681 ezgif.com resize
Swift cc time

អត្ថន័យពាក្យ«សង្ក្រាន្ដ» និងការចាប់ផ្ដើមប្រើប្រាស់ពាក្យនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សង្ក្រាន្ដ ជាពាក្យកម្ចីមកពីភាសាសំស្ក្រឹត ដែលខ្មែរនិយមយកមកប្រើប្រាស់ដើម្បីសម្គាល់ព្រឹត្តិការណ៍ដែលរៀបចំឡើង នៅក្នុងអំឡុងពេល«បុណ្យចូលឆ្នាំថ្មី»។ ពាក្យនេះ ប្រហែលជាប់ផ្ដើមប្រើប្រាស់នៅក្នុងសង្គមខ្មែរ នៅតាមសិលាចារឹក ពីពាក់កណ្ដាលទី១ ស.វ ទី១០។

បើតាមប្រសាសន៍លោក ហ៊ុន ឈុនតេង ជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់ភាសាវិទ្យា ពាក្យទាក់ទងនិងសង្ក្រានមានបី ដូចជា អង្គរសង្ក្រាន មហាសង្រ្កាន និង ត្រស្ដិសង្ក្រាន្ដ។ នៅក្នុងសិលាចារឹកខ្មែរក៏មានពាក្យ «សង្ក្រាន្ដ» ផងដែរ។ ពាក្យសង្ក្រាន្ដមិនមែនជាពាក្យកំណើតក្នុងភាសាខ្មែរនោះទេ វាជាពាក្យកម្ចីមានប្រភពមកពីភាសាសំស្ក្រឹត។ សង្ក្រាន មានន័យបួនយ៉ាងគឺ ដំណើរចាកទី ការឈានចូលដល់ ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងរាសីចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី) និង ពិធីចូលឆ្នាំថ្មី។

លោក ហ៊ុន ឈុនតេង បានបន្ដថា ពាក្យ«សង្ក្រាន្ដ» អាចចាប់ផ្ដើមប្រើប្រាស់នៅក្នុងសង្គមខ្មែរ នៅតាមសិលាចារឹក ពីពាក់កណ្ដាលទី១ ស.វ ទី១០។ តាមទិន្នន័យសិលាចារឹក ពុំបានបញ្ជាក់ច្បាស់ថា «សង្ក្រាន្ដ» ត្រួវបានធ្វើនៅថ្ងៃខែឆ្នាំណា ឱ្យប្រាកដនោះទេ។ បើត្រឡប់ទៅគិតដល់«សង្ក្រាន្ដ» ជាពេលដែលព្រះអាទិត្យគោចរចូលរាសីថ្មី នោះមានន័យថា «សង្ក្រាន្ដ» មានរហូតដល់ទៅ១២ ព្រោះចំនួនរាសីចក្រមានចំនួន១២ដែរ។ យ៉ាងហោចណាស់មានសិលាចារឹកបី ដែលនាំឱ្យមានពនន្លឺអំពីរឿងនេះកាន់តែច្បាស់។

លោក ហ៊ុន ឈុនតេង បានបញ្ជាក់ថា តាមភស្ដុតាង ដែលបានបង្ហាញកន្លងមក «សង្ក្រាន្ដ» ត្រូវបានប្រារព្ធធ្វើនៅពេលដែលព្រះអាទិត្យគោចរ ចេញពីរាសីមួយទៅរាសីមួយទៀត។ ក្នុងមួយឆ្នាំ មានការប្រារព្ធពិធីសាសនា១២ដង ត្បិតមានសង្ក្រានចំនួន១២ដង។ ហើយនៅតាមតំបន់និងហេតុផលផ្សេងៗគេជ្រើសរើសយក «សង្ក្រាន្ដ» ណាមួយធ្វើជា «ពិធីបុណ្យចូលឆ្នាំ» ទៅជនជាតិ ឬជាតិសាសន៍នោះ។

គួរបញ្ជាក់ថា នៅកម្ពុជានិយមប្រើពាក្យ «បុណ្យចូលឆ្នាំថ្មី» និង «មហាសង្ក្រាន្ដ» ដើម្បីសម្គាល់ពេលវេលាចូលឆ្នាំថ្មី។ ដូច្នេះហើយទើបថ្ងៃចូលឆ្នាំទី១ ហៅថា «ថ្ងៃមហាសង្ក្រាន្ដ»៕

ពាក្យទាក់ទង: សង្ក្រាន្ដ
Khcct banner

អត្ថបទទាក់ទង