ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សជាង ៤០,០០០នាក់ នៅក្នុងខេត្តស៊ីឈួន របស់ប្រទេសចិន ត្រូវបានជម្លៀសចេញ ដោយសារតែទឹកជំនន់។ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាបានបង្កើតជាទឹកភ្លៀងក្នុងតំបន់ផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះក្នុងប្រទេសចិន ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់មនុស្សជាច្រើននាក់ក្នុងប្រទេសចិន។
ភ្លៀងធ្លាក់ និងទឹកជំនន់របស់ប្រទេសចិនបានកើតឡើង ខណៈដែលផ្នែកមួយចំនួនផ្សេងទៀតនៃពិភពលោកបាននឹងកំពុងជួបប្រទះនូវគ្រោះមហន្តរាយស្រដៀងគ្នានេះ ដោយបង្កើនការភ័យខ្លាចថ្មីអំពីល្បឿននៃការប្រែប្រួលអាកាសធាតុ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទឹកភ្លៀង ៣០០,៧ មីលីម៉ែត្រ បានធ្លាក់នៅទីក្រុង Yaan ក្នុងខេត្ត Sichuan ក្នុងរយៈពេលប្រហែល ១៤ ម៉ោង ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋជាច្រើនខ្នង។
ទីក្រុង Zhengzhou នៃខេត្ត Henan បានចេញការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នចំនួន ៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងតំបន់ជាច្រើនបានរាយការណ៍ពីទឹកភ្លៀងធ្លាក់ខ្លាំង។
តំបន់ Guanyun ក្នុងខេត្ត Jiangsu មានភ្លៀងធ្លាក់ ២៧៥មីលីម៉ែត្រ ពេញមួយយប់កាលពីថ្ងៃចន្ទ សារព័ត៌មាន Southern Metropolis Daily បានរាយការណ៍ថា ទីក្រុង Xiatai ក្នុងខេត្ត Guangdong មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃជាមធ្យម ៤៣៩មីលីម៉ែត្រ។
ចំណែកទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា អាជ្ញាធរឧតុនិយមបានបន្តការប្រកាសអាសន្នសម្រាប់ព្យុះភ្លៀងដល់ព្រឹកថ្ងៃព្រហស្បតិ៍សម្រាប់ខេត្តមួយចំនួនរួមមាន Shanxi, Hebei, Shandong, Jiangsu, Anhui, Sichuan, Gansu និងតំបន់ទីបេ ដោយតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់លើសពី ៧០ មីលីម៉ែត្រ ក៏ដូចជាផ្គរ រន្ទះ និងខ្យល់ព្យុះភ្លៀងផងដែរ៕