ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបង្កើតឡើង នៅថ្ងៃទី០៦ កញ្ញា ឆ្នាំ ២០១៨។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជន Elite ដ៏សំខាន់ក្នុងជួររាជរដ្ឋាភិបាល ជា«អ្នកគូសវាសជោគវាសនាកម្ពុជា» ក្នុងគ្រាពិភពលោកប្រឈមជំងឺរាលត្បាតជាសកល ការប្រជែងឥទ្ធិពលគ្នា តែនៅបន្តឈរក្នុងស្មារតីដ៏រឹងមាំដឹកនាំកម្ពុជាឈរលើ «សន្ដិភាព ស្ថេរភាពនយោបាយ និង រក្សាបាននូវកំណើនសេដ្ឋកិច្ច»។ ក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងនោះ គេឃើញមានសមិទ្ធផលសំខាន់ៗចំនួន0៣ អ្នកជំនាញចាត់ទុកថា ជោគជ័យខ្លាំង ក្នុងអាណត្តិទី៦ គឺការគ្រប់គ្រង«ជំងឺរាតត្បាតជាសកល កូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅភ្នំពេញ និង ការៀបចំព្រឹត្តិការណ៍ប្រកួតកីឡា«ស៊ីហ្គេមលើកទី៣២ និង កីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២»។សមិទ្ធផលធំៗទាំង0៣ បាននាំ«កិត្តិនាមដែនដីកម្ពុជា»ឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងអាណត្តិទី៦។
បន្ទាប់ពីឈ្នះការបោះឆ្នោតយ៉ាងភ្លោកទឹកភ្លោកដី នៅអាណត្តិទី៦ ក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៨។ ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការងាររដ្ឋ បន្តនាំយកនូវសមិទ្ធផលថ្មីជូនមាតុភូមិកម្ពុជា ឈរក្នុង«គោលនយោបាយឈ្នះៗ»រក្សាបានសន្ដិភាព ស្ថេរភាពនយោបាយ និង រក្សាបាននូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អ។
ត្រឡប់ទៅនៅខែ ធ្នូ ឆ្នាំ២០១៩ ប្រទេសនៅលើពិភពលោកទាំងមូលរួមទាំងកម្ពុជាផងប្រឈមនឹង «ជំងឺរាតត្បាតសកល»គឺកូវីដ-១៩ នាំផលលំបាកទាំងផ្នែកសេដ្ឋកិច្ច សង្គម ជាពិសេស ការការពារអាយុជីវិតប្រជាជន។ថ្ងៃទី 0៧ មីនា ឆ្នាំ២០២០ ពលរដ្ឋកម្ពុជាម្នាក់នៅខេត្តសៀមរាប ផ្តើមឆ្លងវីរុស Covid-19 ពីជនជាតិជប៉ុន នាំឱ្យប្រជាជនកម្ពុជាស្ទើរពេញប្រទេស នាំគ្នាភ័យខ្លាច ជ្រួលច្របល់ ដោយសារតែជំងឺនេះ កាចសាហាវ ឆ្លងលឿន និង ផ្តាច់ជីវិតលឿន។
ក្នុងនាមរាជរដ្ឋាភិបាល ប្រៀបដូចជាអាណាព្យាបាល និង ទទួលខុសត្រូវខ្ពស់ចំពោះជីវិតប្រជាជន បានព្យាយាមរិះរកគ្រប់មធ្យោបាយ កាត់បន្ថយ«ការឆ្លងមេរោគ»ពេញផ្ទៃប្រទេស ដោយប្រើវិធានការ ក្តៅផង ត្រជាក់ផង ក្នុងគោលបំណងរក្សា ការពារ អាយុជីវិតប្រជាជន និង សម្រួលផ្នែកសេដ្ឋកិច្ចប្រចាំថ្ងៃ។សង្គ្រាមជាមួយជំងឺ គឺពិតជាពិបាកជាងសង្គ្រាមលើសមរភូមិផ្ទាល់មើលឃើញជាក់ស្តែង។
សម្តេច ហ៊ុន សែន ជា«ជន Elite»អ្នកដឹកនាំគូសវាសយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធជាមួយសត្រូវគ្មានស្រមោលគឺកូវីដ-១៩ ប្រកាសដាក់ចេញនូវវិធានការនានារួមទាំងស្វែងរក«វ៉ាក់សាំង»ការពារកូវីដ-១៩ចាក់ជូនប្រជាជនកម្ពុជាផងដែរ។ពិភពលោកកាលណោះ វ៉ាក់សាំងជំងឺកូវីដ គឺជារឿងអាទិភាពបំផុតសម្រាប់សង្គ្រោះអាយុជីវិតប្រជាជន។
