ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.៦ ភាគរយនៅឆ្នាំ២០២៤។ការកើនឡើងនេះ ដោយសារការគាំទ្រពី វិស័យឧស្សាហកម្ម សេវាកម្ម វិស័យទេសចរណ៍ និង វិស័យកសិកម្ម។ចំពោះសេដ្ឋកិច្ចកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរពីបញ្ហាខាងក្រៅផ្នែកសង្គ្រាម និង ភូមិសាស្ត្រនយោបាយ។
យោងតាមព្យារកណ៍ពីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ត្រូវបានទ្រទ្រង់ដោយវិស័យឧស្សាហកម្មដែលត្រូវបានព្យាករណ៍ថានឹងកើតឡើង ៨.៥ភាគរយ ស្របពេលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅតែបន្តរក្សាបានកំណើនរឹងមាំ។វិស័យកាត់ដេរក្រសួងមើលឃើញថាងើបឡើងវិញជាពិសេសបណ្តាប្រទេសជាដៃគូរបស់កម្ពុជាមានអាម៉េរិក អឺរ៉ុប ជាដើម។សម្រាប់អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នឹងបន្តកំណើនក្នុងការនាំចេញមានដូចជា៖ បន្ទុះសូឡា សំបកកង់ និង ស្បែកសត្វមានរោម។
វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន ៦.៩ភាគរយ ក្នុងឆ្នាំ២០២៤ តាមរយៈការងើបឡើងវិញនៃ អនុវិស័យសណ្ឋាគារ ភោជនីដ្ឋាន។សម្រាប់ក្រសួងសេដ្ឋកិច្ចការបន្តងើបឡើងវិញនេះ ក្រោយពីស្ថានភាពវិស័យទេសចរណ៍បានល្អប្រសើរ ហើយបានជួយនូវសេដ្ឋកិច្ចមូលដ្ឋានដូចជា សកម្មភាបលក់ដុំរាយ និង ការដឹកជញ្ជូនជាដើម។
ចំពោះវិស័យកសិកម្ម ក្រសួងសេដ្ឋកិច្ចរំពឹងថា នឹងបន្តកើនឡើងក្នុងរង្វង់ ១.១ភាគរយក្នុងឆ្នាំ២០២៤។កំណើននេះដោយសារជួយពីអនុវិស័យនេសាទ ការចិញ្ចឹមសត្វ និងការដំណាំនានា។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានជួយដល់សេដ្ឋកិច្ចកម្ពុជា គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគ។
ជាការកត់សម្គាល់ថា ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនេះ គឺខ្ពង់ជាងការព្យាករណ៍ពីធនាគារពិភពលោក ដែលព្យាករណ៍ថា ៥.៨ភាគរយ ហើយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៦,១ ភាគរយ។ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ទេនឹងប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និង ភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ៕