកោរសក់ក្មេងស្រីប្រុសទុកសល់តែកំប៉ូតបន្តិចត្រង់បង្ហើយក្បាល។ បច្ចុប្បន្នការប្រារព្ធពិធីនេះនៅសេសសល់តិចតួចណាស់ តួយ៉ាងគេឃើញមានតែនៅតំបន់អង្គរនៃខេត្តសៀមរាបប៉ុណ្ណោះ។ គោលបំណងចម្បងនៃពិធីកោរជក់នេះ គឺដើម្បីញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរកចំណេះខាងសេដ្ឋកិច្ច របៀបគ្រប់គ្រងគ្រួសារជាដើម។
ពិធីកោរជុក ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថា ប្រហែលមានកំណើតតាំងពីសម័យអង្គរមក។ ប៉ុន្តែបន្តិចម្តងៗ ទំនៀមនេះក៏លែងមានការនិយមដូចសម័យបុរាណ។ ពិធីកោរជុកនៅមានគេប្រារព្ធរៀបចំខ្លះៗ ហើយមានតែតំបន់អង្គរទេ ដែលការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់។
ពិធីនេះមានសភាពឱឡារិក ហើយត្រូវចំណាយទ្រព្យធនច្រើន គេតែងរៀបចំចូលគ្នា ដោយមានក្មេងស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌ ប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។ ពិធីកោរជុកនេះគេធ្វើឡើងមានរយៈពេល២ថ្ងៃ១យប់ ដោយមានកិច្ចសំខាន់ៗជាច្រើន។
បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ។
គួរបញ្ជាក់ថា ពិធីកោរជុកនេះជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជីវិតមនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលនីមួយៗនៃវដ្តរបស់មនុស្ស។ ជាកិច្ចបង្ហាញពីការឆ្លងវ័យ ដែលប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកគ្រួសារខ្លួន ដែលពេញវ័យទៅក្នុងសង្គម ស្របតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។