![](https://cdn.cc-times.com/kh.cc-times.com/media/248/large/86489943_2761255493969245_8917734948526358528_n.jpg?1582084200)
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំដល់ប្រធានគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានទាំងអស់ ត្រូវអនុវត្តន៍ផ្នែកសេវាកម្មអនាម័យអោយបានល្អ សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺរលាកសួត COVID-19។ប្រធានគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវសហការសង្កេត និងពិនិត្យចំពោះភ្ញៀវ មុនផ្តល់សេវាកម្ម កន្លែងស្នាក់នៅសម្រាប់ភ្ញៀវ។
ក្នុងសេចក្តីណែនាំចេញដោយរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់សណ្ឋាគារ និងភោជនីយដ្ឋាន គ្រប់បន្ទប់ និងកន្លែងសេវាកម្មទាំងអស់សម្រាប់ភ្ញៀវស្នាក់នៅ ត្រូវមាន ទឹកអាកុលសម្រាប់លាងដៃ និង ម៉ាស់ទុកសម្រាប់ភ្ញៀវប្រើប្រាស់។ ចំពោះផ្នែកអ្នកអនាម័យត្រូវសម្អាតកន្លែងទទួលភ្ញៀវអោយបានស្អាតជាប្រចាំ ជាសវាងការបង្ករអោយមានជាបណ្តុំនៃមេរោគ។
បើសង្កេតឃើញថាមានអ្នកណាម្នាក់ ដែលមើលទៅមិនស្រួល ដូចជាក្អក ផ្តាសសាយ គ្រុនក្តៅ ថប់ដង្ហើម ឬសង្ស័យថាមានករណីដូចជំងឺCOVID-19 បុគ្គលិកត្រៀមការការពារខ្លួនអោយបានល្អ ដោយប្រើប្រាស់ប្រព័ន្ធការពារ បែបបច្ចេកទេសជំនាញ មានសម្លៀកបំពាក់សុវត្ថិភាព មួកប្លាស្ទិក វែនតាធំ ស្រោមដៃ ស្រោមជើង និងបរិក្ខាផ្សេងទៀត តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងប្រញាប់ផ្តល់ព័ត៌មាននេះទៅកាន់ក្រសួងសុខាភិបាលជាបន្ទាន់។
ក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា បើសិនមានភ្ញៀវទេសចរណ៍ដែលមកពីតំបន់ ឬទីក្រុងមួយចំនួននៃប្រទេសចិន ដូចជា វូហាន ស៊ីងជាំង លីឈួន និងគ័ងចូវ ព្រមទាំងតំបន់ផ្សេងៗទៀត ដែលជាតំបន់កំពុងផ្ទុកជំងឺរាតត្បាតCOVID-19 សូមប្រញាប់រាយការណ៍ទៅកាន់ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ឬតាមទូរស័ព្ទHotline 155 ដោយឥតគិតថ្លៃ៕