សម្តេច ហ៊ុន សែន ប្រើប្រាស់គ្រប់មធ្យោបាយស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន។ ថ្ងៃទី 0៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាផ្តើមទទួលបាន«វ៉ាក់សាំងជំងឺកូវីដ»ជាលើកដំបូងចាក់ជូនប្រជាជន។ នៅថ្ងៃទី 0១ ខែកក្កដា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ប្រកាសបើកចំហកម្ពុជាយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
យុទ្ធនាការចាក់វ៉ាក់សំាង ជូនប្រជាជនរៀបចំឡើងតាមយុទ្ធសាស្ត្រ«ផ្ការីក»តាមការបញ្ជារបស់សម្តេច ហ៊ុន សែន។បច្ចុប្បន្នប្រជាជនកម្ពុជា១០០ភាគរយមកទទួលវ៉ាក់សាំង និង ក្លាយជាប្រទេសដំបូងគេអាចគ្រប់គ្រងកូវីដ-១៩ បានល្អលើពិភពលោក និង ប្រកាសបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ។
ជោគជ័យលើសមរភូមិជំងឺរាតត្បាតកូវីដ-១៩ ផ្តល់ឱកាសឱ្យកម្ពុជាតុបតែងផ្ទះរៀបចំ«កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ទី៤១»នៅខែវិច្ឆិកា ឆ្នាំ២០២២។កម្ពុជាបានបើកទ្វារផ្ទះស្វាគមន៍មេដឹកនាំប្រទេសប្រមាណ ៣៤ ជាសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ាន និង ប្រធានស្ថាប័នអន្តរជាតិជាច្រើនមកប្រជុំនៅកម្ពុជាដោយមិនបារម្ភពីការឆ្លងកូវីដ។ជាកិច្ចប្រជុំដែលអនុញ្ញាត្តិឱ្យមេដឹកនាំមហាអំណាចៗធំលើសកលលោកស្កាត់ជួបគ្នាជាលើកដំបូង។ក្នុងនោះក៏មានវត្តមានប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និង អតីតនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ផងដែរ។
ខែវិច្ឆិកា នៅកម្ពុជាជាខែ«កត្តិក»ត្រជាក់ ប៉ុន្តែកិច្ចប្រជុំអាស៊ាននៅកម្ពុជា ចំពេលពិភពលោកមានប្រធានបទក្តៅៗជាច្រើនដូចជា៖ សង្គ្រាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ការប្រជែកឥទ្ធិពលអាម៉េរិក-ចិន នៅឥណ្ឌូប៉ាស៊ីហ្វីក ជម្លោះសមុទ្រចិនខាងត្បូងជាដើម។សុទ្ធតែជាដុំភ្លើងក្តៅសម្រាប់កម្ពុជាជាម្ចាស់ផ្ទះ។
តែយ៉ាងណាក្តី កិច្ចប្រជុំ0៤ថ្ងៃ ពីថ្ងៃទី ១០ដល់ទី១៣ វិច្ឆិកា ឆ្នាំ២០២២ បិទបញ្ចប់ និង ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ មិនមានគូរជម្លោះណាមួយដើរចេញ ឬតឹងសរសៃកដាក់គ្នានោះទេ។ សម្តេចហ៊ុន សែន ជាប្រធានអាស៊ានបានឈរលើស្មារតីសាមគ្គីភាពក្នុងតំបន់ ហើយថែមទាំងបង្កើតជាប្រវត្តិសាស្ត្រថ្មីសម្រាប់អាស៊ាន គឺការបន្ថែមដៃគូអាស៊ានចូលថ្មីរហូតដល់0៦ប្រទេសក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងអន្ទងចិត្តសមាជិកអាស៊ានទទួលយក«ទីម័រខាងកើត»ជាសមាជិកអង្កេតអាស៊ាន ដើម្បីឈានចូលសមាជិកពេញសិទ្ធិ និងបានចេញនូវសេចក្តីថ្លែងការណ៍រួមជាច្រើនថែមទៀតផង។
លទ្ធផលដ៏ល្អនេះ ជំរុញឱ្យ«កិត្តិនាមកម្ពុជា»កាន់តែមានភាពល្បីរន្ទឺមួយកម្រិតទៀតនៅលើឆាកអន្តរជាតិ បន្ទាប់ពីទទួលជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ។ ក្នុងមុខថ្នាក់ដឹកនាំលោកភពលោកធំៗរៀបចំខោអាវចេញពីកម្ពុជា សម្តេច ហ៊ុន សែន សំពះលើកដៃលា ហើយអញ្ជើញមេដឹកនាំទាំងអស់នោះមកចូលរួមពិធី ព្រឹត្តិការណ៍«ស៊ីហ្គេមលើកទី៣២ និង កីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២ »នៅឆ្នាំ២០២៣។
