Img 1426
Swift cc time

ក្រសួងអប់រំហាមដាច់ខាតការលេង«ល្បែងមិនមែនល្បែងប្រជាប្រិយ»ពេលរៀបចំសង្ក្រាន្តនៅគ្រឹះស្ថានសិក្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាបម្សៅ លើគ្នាទៅវិញទៅមកដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។ ដោយសង្កេតឃើញបែបនេះ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ការលេងល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ អំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។

ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ។

ជាមួយគ្នានោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវ តាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយ ភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និង ទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

ពាក្យទាក់ទង: សង្ក្រាន្ដ
Khcct banner

អត្ថបទទាក់ទង