រុស្សី៖ រុស្ស៊ីបានអះអាងនាថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារតំបន់របស់អ៊ុយក្រែនកាន់កាប់ជាច្រើន ហើយរុស្សីក៏បានកម្ទេចសព្វាវុធទំនើបៗរបស់អ៊ុយក្រែនដែលជាជំនួយរបស់លោកខាងលិចផងដែរ គិតត្រឹម២៤ម៉ោងនេះរុស្សីកំពុងតែសម្រុកវាយលុកចូលអ៊ុយក្រែនយ៉ាងខ្លាំងខ្លា។
នៅក្នុងការសង្ខេបប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារជាច្រើនលើកទៅលើកងទ័ពអ៊ុយក្រែននៅក្នុងទិសដៅតំបន់ Donetsk, (ដូណាស់) Krasny Liman (ក្រាស់នីលៃម៉ាន់) ដោយរិស្សីបានបំផ្លាញរថយន្តប្រយុទ្ធរបស់កងទ័ពថ្មើរជើងអ៊ុយក្រែនមួយចំនួន កាំភ្លើងធំស្វ័យប្រវត្តិ ឃ្លាំងរំសេវ និងបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿង។
បន្ថែមពីនេះយន្តហោះចម្បាំងនៃកងកំលាំងកណ្តាលរបស់រុស្ស៊ីបានវាយប្រហារទីបញ្ជាការ និងកន្លែងដាក់ពង្រាយកងកម្លាំងបណ្តោះអាសន្នរបស់កងទ័ពអ៊ុយក្រែនក្នុងទិសដៅតំបន់ពិសេសៗរបស់អ៊ុយក្រែនជាច្រើន។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានបន្តប្រមូលផ្តុំកងកម្លាំងសំខាន់ៗរបស់ពួកគេនៅក្នុងទិសដៅ Krasny Liman, (ក្រាស់នីលៃម៉ាន់) Bakhmut (បាក់មុត) និង Malinka (ម៉ាលីនការ) ជាមួយនឹងការប្រយុទ្ធជាច្រើនបានកើតឡើងនៅតំបន់ជួរមុខក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Hanna Maliar បាននិយាយនៅថ្ងៃដដែលនោះថា ប្រតិបត្តិការវាយលុករបស់កងកម្លាំងអ៊ុយក្រែននៅតែបន្តក្នុងទិសដៅ Bakhmut (បាក់មុត) ប៉ុន្តែមកដល់ថ្ងៃនេះ ពួកគេមិនទាន់បានចូលដល់ទីក្រុង Bakhmut (បាក់មុត) នៅឡើយទេ។
កាលពីថ្ងៃអង្គារ សហរដ្ឋអាម៉េរិកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥០០ លានដុល្លារអាម៉េរិក។ យោងតាមសេចក្តីថ្លែងការណ៍ ជំនួយរបស់សហរដ្ឋអាម៉េរិកនឹងរួមបញ្ចូលសព្វាវុធទំនើបៗសម្រាប់ប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើន អាវុធប្រឆាំងរថក្រោះ មីស៊ីលប្រឆាំងវិទ្យុសកម្ម និងអាវុធខ្លាំងជាច្រើនទៀត ដោយកញ្ចប់ជំនួយនេះគឺជាកញ្ចប់យោធាលើកទី៤១សម្រាប់ប្រទេសអ៊ុយក្រែនដែលអនុញ្ញាតដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកចាប់តាំងពីខែសីហា ឆ្នាំ២០២១៕