សៀមរាប៖ «សហគមន៍បទពិសោធន៍កម្ពុជា» ជាសហគមន៍ទេសចរណ៍មួយកន្លែង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយមានការរៀបចំជាផ្ទះបែបខ្មែរបុរាណ ជាមួយការនូវផ្តល់បទពិសោធន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទទួលបានចំណេះដឹងពីជីវភាពរបស់ពលរដ្ឋនៅតាមទីជនបទ ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណ រួមជាមួយបរិយាកាសធម្មជាតិតាមស្រុកស្រែចម្ការ។
សហគមន៍បទពិសោធន៍កម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់ពលរដ្ឋតាមមូលដ្ឋាន តាមរយៈការកែច្នៃផលិតផលក្នុងស្រុកបម្រើដល់ភ្ញៀវទេសចរ ដែលបានបង្កើតជាប្រភពចំណូលជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្រៅពីមុខរបរធ្វើស្រែចម្ការ។
គួរបញ្ជាក់ថា សហគមន៍បទពិសោធន៍កម្ពុជា មានទីតាំងនៅភូមិអូរទទឹង ឃុំព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងសៀមរាប៕