![](https://cdn.cc-times.com/kh.cc-times.com/media/2881/large/105331546_3069325169828941_834099598708706282_n.jpg?1593054735)
ភ្នំពេញ៖ ត្រឹមរយៈពេលបីសប្ដាហ៍ដំបូងក្នុងខែនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ ៤៥ ម៉ឺននាក់ដើរកម្សាន្តតាមរមនីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ដែលកើនឡើងប្រមាណ ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀចទេសចរជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។
លោកបានបញ្ជាក់ថា ខេត្តដែលជាតំបន់ឆ្នេរសមុទ្រ(ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។
ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។
សូមបញ្ជាក់ថា ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងស្រុក ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ រួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕
![](https://cdn.cc-times.com/kh.cc-times.com/media/2878/large/104811175_3069324393162352_5534867480497716136_o.jpg?1593054695)
![](https://cdn.cc-times.com/kh.cc-times.com/media/2879/large/104839329_3069324453162346_6589339477936562550_o.jpg?1593054701)