ក្រោយរង់ចាំ ៦៤ឆ្នាំ «ស៊ីហ្គេមលើកទី៣២»បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ និង ពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី ១២ នៅថ្ងៃទី0៣ ខែមិថុនា ឆ្នាំដដែល។រាជរដ្ឋាភិបាល ធានារ៉ាប់រងចំណាយថវិកាជាង១០០លានដុល្លារ រៀបចំព្រឹត្តិការណ៍នេះ។តាមពិតទៅកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍នេះណាស់ តែដោយសារសង្គ្រាមស៊ីវិលផ្ទៃក្នុង បង្ខំចិត្តបង្វែរលុយទៅអភិវឌ្ឍជាតិទើបងើបពីសង្គ្រាម។
កម្ពុជាធ្លាប់គេមើលងាយ និង ស្គាល់តាមរយៈសង្គ្រាម ផ្តើមរីកមុខមាត់ឡើងវិញតាមរយៈរៀបចំកម្មវិធី បើកនិងបិទ ព្រឹត្តិការណ៍ស៊ីហ្គេម និង ប៉ារ៉ាហ្គេម។ផ្ទាំងទស្សនីយភាពដ៏កម្រជាច្រើនស្តីពី កំណើតនគរខ្មែរ និង ដំណើរការអភិវឌ្ឍនៅកម្ពុជា បានឆក់យកបេះដូងប្រជាពលរដ្ឋកម្ពុជា ភាគច្រើនយុវជន ហើយទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។
ចំនួន«មេដាយ»កម្ពុជាមិនដែលបានច្រើនសោះ បែរជាឈ្នះមេដាយច្រើនសរុបជាង ២០០ មេដាយ ហើយឈរនៅលំដាប់ថ្នាក់លេខ 0៤ បន្ទាប់ពីវៀតណាម ថៃ និង ឥណ្ឌូនេស៊ី ជាលទ្ធផលដ៏ល្អ មិនធ្លាប់មានចាប់តាំងពីជាង៦០ឆ្នាំមក។ចំណែកការប្រកួតអាស៊ានប៉ារ៉ាហ្គេម កម្ពុជាដណ្ដើមបានមេដាយ៧០គ្រឿងផងដែរ។
មេដាយជារឿងមួយ តែអ្វីជោគជ័យខ្លាំង គឺពលរដ្ឋកម្ពុជា និងបណ្តាប្រទេសជាមិត្ត បង្ហាញពីការសប្បាយរីករាយជាមួយព្រឹត្តិការណ៍នេះ នាំគ្នាច្រៀងរាំបន្ទាប់ពីចប់ការប្រកួតដោយគ្មាន ការរើសអើង បង្ហាញនូវសាមគ្គីភាព និង សេចក្តីស្រឡាញ់លើសពីការប្រកួតចាញ់ស្របតាមពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»។
ព្រឹត្តិការណ៍«ស៊ីហ្គេម និង ប៉ារ៉ាហ្គេម»ទាញការចាប់អារម្មណ៍ជាខ្លាំងពីពិភពលោក ហើយស្ថាប័នព័ត៌មានធំៗលើពិភពលោកជាង ២០ស្ថាប័នមានជាអាទិ៍ អាម៉េរិក ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និង ព័ត៌មានជាច្រើនក្នុងតំបន់អាស៊ាននាំគ្នាចុះផ្សាយពីកម្ពុជា។
ជារួមសមិទ្ធផលធំៗក្នុងអាណត្តិទី៦នេះ នឹងត្រូវបានចងក្រងទុកក្នុង«ប្រវត្តិសាស្ត្រ»សម្រាប់មនុស្សជំនាន់ក្រោយ និង ជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូលដោយមិនបែងចែកបក្ស ឬក្រុមណាមួយនោះទេ ពោលគឺជាកិត្តិយសជាតិយើងទាំងអស់គ្នា។កម្ពុជាក្រោយសម័យសង្គ្រាមរាំរៃអស់ជាច្រើនឆ្នាំ ផ្តើមស្គាល់នូវ«សុខសន្តិភាព»ចាប់ពីឆ្នាំពី១៩៩៨ មកដល់បច្ចុប្បន្ន។អាណត្តិទី៧ ឆ្នាំ២០២៣ ជាពេលវេលាថ្មី ដើម្បីបន្តដំណើរដោយប្រុងប្រយ័ត្ន សាមគ្គីរួបរួមគ្នាការពារសមិទ្ធផលកំពុងមានបច្ចុប្បន្ន និង បង្កើត«ស្នាដៃ»ថ្មីៗ ជូនជាតិមាតុភូមិ ជាពិសេសយុវជនជំនាន់ក្រោយ៕