Yearendyearend1140x150

«ត្រយងចំពុះស្លាបព្រា»ត្រូវបានគេប្រទះឃើញនៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WCS កម្ពុជា

កម្ពុជា៖ បក្សីត្រយងចំពុះស្លាបព្រា កាលពីថ្ងៃទី ២៣ តុលា ត្រូវបានប្រទះឃើញនៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង ដោយក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ WCS។ នេះជាលើកទី៦ហើយដែល ក្រុមអ្នកអភិរក្សបានប្រទះឃើញនិងកត់ត្រា។

កំណត់ត្រាទីមួយ នៃបក្សីត្រយងចំពុះស្លាបព្រា ត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មក្នុងឆ្នាំ ២០០៣ កំណត់ត្រាទីពីរនៅតំបន់រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ ២០០៤ របាយការណ៍មួយទៀតត្រូវបានកត់ត្រានៅឆ្នាំ ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាបក្នុងឆ្នាំ ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម នៅឆ្នាំ២០១៥។

រូបភាព៖ អង្គការ WCS កម្ពុជា

ទាក់ទិននឹងគម្លាតឆ្នាំនៃការប្រទះឃើញប្រភេទសត្វនេះ លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាប បានឱ្យដឹងថា វត្តមាននៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ មក។

លោក ស៊ុម ភារុណ បានបន្ដថា ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញប្រភេទសត្វនេះគឺនៅមានកម្រិតទាប។ បញ្ហាប្រឈមមួយទៀតគឺថា សត្វនេះតែងតែស្វែងរកចំណីរបស់វាជាមួយនឹងប្រភេទសត្វផ្សេងទៀតដូចជា រនៀលពណ៌ និង និងត្រយងខ្លួនស ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមនៅវាលក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ។

សូមបញ្ជាក់ថា សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះមានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាពសម្បូរបែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍៕

រូបភាព៖ អង្គការ WCS កម្ពុជា
រូបភាព៖ អង្គការ WCS កម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង