Cctimesw1140xh150cm copy

លោកស្រី ម៉ៅ សំណាង ៖ យុវជនគ្រប់ៗរូប ក៏ត្រូវបណ្ដុះចិត្តឱ្យនិយមការអានឱ្យបានច្រើន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោកស្រី ម៉ៅ សំណាង (ទន្សាយ)  (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)

ភ្នំពេញ៖ អ្នកដែលធ្លាប់អានសៀវភៅបានច្រើន នោះមិនមានអ្នកណាមិនស្គាល់អ្នកនិពន្ធដែលមានបទពិសោធន៍ជាច្រើនឆ្នាំមួយរូបនេះឡើយ គឺលោកស្រី ម៉ៅ សំណាង មាននាមប៉ាកា(រហស្សនាម)ថា ទន្សាយ ដោយសារងាយស្រួលឱ្យមិត្តអ្នកអានងាយហៅ និងចាប់ផ្ដើមក្លាយជាអ្នកនិពន្ធ លោកស្រីមិនទាន់ហ៊ានដាក់ឈ្មោះពិតឡើយ ក្នុងសម័យនោះ។ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មានបំណងបណ្ដុះយុវជនជំនាន់ក្រោយ ឱ្យបណ្ដុះទម្លាប់ចូលចិត្ត និងស្រលាញ់ការអាន ព្រោះការអានជាថ្នាក់រៀនដែលអាចបង្កើនទាំងចំណេះដឹង និងបទពិសោធន៍ជីវិតដល់អ្នកអាន។ 

លោកស្រី ម៉ៅ សំណាង (ទន្សាយ) មានប្រសាសន៍ថា លោកស្រីចូលចិត្តការអានសៀវភៅខ្លាំង ដែលបណ្ដាលឱ្យក្លាយជាអ្នកនិពន្ធ។ តាំងពីអាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ ចាប់ផ្ដើមស្រាវជ្រាវតាមសៀវភៅ ដើម្បីរៀននិពន្ធដោយខ្លួនឯង ហើយលោកស្រីបានចាប់ផ្ដើមនិពន្ធដំបូងក្នុងឆ្នាំ ១៩៨១ ក្នុងវ័យ ២២ឆ្នាំ ដែលបានទទួលការគាំទ្រពីសំណាក់មិត្តអ្នកអានជាច្រើន។

លោកស្រីបន្តថា «ខ្ញុំបានចែករំលែកបទពិសោធន៍ ផ្នែកនិពន្ធដល់យុវជនជំនាន់ក្រោយ ដោយចូលរួមបង្រៀនសិស្សក្នុងវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធ នៅសមាគមអ្នកនិពន្ធខ្មែរ ដោយមិនយកប្រាក់កម្រៃឡើយ សំខាន់ឱ្យតែខ្ញុំបានចែកចំណេះដឹងនៃការតែងនិពន្ធដល់ក្មេងៗដែលមានបំណងប្រាថ្នាស្រលាញ់ការសរសេរអត្ថបទ និងនឹងក្លាយជាអ្នកបន្តវេនក្នុងការលើកស្ទួយវិស័យអប់រំបានមួយផ្នែកផងដែរ» ។

លោកស្រី ម៉ៅ សំណាង កាន់សៀវភៅដែលខ្លួនបាននិពន្ធគឺ រឿងកុលាបខ្មៅ ដែលទទួលបានការគាំទ្រច្រើន (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)

លោកស្រី ម៉ៅ សំណាង (ទន្សាយ)បន្ថែម៖ «ស្នាដៃរបស់ខ្ញុំជាប្រភេទប្រលោមលោក តាំងពីឆ្នាំនិពន្ធដំបូង ១៩៨១ មានចំនួន ជាង១០០ រឿង ដែលនៅជាសំណេរដៃទាំងអស់ លុះដល់ឆ្នាំ ២០០២ ទើបខ្ញុំបានប្រគល់រឿងទាំងអស់នោះ ឱ្យខាងបណ្ណាគារធ្វើការបោះពុម្ព។ បា្រក់កម្រៃដែលទទួលបានកាលនោះ មានតម្លៃត្រឹមតែសៀវភៅ ១០០ ក្បាល ក្នុងមួយចំណងជើងប៉ុណ្ណោះ ដែលអាចយកមកចិញ្ចឹមគ្រួសារបានត្រឹមតែ មួយអាទិត្យតែប៉ុណ្ណោះ។ តែទោះជាទទួលបានប្រាក់កម្រៃតិចតួចក៏ដោយ យ៉ាងណាក៏ខ្ញុំចង់ឱ្យស្នាដៃរបស់ខ្ញុំទាំងអស់នោះ បានចេញជាសៀវភៅពុម្ពចេញផ្សាយ» ។

