ភ្នំពេញ៖ លោក ឧត្តម ទិត្យា បានរៀនជំនាញនៅក្នុងការចិញ្ចឹមក្តាមថ្មដោយប្រើប្រព័ន្ធបច្ចេកវិទ្យាតាំងពីនៅសម័យកូវីដកាលពីឆ្នាំ២០២០ រហូតដល់ ២០២៣ ទើបបើកដំណើរការកសិដ្ឋានក្តាមថ្មភ្នំពេញដោយយកក្តាមពីអ្នកនេសាទក្នុងស្រុកមកបំប៉នគុណភាពមុននឹងដាក់ដំណើរការក្នុងការលក់ឱ្យអតិថិជនគ្រប់ប្រភេទ។
លោក ទិត្យា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា ជំនាញ បច្ចេកទេសវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ តាំងពីឆ្នាំ២០១៥ ហើយបានធ្វើការនៅស្ថាប័នផ្សេងៗដែលទាក់ទងនឹងជំនាញរបស់ខ្លួនរយៈពេលប្រមាណ៧ឆ្នាំទម្រាំសម្រេចចិត្តចាប់ផ្តើមបើកអាជីវកម្មក្តាមថ្មនៅទីក្រុងភ្នំពេញ។
បើតាមលោក ទិត្យា បានឱ្យដឹងថា លោកបានស្គាល់និងលឺពីការចិញ្ចឹមក្តាមថ្មតាមបែបបច្ចេកវិទ្យានេះដំបូងឡើយកាលពីឆ្នាំ២០២០ ដែលជាកំឡុងពេលបិទខ្ទប់។ នៅពេលដែលបានដឹងពីវា ធ្វើឱ្យលោកការចង់ដឹងចង់រៀនពីបច្ចេកទេសមួយនេះ លោកក៏បានចុះឈ្មោះរៀនអនឡាញពីបច្ចេកទេសមួយនេះនៅឆ្នាំ២០២១ ជាមួយនឹងអ្នករៀនផ្សេងទៀតដែលមានទាំងខ្មែរ និងជនជាតិបរទេសផ្សេងទៀតរៀនជាមួយគ្នាតាមអនឡាញ។
លោកបានបន្តទៀតថា ការរៀនអនឡាញពីបច្ចេកទេសក្នុងការចិញ្ចឹមក្តាមថ្ម ពិតជាពិបាកសម្រាប់លោកខ្លាំងមែនទែន ដោយសារតែត្រូវរៀនអនុវត្តដោយខ្លួនឯង មិនមានការអនុវត្តចុះទីតាំងផ្ទាល់ជាក់ស្តែងជាមួយនឹងគ្រូ ក៏ប៉ុន្តែ លោកនៅតែមិនបោះបង់ ហើយបានបន្តរៀនដោយយកចិត្តទុកដាក់រហូតអនុវត្តខ្លួនឯងអស់រយៈពេលជាងពីរឆ្នាំ ទើបសម្រេចចិត្តបើកដំណើរការកសិដ្ឋានក្តាមថ្មភ្នំពេញឡើងនៅរយៈពេលប្រហែល ៣ ខែមុនក្នុងឆ្នាំ២០២៣ នេះ។
នៅពេលដែលលោកចាប់ផ្តើមចិញ្ចឹមក្តាមថ្មនេះឡើងភ្លាម លោកទទួលបានអតិថិជនជាច្រើនមិនថាអតិថិជនបែបជាជាវទៅបរិភោគជាគ្រួសារ អតិថិជនបែបយកលក់បន្ត យកទៅចម្អិនក្នុងភោជនីយដ្ឋានផ្សេង ដែលជាហេតុធ្វើឱ្យលោកកាន់តែមានកម្លាំងចិត្តក្នុងការបន្តធ្វើអាជីវកម្មមួយនេះបន្តទៀតជាមួយនឹងក្រុមគ្រួសាររបស់លោក។
លោក ទិត្យា បានរៀបរាប់បន្តទៀតថា ការចិញ្ចឹមក្តាមថ្មនេះ គឺខុសពីការចិញ្ចឹមដទៃទៀតដែលប្រជាជនធ្លាប់បានលឺកន្លងមក ព្រោះលោកមិនមែនចិញ្ចឹមក្តាមនេះតាំងពីតូចនោះទេ គឺលោកយកក្តាមដែលធំស្រាប់តែមិនសូវមានសាច់ច្រើន ដែលអ្នកនេសាទពិបាកនៅក្នុងការលក់បានថ្លៃ យកមកបំប៉នបន្ថែម ដើម្បីមានសាច់ ដែលអាចលក់ចេញសម្រាប់អតិថិជនអាចបរិភោគបានដោយមិនមានប្រើជាតិគីមីអ្វីនោះឡើយ។
បើតាមលោក ទិត្យា បានឱ្យដឹងថា លោកផ្តល់ជាត្រីស្រែដែលលោកទិញពីផ្សារជាចំណីសម្រាប់ក្តាមថ្ម ដើម្បីអាចបំប៉នរហូតមានសាច់ត្រឹមរយៈពេលប្រហែល ២ ទៅ ៦ សប្តាហ៍ និងមានប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រើប្រាស់ទឹក និងអគ្គិសនី ការចម្រាញ់ទឹកផ្សេងៗជាច្រើនដែលធ្វើឱ្យក្តាមមានអារម្មណ៍ថាអាចបន្ស៊ាំខ្លួនបានជាមួយនឹងទឹកនៅទីនេះដូចនឹងទឹកសមុទ្រដែលវាធ្លាប់នៅដែលអាចអោយវារស់បានយូរ។
លោក ទិត្យា បានសម្តែងជាអារម្មណ៍ចំពោះការចិញ្ចឹមក្តាមថ្មនេះថា លោកពិតជាមិននឹកស្មានដល់ថា ត្រឹមរយៈពេលខ្លីធ្វើឱ្យលោកបានដឹងពីទីផ្សារ និងតម្រូវការអតិថិជនបានច្រើន ដែលអាចធ្វើឱ្យលោកពង្រឹងទាំងការផ្គត់ផ្គង់ និងបណ្តុះបណ្តាលប្រជាជនផ្សេងទៀតដែលមានបំណងក្នុងការបើកអាជីវកម្មមួយនេះ។ បច្ចុប្បន្នលោកកំពុងតែបណ្តុះបណ្តាលជាក្រុម ដើម្បីអាចសហការគ្នានៅពេលខាងមុខអាចនាំចេញទៅក្រៅប្រទេសផងដែរ ព្រោះមានប្រទេសក្រៅមួយចំនួនបានទាក់ទងចង់វិនិយោគលើអាជីវកម្មនេះជាមួយនឹងក្រុមលោកផងដែរ។
គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសនៃអាជីវកម្មក្តាមនេះ គឺពិតជាមានច្រើនដោយសារតែ ការចិញ្ចឹមនេះផ្តោតលើគុណភាពសម្រាប់ប្រជាជនដោយមិនមានការប៉ះពាល់សុខភាព រួមទាំងជួយដល់អ្នកនេសាទក្នុងស្រុកដែលមានបញ្ហាជាមួយនឹងក្តាមដែលមិនសូវមានសាច់ ដែលជារឿងមួយដែលអាចជួយសម្រាលគ្នាទៅវិញទៅមកក្នុងការប្រកបអាជីវកម្ម រួមទាំងអាចបំពេញតម្រូវការអ្នកភ្នំពេញបានរហ័សព្រោះអាចយកពីកសិដ្ឋានទៅនៅរស់នៅឡើយទៅបរិភោគតែម្តង៕