លោកស្រី បញ្ជាក់៖ «ខ្ញុំមិនមែននិពន្ធតែប្រលោមលោកទេ តែខ្ញុំក៏ជាអ្នកនិពន្ធអត្ថបទសម្រាប់ខ្សែភាពយន្តផងដែរ។ សព្វថ្ងៃនេះ ខ្ញុំធ្វើការងារទាំងពីរព្រមគ្នា ពេលនិពន្ធប្រលោមលោកថ្មីឱ្យខាងរោងពុម្ព «សៀវភៅជីវិត» រួចហើយ ខ្ញុំក៏បន្តសរសេរអត្ថបទភាពយន្តឱ្យខាងផលិតកម្មនានាថែមទៀត។ គ្រប់យ៉ាងក៏មកពីការលើកទឹកចិត្ត គាំទ្រពីកម្លាំងចិត្តដែលមិនបោះបង់ ប្រិយមិត្តអ្នកអាន និងអ្នកទស្សនាទាំងឡាយ ក្រុមគ្រួសារ ពីរាជរដ្ឋាភិបាល និងអង្គការនានាដែលខ្ញុំបានទទួល» ។

ជាមួយគ្នានេះដែរ ស្នាដៃទី១របស់លោកស្រី មានចំណងជើង៖«ទឹកភ្នែកគ្រីយ៉ាណា» ជារឿងពិតរបស់លោកស្រី ដែលច្នៃប្រឌិតបន្ថែម ហើយក៏ជារឿងដែលធ្វើឱ្យខ្ញុំមានមោទកភាពបំផុត ព្រោះរឿងដំបូងដែលធ្វើឱ្យខ្ញុំបានសម្រេចសុបិនក្លាយជាអ្នកនិពន្ធម្នាក់។ រហូតដល់ថ្ងៃនេះ មាន ១២៦ ចំណងជើង ដែលខ្ញុំបាននិពន្ធ ហើយរឿងចុងក្រោយនេះ គឺ «រឿងប្រលោមចិត្ត ភាគ ២» ។

ទន្ទឹមនឹងក្លាយជាអ្នកនិពន្ធ លោកស្រី ម៉ៅ សំណាង (ទន្សាយ) បានបែងចែកពេលវេលាច្បាស់លាស់សម្រាប់ការងាររបស់ខ្លួន រយៈពេល ៤០ឆ្នាំក្នុងអាជីពជាអ្នកនិពន្ធម្នាក់ លោកស្រីមិនដែលមានថ្ងៃណាឈប់សម្រាកនាថ្ងៃចុងសប្ដាហ៍ដូចអ្នកធ្វើការមួយចំនួនទេ ទាំងព្រឹកទាំងល្ងាច លោកស្រីត្រូវដាក់កាលវិភាគធ្វើការតែងនិពន្ធនៅកន្លែងធ្វើការ រហូតដល់ម៉ោង៦ល្ងាចបាយហើយ លោកស្រីត្រូវចំណាយពេលអានសៀវភៅផ្សេងៗ ឬមើលទូរទស្សន៍កំសាន្ដ ដើម្បីស្រាវជ្រាវ និងស្វែងរកចំណេះដឹងបន្ថែមពីរឿងភាពយន្តផ្សេងៗ និងចេញក្រៅស្វែងរកបទពិសោធន៍ផ្សេងៗជាក់ស្ដែង បន្ទាប់ពីអានសៀវភៅ។

លោកស្រី ម៉ៅ សំណាង ពេលទទួលបានពានរង្វាន់ (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)
លោកស្រី ម៉ៅ សំណាង  ពេលទទួលបានពានរង្វាន់ និងគ្រឿងឥស្សរិយយស (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)

ក្នុងនាមជាអ្នកនិពន្ធដែលមានបទពិសោធន៍យូរឆ្នាំហើយ លោកស្រី ម៉ៅ សំណាង (ទន្សាយ) មានបំណងបណ្ដុះយុវជនជំនាន់ក្រោយ ឱ្យចូលចិត្ត និងស្រលាញ់ការអាន ព្រោះការអានជាថ្នាក់រៀនដែលអាចបង្កើនទាំងចំណេះដឹង និងបទពិសោធន៍ជីវិតដល់អ្នកអាន។ លោកស្រីបានខិតខំស្រាវជ្រាវនិពន្ធរឿងជាច្រើន ដែលបង្កប់អត្ថន័យខ្លឹមសារអប់រំល្អៗ ដើម្បីជាប្រយោជន៍ដល់អ្នកអានគ្រប់ៗរូប ដោយបណ្ដុះគ្រាប់ពូជល្អ ប្រៀបដូចជាធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិទាំងមូល នេះកើតចេញពីអ្នកទាំងអស់គ្នា មិនមែនខ្ញុំធ្វើតែម្នាក់ឯងបាននោះទេ។

«ទាល់តែមានការចូលរួមពីបណ្ដាគ្រប់អ្នកនិពន្ធទាំងជើងចាស់ និងជំនាន់ក្រោយ នាបច្ចុប្បន្ននេះ ដែលពួកយើងត្រូវជួយគ្នា កសាងស្នាដៃដែលមានទាំងអត្ថរូប អត្ថន័យ និងទាំងអត្ថរស សម្រាប់អ្នកអាន ក៏ដូចជាយុវជនគ្រប់ៗរូប ក៏ត្រូវបណ្ដុះចិត្តឱ្យនិយមការអាន ដើម្បីចំណេះដឹងរបស់ខ្លួន ហើយក៏រួមផ្សំដោយមានការយកចិត្តទុកដាក់ លើកកម្ពស់ ជំរុញទឹកចិត្តយុវជនរបស់យើង ក្នុងវិស័យការតែងនិពន្ធ និងការអាន អំពីថ្នាក់រាជរដ្ឋាភិបាលរបស់យើង»។

គួរបញ្ជាក់ថា លោកស្រី ម៉ៅ សំណាង (ទន្សាយ) មានស្រុកកំណើតនៅក្រុងកំពង់សោម ជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់។ សព្វថ្ងៃលោកស្រីមានអាយុ ៦២ ឆ្នាំ និងស្វាមីរបស់លោកស្រី មានឈ្មោះ សួន សុម៉ុនធឿន ជាអតីតយោធា ហើយមានកូនស្រីតែម្នាក់គត់ឈ្មោះ ម៉ៅ ចាន់រស្មី (កូនទន្សាយ)ដែលនឹងបន្តវេនជាអ្នកនិពន្ធផងដែរពីលោកស្រី។ លោកស្រីធ្លាប់ប្រឡងជាប់ចំណាត់លេខ១ ពានរង្វាន់ព្រះសីហនុរាជ ឆ្នាំ ១៩៩៥ រឿង«រលកបោកខ្សាច់» និង ចំណាត់ថ្នាក់លេខ៥ ពាន់រង្វាន់ព្រះសីហនុរាជ ឆ្នាំ ១៩៩៨ រឿង«ពន្លឺចន្ទ»។ ជាប់ចំណាត់ថ្នាក់លេខ២ នៅអង្គការន័រវេស្សសង្រ្គោះកុមារ ឆ្នាំ ២០០០ រឿង«កម្រងផ្កាម្លិះ»។ ជាប់ចំណាត់ថ្នាក់លេខ ៥ ពានរង្វាន់មហោស្រពអង្គរ ឆ្នាំ ២០០០ រឿង«ឋានសួគ៌សាងបាប»។ ជាប់អត្ថបទជ្រើសរើសបកប្រែជាភាសាជប៉ុន ឆ្នាំ ២០០១ រឿង«កម្រងផ្កាម្លិះ» និងរឿង«សមុទ្រខ្មៅ»។ ជាប់ជ័យលាភីលេខ១ ពានរង្វាន់ទទ្លេមេគង្គ ខ្មែរ រៀតណាម ឡាវ ឆ្នាំ ២០១០ រឿង«ចិត្តមួយថ្លើមមួយ»។ បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់សេនា ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងនាមជាអ្នកនិពន្ធដែលមានស្នាដៃល្អក្នុងការចូលរួមចំណែក លើកស្ទួយអក្សរសិល្ប៍ អក្សរសាស្រ្ត និងវប្បធម៌ជាតិខ្មែរ ឆ្នាំ ២០០៨ និងបានទទួលព្រះរាជប្រទានពីព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌមហាសេនា ឆ្នាំ២០១៤៕

លោកស្រី ម៉ៅ សំណាង , កូនស្រីបង្កើតអ្នកស្រី , អ្នកនិពន្ធដ៏ឆ្នើម និងក្រុមការងារគ្រឹះស្ថានសៀវភៅជីវិត (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)
កញ្ញា ម៉ៅ ចាន់រស្មី (កូនទន្សាយ) ត្រូវជាកូនស្រីតែមួយរបស់អ្នកគ្រូ ម៉ៅ សំណាង (ទន្សាយ) (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)(រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)
កញ្ញា ម៉ៅ ចាន់រស្មី (កូនទន្សាយ) ត្រូវជាកូនស្រីតែមួយរបស់អ្នកគ្រូ ម៉ៅ សំណាង (ទន្សាយ) (រូបភាពដោយ៖ លោកស្រី ម៉ៅ សំណាង)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង